សម្ដីចំនួន១០ឃ្លា របស់អ្នកនិពន្ធសៀវភៅល្បីឈ្មោះ លោក Stephen Covey ដែលអ្នកអាចយកទៅដឹកនាំជីវិត
បើអ្នកធ្លាប់បានអានសៀវភៅ The 7 Habits of Highly Effective People នោះអ្នកនឹងស្គាល់ថាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះនេះគឺជាលោក Stephen Covey។ គាត់កើតនៅឆ្នាំ១៩៣២និងទទួលអនិច្ចកម្មនៅឆ្នាំ២០១២។ គាត់គឺជាអ្នកនិពន្ធជនជាតិអាមេរិក ជាវាគ្មិនដ៏សំខាន់មួយរូប ជាអ្នកជំនួញ និងជាគ្រូបង្រៀន។ ក្នុងឆ្នាំ១៩៩៦ គាត់ត្រូវបានទស្សនាវដ្ដីTime ដាក់គាត់ចូលក្នុងបញ្ជីជាបុគ្គល២៥នាក់ដែលមានឥទ្ធិពលបំផុត។ ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីរបស់គាត់ចំនួន១០ឃ្លា ដែលអ្នកអាចយកទៅដឹកនាំជីវិត៖
១) «នៅពេលអ្នកលើកចុងម្ខាងនៃគល់ឈើ អ្នកក៏បានលើកចុងម្ខាងទៀតរបស់វាដែរ។»
២) «អ្នកអាចទិញដៃរបស់មនុស្សម្នាក់បាន តែអ្នកមិនអាចទិញបេះដូងរបស់ម្នាក់ហ្នឹងបាននោះទេ។»
៣) «កុំឈ្លោះប្រកែកអំពីចំណុចខ្សោយរបស់អ្នកដទៃ។ កុំឈ្លោះប្រកែកដើម្បីខ្លួនឯង។ នៅពេលអ្នកធ្វើខុស សារភាពវា កែតម្រូវវា រួចហើយរៀនពីវាក្នុងពេលភ្លាមៗនោះ។»
៤) «ភាពអស្ចារ្យដ៏ចម្បងបំផុតគឺនៅខាងក្នុង គឺជាអត្តចរិត។»
៥) «បុគ្គលដែលដាក់ខ្លួន ផ្ដល់ភាពសំខាន់ទៅលើអ្វីដែលត្រូវជាជាងខ្លួនឯងត្រឹមត្រូវ។»
៦) «ឫសគល់នៃបញ្ហាដែលយើងប្រឈមមុខនៅក្នុងពិភពលោក ជីវិតក្នុងសង្គមជាតិរបស់យើង ក្រុមគ្រួសាររបស់យើង និងបញ្ហាផ្ទាល់ខ្លួន គឺជាវិញ្ញាណ។»
៧) «នៅក្នុងទំនាក់ទំនង រឿងតិចតួចគឺជារឿងធំដុំ។»
៨) «រឿងដ៏អស្ចារ្យបំផុតដែលអ្នកអាចធ្វើដើម្បីកូនៗរបស់អ្នកគឺស្រឡាញ់គូជីវិតរបស់អ្នក។»
៩) «ស្ដាប់ជាមួយនឹងគោលបំណងក្នុងការយល់ មិនមែនការឆ្លើយតបនោះទេ។»
១០) «ការបរាជ័យគឺជារឿងដែលមិនអាចចៀសបាន តែការឈឺចាប់វេទនាគឺជាជម្រើស។»
ដោយ៖ ស្រីពៅ