ហេតុផល ៤ យ៉ាងបញ្ជាក់ថាស្រលាញ់ Comfort Zone អ្នកនឹងបំផ្លាញភាពជោគជ័យខ្លួនឯង
មនុស្សគ្រប់គ្នាតែងមានតំបន់សុវត្ថិភាព Comfort Zone របស់ខ្លួនរៀងៗខ្លួន ដែលវាអាចជាកន្លែងដែលឪពុកម្តាយអ្នកផ្តល់ឲ្យ ឬជាកន្លែងដែលអ្នកគិតថាខ្លួនឯងអាចរស់នៅបន្សាំខ្លួនបានដើម្បីបន្តជីវិតទៅមុខ។
តែជាក់ស្តែង តំបន់សុវត្ថិភាព ឬ Comfort Zone នេះជាសត្រូវរារាំងអ្នកពីភាពជោគជ័យទៅវិញទេ។ មនុស្សដែលពួនសំងំលាក់ខ្លួនក្នុងតំបន់សុវត្ថិភាព ឬ Comfort Zone ជាមនុស្សដែលមិនហ៊ានប្រឈមនឹងបញ្ហា ជាមនុស្សដែលចូលចិត្តបណ្តោយឲ្យជីវិតរស់តាមយថាកម្ម គ្មានភាពតស៊ូ ជំនះឧបសគ្គ។ ខាងក្រោមនេះជាហេតុផលបញ្ជាក់ថា តំបន់សុវត្ថិភាព ឬ Comfort Zone នឹងបំផ្លាញភាពជោគជ័យរបស់អ្នក៖
១) អ្នកនឹងមិនអាចមាន ឬស្គាល់ជំនាញថ្មី
អ្នកកំពុងរៀនជំនាញមួយដែលអ្នកគិតថាល្អ អ្នកចូលចិត្ត អ្នកគិតថាជំនាញមួយនេះវាងាយរៀនមិនហត់ច្រើន ហើយអ្នកបិទខ្លួនឯងក្នុងការស្វែងរកចំណេះដឹងលើជំនាញថ្មីៗ ព្រោះអ្នកមិនចង់បានការចំណាយពេល ចំណាយកម្លាំងសម្រាប់ស្វែងរកអ្វីថ្មី។ ការដែលអ្នកព្យាយាមស្វែរកភាពស្រណុកដោយរស់នៅក្នុង Comfort Zone បែបនេះអ្នកអាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រជែងជាមួយអ្នកជុំវិញខ្លួន ដែលមានជំនាញច្រើន អាចធ្វើការងារបានច្រើនសម្រាប់ខ្លួនឯង។
២) ខ្លាចនឹងចាប់យកអ្វីថ្មី
អ្នកបានដាក់ការបន្សាំខ្លួនជាមួយអ្វីដែលអ្នកនៅជាមួយស្ទើររាល់ថ្ងៃ អ្នកបានជួបវាគ្រប់ពេល ហើយគិតថាវាគ្រប់គ្រាន់សម្រាប់អ្នក។ អ្នកខ្លាចក្នុងការចាប់យកអ្វីថ្មីព្រោះអ្នកយល់ថា កាលបើអ្នកចាប់យកអ្វីថ្មីដូចជាការងារ ការផ្លាស់ប្តូរទម្លាប់ ឬការស្វែងរកចំណេះដឹងផ្សេងអ្នកនឹងមិនទម្លាប់ និងមិនអាចធ្វើវាបានល្អដូចអ្នកដទៃ ធ្វើទៅអាចនឹងបរាជ័យ ហើយក៏នឹងទទួលរងការរិះគន់ ឬសើចចំអកពីអ្នកជុំវិញខ្លួនថែមទៀត។
៣) វាធ្វើឲ្យអ្នកស្រលាញ់ការងារមួយនោះជ្រុលរហូតលែងអភិវឌ្ឍខ្លួន
ចាប់អាជីពការងារមួយរយៈពេលយូរឆ្នាំ អ្នកពេញចិត្តនឹងការងារមួយនោះ ហើយអ្នកគិតថាការងារដែលអ្នកកំពុងបំពេញសព្វថ្ងៃវាល្អគ្រប់គ្រាន់សម្រាប់អ្នក អ្នកមិនត្រូវការការរៀនសូត្រអ្វីបន្ថែមទៀតដើម្បីចាប់អាជីពការងារថ្មី។ ទាំងនេះកំពុងបង្ហាញថាអ្នកត្រូវបានហ៊ុមព័ទ្ធដោយសំណាញ់នៃ Comfort Zone របស់អ្នក ហើយបើបន្តបែបនេះអ្នកនឹងគ្មានថ្ងៃអាចទទួលបានជោគជ័យក្នុងជីវិត ហើយថ្ងៃណាមួយដែលអ្នកលែងមានសមត្ថភាពធ្វើការងារក្នុងអាជីពមួយនេះទៀត អ្នកនឹងត្រូវដើរថយក្រោយ។
៤) អ្នកនឹងបន្តភាពជាបុគ្គលិក ឬមនុស្សដើរតាមគេអស់មួយជីវិត
អ្នកមិនបានឈានជើងចេញពី Comfort Zone អ្នកមិនបានដឹងថាពិភពលោកខាងក្រៅផ្សេងពីពិភពរបស់អ្នកវាស្រស់ស្អាតកម្រិតណា មានអ្វីខ្លះគួរឲ្យទាក់ទាញ និងមានអ្វីខ្លះដែលអាចធ្វើឲ្យអ្នកស្វែងរកជីវិតដ៏ស្រស់ស្អាតជាងមុនបាន។ ពេលអ្នកស្រលាញ់ការងារដែលកំពុងធ្វើរាល់ថ្ងៃខ្លាំងពេក អ្នកនឹងគ្មានឱកាសបានស្គាល់ការងារថ្មី ទទួលបានប្រាក់ខែថ្មីច្រើនជាងមុន និងរីកចម្រើនឡើយ អ្នកបានត្រឹមតែបន្តធ្វើការងារឲ្យគេ នៅក្រោមបង្គាប់គេ ធ្វើតាមគេគ្រប់ពេល។
ត្រូវចាំថាពេលអ្នកជាប់នៅក្នុងភូមិមួយមានទឹកមួយថ្លុកអាចគ្រាន់ផឹកបាន មានម្ហូបអាហារអាចចម្អែតក្រពះបានពិតមែន តែបើអ្នកគិតថាអ្វីដែលអ្នកកំពុងមានក្នុងដៃអាចគ្រប់គ្រាន់ ហើយមិនព្យាយាមរត់ចេញដើម្បីស្វែងរកអាហារឆ្ងាញ់ជាងនោះ រត់ចេញដើម្បីស្វែងរកសំលៀកបំពាក់ថ្មីគ្រងបិទបាំងរាងកាយ នោះអ្នកនឹងគ្មានផ្លូវទទួលបានជីវិតមួយប្រសើរជាងនេះបានឡើយ តែអ្វីដែលអ្នកនឹងទទួលបានគឺ ភាពហោចទៅៗនៃចំណីអាហារ សំលៀកបំពាក់អ្នកក៏នឹងរហែកអស់នៅថ្ងៃណាមួយ។ ជាងនេះទៀតគឺអ្នកអាចនឹងប្រឈមនឹងភាពឯកាតែម្នាក់ឯង ខណៈអ្នកដទៃកំពុងដើរទៅមុខគ្រប់ជំហាន គ្រប់នាទី៕
ដោយ៖ យ៉ាយ៉ា