ឈប់​រអ៊ូ​ថា​លក់​មិន​ដាច់! សាក​ក្បួន​លក់​ដ៏​មាន​ប្រសិទ្ធភាព​៣ចំណុច​ពី​បណ្ឌិត គីម ហ៊ាង​



បណ្ឌិត​ គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ​ Khmer Real Estate  ដែល​ត្រូវ​បាន​មនុស្ស​ភាគ​ច្រើន​ស្គាល់​តាម​រយៈ​ចំណេះដឹង​និង​ការ​ចែក​រំលែក​ទាំង​ក្នុង​វិស័យ​ដីធ្លី និង​អចលនទ្រព្យ ពិសេស​គឺ​ជំនាញ​ផ្នែក​លក់​ដ៏​ប៉ិនប្រសព្វ​របស់​លោក​នៅ​ក្នុង​វិស័យ​ទាំង​នេះ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា មាន​ជំនាញ​ដូច​គ្នា តែ​ហេតុ​អ្វី​បាន​ជា​គេ​លក់​ដាច់​ហើយ​យើង​លក់​មិន​ដាច? ឈប់​បារម្ភ​ទៅ អ្នក​គួរ​ងាក​មក​សាក​ល្បង​ក្បួន​លក់​៣​ចំណុច​ខាង​ក្រោម​នេះ​ពី អ្នក​ជំនាញ៖

លោក​បណ្ឌិត​ គីម ហ៊ាង ប្រាប់​ថា​ ក្បួន​លក់​របស់​លោក​គឺ កុំ​ចាំ​ឲ្យ​អតិថិជន​មក​រក​ ត្រូវ​ទៅ​រក​អតិថិជន​មុន៖ នៅ​ក្នុង​ការ​លក់​ គ្មាន​អ្នក​លក់​ណា​នៅ​អង្គុយ​ចាំ​ទាល់​តែ​គេ​មក​រក​យើង​នោះ​ទេ គឺ​យើង​ដែល​ជា​អ្នក​លក់​ត្រូវ​ស្វះស្វែង​រក​អតិថិជន​ដល់​កន្លែង។ លោក​ថា​លោក​ជា​អ្នក​មាន​បទពិសោធន៍​ខាង​លក់​ជាង​១០ឆ្នាំ​ហើយ​លោក​មិន​ដែល​អង្គុយ​រង់ចាំ​ឲ្យ​គេ​មក​ទិញ​នោះ​ទេ គឺ​ដើរ​ទៅ​គោះ​ទ្វារ​គេ​ដល់​ផ្ទះ។

ចំណុច​សំខាន់​ទី​២ ត្រូវ​ស្គាល់​ច្បាស់​ពី​ផលិតផល​ដែល​យើង​លក់៖ ឧទាហរណ៍​ថា​បើ​យើង​ជា​អ្នក​លក់​ដី​ឡូត៍​ ដូច្នេះ​យើង​ត្រូវ​ស្គាល់​ពី​ហាងឆេង​របស់​ដី​ថា​តើ តម្លៃ​ប៉ុន្មាន? តើ​ដី​នោះ​អាច​ធ្វើ​អ្វី​កើត​ខ្លះ? ដូច្នេះ​យើង​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​ផលិតផល​របស់​ខ្លួនឯង។

ចំណុច​ទី​៣ ស្គាល់​អតិថិជន​គោលដៅ៖ ត្រូវ​ស្គាល់​ថា​តើ​អ្នក​ណា​ខ្លះ​ដែល​អាច​មាន​លទ្ធភាព​ទិញ​ផលិតផល​របស់​យើង​បាន​។ ឧទាហរណ៍​ថា យើង​មាន​ដី​២ពាន់​ការ៉េ​នៅ​ផ្លូវ​នរោត្ដម ដូច្នេះ​យើង​ត្រូវ​ដឹង​ថា​ដី​មួយ​ការ៉េ​នៅ​ផ្លូវ​នរោត្ដម​នោះ​មួយ​ការ៉េ​ប៉ុន្មាន យ៉ាង​ហោច​ណាស់​ក៏​៦ពាន់ដុល្លារ​ដែរ។ តើ​ដី​ដែល​លក់​នោះ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? ដី​អាច​សង់​ខន់ដូរ​ អាផាតមិន​បាន។ តើ​អ្នក​ណា​ដែល​អាច​មាន​សមត្ថភាព​ទិញ​ដី​នេះ​បាន? អ្នក​ដែល​អាច​ទិញ​បាន​លុះ​ត្រា​តែ​គាត់​មាន​ទ្រព្យសម្បត្តិ​លើស​៦ពាន់ដុល្លារ។ តើ​អ្នក​ណា​ខ្លះ​មាន​លុយ​លើស​ពី​៦ពាន់ដុល្លារ នៅ​ស្រុក​ខ្មែរ? តើ​មាន​លេខ​ទូរស័ព្ទ​គេ​ទេ? លោក​បណ្ឌិត​ថា នេះ​ទើប​ហៅ​ថា​ការ​ធ្វើ​ជំនួញ?

ដោយ៖ ជួប ស្រីរ័ត្ន

X
5s