​២០៣០​ កម្ពុជា​រំពឹង​ទទួល​ភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់ ជាមួយចំណូល​ប្រមាណ​១០ប៊ីលានដុល្លារ​



លោក ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ បាន​លើក​ឡើង​ថា​នៅ​ឆ្នាំ​២០៣០ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​១៥លាន​នាក់ ដែល​នឹង​ផ្ដល់​ចំណូល​ជូន​ជាតិ​ប្រមាណ ១០ប៊ីលានដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​២លាន​នាក់។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍​មាន​សុវត្ថិភាព» កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍។

នា​ឱកាស​នោះ​លោក​អនុរដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា «នៅឆ្នាំ២០១៨កន្លងទៅ យើង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​ប្រមាណ ១១% ជា​មួយ​នឹង​ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង ៦.២លាននាក់​ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ ៤.៣៥៦លានដុល្លារអាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ។ នៅ​ឆ្នាំ​២០១៩ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ៦.៧លាននាក់​ ជាក់​ស្ដែង​ក្នុង​រយៈពេល​០៨ខែ​ដើម​ឆ្នាំនេះ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​បាន ៤.៣៦០.៣៩៧នាក់ កើន១០,៤% ។

ហើយ​នៅ​ឆ្នាំ​២០២០​នឹង​ទទួល​បាន​ប្រមាណ​ជាង​៧លាននាក់ ដោយ​នាំ​មក​នូវ​ចំណូល​ប្រមាណ​៥ប៊ីលានដុល្លារអាមេរិក បង្កើត​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​១លាននាក់ និង​នៅ​ឆ្នាំ​២០៣០ អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ១៥លាននាក់ នាំ​មក​នូវ​ចំណូល​ប្រមាណ​ ១០ប៊ីលានដុល្លាអាមេរិក បង្កើត​ឱកាស​ការងារ​ប្រមាណ​ជិត ២លាននាក់»។ 

លោក​អនុរដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដូច​ថ្លែង​ខាង​លើ ជា​យុទ្ធសាស្ត្រ​គឺ​ត្រូវ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ ប្រកប​ដោយ​ភាព​ទាក់ទាញ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ភ្ញៀវ​ទេសចរ​ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ប្រកប​ដោយ​ភាព​វ័យ​ឆ្លាត ស្អាត បៃតង និង​រក្សា​សុខ​សុវត្ថិភាព​ទេសចរ​ឲ្យ​បាន​ល្អ​ប្រសើរ។ ការ​សម្រួល​ការ​ធ្វើ​ដំណើរ​ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជំរុញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កម្ពុជា​បាន​ច្រើន​ និង​ជា​ការ​កាត់បន្ថយ​របាំង​នៃ​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s