ហេតុអ្វី Jack Ma ថា ការអប់រំដែលបង្រៀនសព្វថ្ងៃមិនអាចឲ្យក្មេងៗជំនាន់ក្រោយរស់បាន?
មហាសេដ្ឋី Jack Ma ដែលបានតស៊ូហែលឆ្លងកាត់ក្រលំបាកក្នុងការងារជាគ្រូបង្រៀនអស់រយៈពេលជាច្រើនឆ្នាំកាលពីនៅកំលោះ ហើយត្រូវបានគេបដិសេធការងាររហូតដល់ទៅ ៣០ កន្លងមុនលើកចាប់ផ្តើមបើកក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ១៩៩៩ បាននិយាយថា លោកបានជួបមនុស្សមានសមត្ថភាពពូកែជាច្រើនដែលត្រូវបានកន្លែងការងារ បដិសេធដោយសារតែពួកគេមិនទទួលបានភាពជោគជ័យក្នុងសាលារៀន។
នៅក្នុងវេទិកាពិភពលោករបស់ទស្សនាវដ្តី Forbes Global CEO Conference ដែលធ្វើឡើងនៅប្រទេសសឹង្ហបុរី មហាសេដ្ឋីចិនខាងលើបានថ្លែងដូច្នេះថា៖«ខ្ញុំសង្កេតឃើញថា មានសហគ្រិនជាច្រើនដែលដូចខ្ញុំ»។ លោកចង់សំដៅដល់សហការី ២រូបរបស់លោកដែលជាស្ថាបនិកបង្កើត Alipay និង Taobao ដែលអ្នកទាំងពីរនោះសុទ្ធតែបរាជ័យរៀនថ្នាក់អនុបណ្ឌិតដោយសារតែប្រឡងមុខវិជ្ជាគណិតវិទ្យាមិនជាប់។
គោលបំណងសំខាន់មួយដែលលោកបានលើកឡើងខាងលើនេះគឺលោកចង់បញ្ជាក់ថា មុខវិជ្ជាសិក្សានៅថ្នាក់មហាវិទ្យាល័យនៅជុំវិញពិភពលោកបច្ចុប្បន្ននេះចាប់ផ្តើមឃ្លាតឆ្ងាយបន្តិចម្តងៗ លែងសូវមានប្រយោជន៍សម្រាប់អាជីពការងារជាក់ស្តែងរបស់មនុស្សម្នាក់ៗនៅយុគសម័យបច្ចេកវិទ្យាឌីជីថលនេះ។
«នៅក្នុងយុគសម័យឧស្សាហកម្មនេះ អ្នកត្រូវចងចាំឲ្យរហ័ស ចាំឲ្យកាន់តែច្រើន ត្រូវរៀនគណនាឲ្យលឿនជាងមុន។ ទាំងអស់នេះ ម៉ាស៊ីនវាអាចធ្វើបានល្អជាងអ្នកឆ្ងាយណាស់។ នេះជាអ្វីដែលខ្ញុំព្រួយបារម្មណ៍ថា នៅ ២០ ទៅ ៣០ឆ្នាំខាងមុខ កូនចៅរបស់យើងនឹងមិនអាចរស់បានដោយពឹងលើការអប់រំដែលយើងកំពុងបង្រៀនសព្វថ្ងៃនេះបានទេ»។ Jack Ma បានបញ្ជាក់បន្ថែម។
មហាសេដ្ឋីវ័យ ៥៥ ឆ្នាំដែលបានចូលនិវត្តន៍ជាប្រធានក្រុមហ៊ុន Alibaba កាលពីខែមុនរូបនេះបានថ្លែងពីជំហររបស់លោកថា ឥឡូវនេះលោកមានផែនការធ្វើការងារសប្បុរសធម៌នៅក្នុងវិស័យអប់រំដើម្បីរៀបចំមនុស្សជំនាន់ក្រោយឲ្យកាន់តែប្រសើរឡើងតាមរយៈការលើកទឹកចិត្តពួកគេឲ្យមានគំនិតឯករាជ្យ។
លោកផ្តល់ដំបូន្មានដូច្នេះថា៖«យើងត្រូវបង្រៀនកូនៗរបស់យើងពីរបៀបច្នៃប្រឌិត មានគំនិតអភិវឌ្ឍ និងការបង្កើតថ្មី ហេតុដូច្នេះទើបពួកគេអាចរស់បាននៅក្នុងយុគសម័យបច្ចេកវិទ្យា AI នេះ។ ខ្ញុំចង់ធ្វើវាឲ្យបានច្រើនបន្ថែមទៀតលើរឿងនេះ»៕
ប្រភព៖ CNBC