ចិននឹងប្រមូលទិញផ្លែស្វាយពីកម្ពុជាកន្លះលានតោនជារៀងរាល់ឆ្នាំ ប្រសិនបើកិច្ចព្រមព្រៀងជោគជ័យ
ភ្នំពេញ៖ ចិន នឹងប្រមូលទិញផ្លែស្វាយពីកម្ពុជា កន្លះលានតោនជារៀងរាល់ឆ្នាំទៅកាន់ទីផ្សាររបស់ខ្លួន បើកកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការនាំចេញផ្លែស្វាយពីកម្ពុជា ទៅកាន់ប្រទេសចិន ចេញជាផ្លែផ្កានៅឆ្នាំក្រោយ។
ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នៅដើមឆ្នាំ២០២០ខាងមុខនេះ ប្រទេសកម្ពុជា និងប្រទេសចិន នឹងចុះកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការនាំចេញផ្លែស្វាយពីកម្ពុជា ទៅកាន់ប្រទេសចិន ខណៈដែលផ្លែស្វាយកម្ពុជា ប្រមាណជាងកន្លះលានតោន អាចនាំចេញទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់ពីស្ថានទូតចិនប្រចាំនៅកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ក្នុង Facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «ប្រសិនដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំក្រោយខាងមុខនេះ ប្រទេសចិន និងកម្ពុជា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន។ តាមអ្វីដែលបានដឹង ប្រទេសកម្ពុជា មានសក្តានុពលក្នុងការនាំចេញផ្លែស្វាយជាង៥០ម៉ឺនតោន ទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខនឹងបើកចំហទីផ្សារ ជូនដល់ផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាកាន់តែច្រើន»។
ក្រៅផ្លែស្វាយ កម្ពុជាក៏បានស្នើឲ្យភាគីចិនពន្លឿនការអនុញ្ញាតឲ្យនាំចេញផលិតផលកសិកម្មមួយចំនួនទៀត ដូចជា ផ្លែមៀន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ឲ្យបានឆាប់រហ័ស។
ហើយបើមើលពីរបាយការណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា នៅរយៈពេលជាង៩ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញផ្លែស្វាយជាង៤ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសវៀតណាម បារាំង អាល្លឺមង់ ឆេក អង់គ្លេស ជប៉ុន សិង្ហបុរី អារ៉ាប់ប៊ីសាអូឌីត ឥណ្ឌា តៃវ៉ាន់ ប៊ែលហ្សិក ថៃ អូស្ត្រាលី ស្វីស កាណាដា និងកាស្សាក់ស្ថាន។
គួរបញ្ជាក់ថា បើផ្អែកតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ទំហំពាណិជ្ជកម្ម សរុបកម្ពុជា-ចិន ក្នុងឆ្នាំ២០១៨ បានកើនឡើងដល់ ៦,៤៥៧ លានដុល្លារអាមេរិក ដែលការនាំចេញពីប្រទេសកម្ពុជា ទៅប្រទេសចិនមានទំហំ ទឹកប្រាក់ចំនួន ៨៧៤ លានដុល្លារអាមេរិក មានការកើនឡើង ១៥% ធៀបនឹងឆ្នាំ២០១៧ ចំណែកការនាំចូលពីចិន មកកម្ពុជាមានទំហំទឹកប្រាក់ចំនួន ៥,៥៨៣ លានដុល្លារអាមេរិក មានការកើនឡើង ១៦% ធៀបនឹងឆ្នាំ២០១៧៕
ដោយ៖ ស្រីពេជ្រ