សុភាសិតអាហ្វ្រិកចំនួន១២ ដែលបានបង្កប់នូវអត្ថន័យអប់រំជ្រាលជ្រៅនៅក្នុងជីវិតរស់នៅ
ជនជាតិអាហ្វ្រិកមានសុភាសិតមួយថា «សតិសម្បជញ្ញៈដែលស្អាតបាតធ្វើឲ្យខ្នើយកើយទន់ស្រួល។» អ្នកអាចកុហកមនុស្សក្នុងលោកនេះបាន តែអ្នកមិនអាចកុហកខ្លួនឯងបាននោះទេ។ បើអ្នកបានប្រព្រឹត្តអំពើអ្វីមួយដែលប្រឆាំងនឹងសតិសម្បជញ្ញៈរបស់ខ្លួនឯង នោះអ្នកមិនអាចគេចផុតពីត្រូវប្រឈមមុខជាមួយខ្លួនឯងនោះឡើយ។ ជនណាដែលមានសតិសម្បជញ្ញៈស្អាតបាត ជននោះនឹងគេងលក់ស្រួល គ្មានភាពកខ្វក់អ្វីដែលធ្វើឲ្យគេខ្វាយខ្វល់គេងមិនលក់ភ័យព្រួយគ្រប់ពេលវេលានោះឡើយ ហេតុនេះហើយបានជាថាខ្នើយកើយរបស់គេទន់ស្រួល។ ស្រមោលអន្ទោលតាមប្រាណ។ អ្វីដែលអ្នកបានដាំដុះនឹងចេញផ្លែផ្កាមកទៅតាមនោះ។
អត្ថបទថ្ងៃនេះយើងបានដកស្រង់នូវសុភាសិតចំនួន១២របស់ជនជាតិអាហ្វ្រិក ដែលបានបង្កប់នូវអត្ថន័យអប់រំជ្រាលជ្រៅនៅក្នុងជីវិតរស់នៅ៖
១) «មិនថាចរន្តទឹកហូរទៅឆ្ងាយប៉ុណ្ណាក៏ដោយ វាមិនដែលភ្លេចប្រភពដើមរបស់វាឡើយ។»
២) «វង្វេងផ្លូវគឺជាការរៀនស្វែងរកឃើញផ្លូវ។»
៣) «មិនថាយប់យូរប៉ុណ្ណា ព្រលឹមនឹងនៅតែបំបែកវា។»
៤) «ចំណេះដឹងដោយគ្មានបញ្ញាប្រៀបបាននឹងទឹកនៅក្នុងដីខ្សាច់។»
៥) «គ្រប់ភាវៈមានជីវិតទាំងអស់សុទ្ធតែមានរឿងរ៉ាវដែលត្រូវនិយាយ។»
៦) «នៅពេលដែលគ្មានសត្រូវនៅខាងក្នុង សត្រូវនៅខាងក្រៅមិនអាចធ្វើឲ្យអ្នកឈឺចាប់បាននោះឡើយ។»
៧) «មានតែជនល្ងង់ប៉ុណ្ណោះដែលពិសោធន៍មើលជម្រៅទឹកជាមួយនឹងជើងរបស់ពួកគេ។»
៨) «អ្នកតែងតែរៀនសូត្របានច្រើនជាងនៅពេលអ្នកចាញ់ជាជាងនៅពេលឈ្នះ។»
៩) «ជនដែលរត់តាមលាភសំណាង រត់ចេញពីសន្តិភាព។»
១០) «បើអ្នកបានទទួលអំណោយ កុំថ្លឹងថ្លែងវា។»
១១) «មិនថាកំហឹងរបស់អ្នកក្ដៅប៉ុណ្ណា វាមិនអាចចម្អិនដំឡូងបាននោះទេ។»
១២) «សតិសម្បជញ្ញៈដែលស្អាតបាតធ្វើឲ្យខ្នើយកើយទន់ស្រួល។»
ដោយ៖ ស្រីពៅ