ភ្នំពេញ​នឹង​មាន​ចំណត​ក្រោម​ដី​ទំនើប​ដូច​បណ្ដា​ប្រទេស​ជឿន​លឿន​



ដោយ​សង្កេត​ឃើញ​ពី​ភាព​គ្មាន​សណ្ដាប់​ធ្នាប់​នៃ​រថយន្ត​ធុន​តូច​ធំ​មួយ​ចំនួន ដែល​ជា​រឿយ​បាន​ចត​ពាស​វាល​ពាស​កាល​លើ​ចិញ្ចើម​ថ្នល់ និងលើ​ផ្លូវ​សម្រាប់​សាធារណជន​ដើរ​ឆ្លង​កាត់​ ឬ​លើ​ផ្លូវ​ថ្នល់​សម្រាប់​រថយន្ត​បើកបរ បាន​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​ជា​ញឹកញយ។ ជា​ដំណោះ​ស្រាយ​ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​សម្រេច​ឲ្យមាន​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​លើ​ការ​សាងសង់​ចំណត​រថយន្ត​ក្រោម​ដី ដែល​ចាប់​ពី​៤ឬ៥ជាន់​ចុះ​ទៅ​ក្រោម។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​សម្តេច ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ ជូន​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ​ជាង ៤ពាន់នាក់ នៅ​ព្រឹក​ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

សម្ដេច​បាន​លើក​ឡើង​អំពី​ទីតាំង​ដែល​អាច​ឲ្យ​ដំណើរ​ការ​សាងសង់​មាន​ដូច​ជា នៅ​ពី​ក្រោម​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ រួម​ទាំង​សួនច្បារ​សម្តេច ហ៊ុន សែន ផង​ដែរ។ ដោយ​ឡែក​ចំពោះ​ទីតាំង​ចំណត​ក្រោម​ដី គឺ​មិន​ត្រូវ​ប៉ះពាល់​នៅ​ទីតាំង​ព្រះបរមរាជវាំង​ឡើយ។ មួយ​វិញ​ទៀត​សម្ដេច​បាន​បញ្ជាក់​ថា ចំពោះ​ការ​សាងសង់​ គឺ​ត្រូវ​ធ្វើ​ប្រកប​ដោយ​គុណភាព និង​បច្ចេកទេស​ខ្ពស់ ជា​មួយ​នឹង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​លើ​សុវត្ថិភាព​ជា​ចម្បង។ 

ចំពោះ​ចំណតរថយន្ត​ក្រោម​ដី​នេះ​ មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​សណ្តាប់ធ្នាប់​ចរាចរណ៍​ ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ចំណត​នេះ​នឹង​ជួយ​លើក​សោភ័ណភាព​ក្រុង​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​មួយ​កម្រិត​ថែម​ទៀត៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s