កុំគិតតែប្រាក់ចំណេញពេក! ចង់ឲ្យអាជីវកម្មដំណើរការរលូនសហគ្រិនគួរគិតចំណុចនេះ
ធ្លាប់មានអាជីវកម្មមិនតិចឡើយ ដែលបានបើកដំណើរការមិនបានប៉ុន្មានផងស្រាប់តែត្រូវបិទទៅវិញ ។ តើបណ្ដាលមកពីមូលហេតុអ្វី? ពិតណាស់ប្រាកដជាមានកត្តារួមផ្សំជាច្រើន ប៉ុន្តែក្នុងនោះអ្វីដែលជាចំណុចចម្បងមួយគឺការបាត់បង់ទំនុកចិត្ត និងការគាំទ្រពីអតិថិជន។ ជាមួយគ្នានេះ កញ្ញា ស៊ុន សុខា សហស្ថាបនិក Nham24 នៅក្នុងកម្មវិធីបាខែមអាស៊ាន២០១៩ កាលពីពេលថ្មីៗនេះ បានចែករំលែកថា ការធ្វើអាជីវកម្មទោះបីជាពេលខ្លះមិនចំណេញក្ដីក៏ត្រូវតែធ្វើដើម្បីឲ្យអតិថិជនសប្បាយចិត្ត ហើយបន្ទាប់ពីទទួលបានទំនុកចិត្តពីអតិថិជន អាជីវកម្មរបស់យើងនឹងដំណើរការទៅមុខ ហើយប្រាក់ចំណេញនឹងរត់មករកយើងតាមក្រោយ។
កញ្ញា ស៊ុន សុខា ធ្លាប់ឆ្ងល់និងបានសួរទៅកាន់ក្រុមហ៊ុនធំៗមួយចំនួនដូចជា Alibaba និង Taobaoជាដើមថា បើក្រុមហ៊ុនរបស់អ្នករកស៊ីខាតដូច្នេះតើអ្នកបានលុយមកពីណាដើម្បីធ្វើឲ្យក្រុមហ៊ុនរីកចម្រើន? ព្រោះ អាជីវកម្មនិមួយៗយើងដឹងហើយថាត្រូវការលុយដើម្បីយកទៅបង្វិល និងយកលុយយកទៅចិញ្ចឹមអាជីវកម្ម ប៉ុន្តែចម្លើយដែល Taobao ឆ្លើយគឺ គាត់ប្រាប់ថាគាត់នៅតែបន្តខាតទៀត ដោយមិនបានបញ្ជាក់ថាមូលហេតុអ្វីបានជាគាត់ត្រូវតែខាតនោះទេ។ កញ្ញាបន្តថា បន្ទាប់ពីការពិចារណា យើង(Nham24)ក៏យល់ថា តាមពិតអាជីវកម្មនិមួយៗទោះបីជាមិនទាន់ចំណេញក៏ដោយក៏ត្រូវតែធ្វើដើម្បីឲ្យមានការគាំទ្រ នោះនឹងធ្វើឲ្យអាជីវកម្មរបស់យើងដើរ។
នៅពេលដែលត្រឡប់មកវិញ យើងបានសួរ និងប្រាប់ខ្លួនឯងថា Nham24 ទោះមិនចំណេញក៏ធ្វើដែរ ហើយអ្វីដែលយើងធ្វើគឺយើងសប្បាយចិត្ត។ កញ្ញាបានសង្កត់ធ្ងន់ថា ធ្វើឲ្យអតិថិជនរបស់អ្នកសប្បាយចិត្ត បន្ទាប់មកអ្នកនឹងទទួលបានប្រាក់ចំណេញ៕
ដោយ៖ ជួប ស្រីរ័ត្ន