បច្ចេកវិទ្យាឌីជីថលកំពុងជំរុញវិស័យសុខាភិបាលកម្ពុជាឲ្យមានប្រសិទ្ធិភាពថែមមួយកម្រិតទៀត​



វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ២០១៩ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី ១៧ ខែ តុលា ឆ្នាំ ២០១៩ នៅឯសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

ឯកឧត្តម ត្រាំ អ៊ីវតឹក

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកប្រតិបត្តិក្រុមហ៊ុន Viettel Cambodia ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិជាច្រើន។ 

ជាកិច្ចស្វាគមន៍ឯកឧត្តមបណ្ឌិត សេង សុភាព នាយកសកលវិទ្យាល័យ NIPTICT បានមានប្រសាសន៍ថា វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ២០១៩ ជាវេទិកាថ្មីមួយទៀតក្នុងក្របខណ្ឌនៃកម្មវិធី Digital Cambodia ឆ្នាំ ២០១៩ ដែលមានគំនិតផ្តួចផ្តើមឡើងដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។

ឯកឧត្តមបណ្ឌិត សេង សុភាព

ហើយវេទិកានេះជាវេទិកាទី១ ផ្នែកបច្ចេកវិទ្យាសុខាភិបាលដែលធ្វើការផ្តោតសំខាន់លើប្រធានបទ បំលែងបែបឌីជីថលទៅក្នុងវិស័យសុខាភិបាល (Digital Transformation in Health Sector)។ 

ថ្លែងបន្ទាប់ដោយឯកឧត្តម អៀង ស៊ុនលី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបានមានប្រសាសន៍ថា វិស័យបច្ចេកវិទ្យាឌីជីថលកំពុងមានសន្ទុះរីកចម្រើនយ៉ាងលឿន។

ឯកឧត្តម អៀង ស៊ុនលី

ដូចគ្នានេះដែរវាក៏ទាមទារឲ្យមានការគិតគូរលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលឲ្យបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីឲ្យអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានប្រើប្រាស់វាជួយសង្គ្រោះជីវិតមនុស្សបានកាន់តែមានប្រសិទ្ធិភាព សម្រួលដល់ការគ្រប់គ្រងការងារ កាត់បន្ថយចំនាយប្រតិបត្តិការផ្នែកសុខាភិបាល ពង្រឹងនិងបង្កើនការផ្ទុករក្សាទិន្នន័យប្រកបដោយសុវត្ថិភាព។

ឯកឧត្តម វ៉េង ថៃ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាក្រសួងបាននិងកំពុងដាក់ចេញយុទ្ធសាស្រ្តជាច្រើនដើម្បីពង្រីក និងគ្របដណ្តប់លើការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ហើយការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលក៏កំពុងស្ថិតក្នុងចំនុចអាទិភាពមួយផងដែរ។

ឯកឧត្តម វ៉េង ថៃ 

ឯកឧត្តមបានបន្តទៀតថា ជាក់ស្តែងបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់និស្សិតផ្នែកសុខាភិបាល ចាប់តាំងពីការសិក្សាស្រាវជ្រាវ ការប្រលង និងពេលអនុវត្តផ្ទាល់ក្នុងការងារ។ 

ថ្លែងក្នុងការបើកវេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ២០១៩ រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ២០១៩ ជាក្របខណ្ឌថ្មីមួយនៃកម្មវិធី Digital Cambodia ដែលបានចាប់ផ្តើមឡើងតាំងពីខែមិនា ២០១៩ ហើយវាក៏ជាគំនិតផ្តួចផ្តើមមួយដើម្បីជម្រុញសេដ្ឋកិច្ចឌីជីថល និងដើម្បីកម្ពុជាដើរឲ្យទាន់បដិវត្តឧស្សាហកម្ម ៤.០។

ឯកឧត្តម ត្រាំ អ៊ីវតឹក

ការវិវត្តិយ៉ាងឆាបរហ័យនៃបច្ចេកវិទ្យាឌីជីថលបានមានឥទ្ធិពលយ៉ាងធំធេងលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកំពុងបំលែងរបៀបរបបនៃការរស់នៅ ការប្រាស្រ័យទាក់ទង របៀបរបបធ្វើការងារ ការធ្វើអាជីវកម្ម និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀត។

ជាមួយគ្នានេះដែរការអភិវឌ្ឍសេដ្ឋកិច្ចបែបប្រពៃណីកំពុងបានផ្លាស់ប្តូរជាការប្រើបច្ចេកវិទ្យាឌីជីថលវិញ ដើម្បីជម្រុញកំណើនប្រសិទ្ធិភាព ការប្រកួតប្រជែង និងផលិតភាពជាដើម។ បញ្ញាសិប្បនិម្មិត  (AI) ទូរស័ព្ទដៃស្មាតហ្វូន បច្ចេកវិទ្យាមនុស្សយន្ត -ល- កំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការសម្រួលការងារ បង្កើនគំនិតច្នៃប្រឌិតខ្ពស់។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា បំលែងបែបឌីជីថលទៅក្នុងវិស័យសុខាភិបាលអាចផ្តល់នូវកាលានុវត្តភាពដើម្បីឆ្ពោះទៅរកការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា ជួយសង្គ្រោះជីវិតអ្នកជំងឺឲ្យបានកាន់តែប្រសើរជាងមុន ប្រកបដោយប្រសិទ្ធិភាព ថែមទាំងអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យាក្នុងការតាមដានសុខភាពរបស់ខ្លួនបានជាប្រចាំ។

ក្រោយការថ្លែងសន្ទរកថាបើកកម្មវិធី វេទិកាបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ២០១៩ ដោយឯកឧត្តម ត្រាំ អ៊ីវតឹក ក្រុមហ៊ុន Metfone បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយ University of Health Science to Deploy ICT Lab៕

ដោយ៖ យ៉ាយ៉ា

 

X
5s