អ្នកវិភាគវិនិយោគ៖ គួរត្រៀមខ្លួន៣ចំណុចនេះប្រសិនបើចង់ធ្វើកម្ចីអាជីវកម្មជោគជ័យ
ភាគច្រើននៃអាជីវកម្មដែលចាប់ផ្ដើមថ្មីថ្មោងបញ្ហាចម្បងដែលពួកគាត់ជួបប្រទះគឺ ខ្វះខាតដើមទុនដើម្បីអភិវឌ្ឍន៍អាជីវកម្ម។ ជាមួយគ្នានេះ កញ្ញា ស៊ូ ស្សូលីដា អ្នកវិភាគវិនិយោគនៃ មេគង្គ ស្រ្ទេធីជីក ផាតនើរ នៅក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាឆ្នាំ២០១៩ កាលពីពេលថ្មីៗកន្លងទៅ បានបង្ហើបនូវគន្លឹះពីរចំណុច ដែលសហគ្រិនគួរត្រៀមខ្លួនប្រសិនបើចង់ទទួលជោគជ័យនៅពេល ដាក់សំណើកម្ចីអាជីវកម្ម ទៅកាន់ស្ថាប័នវិនិយោគណាមួយ។
ចំណុចទី១ ម្ចាស់អាជីវកម្មត្រូវដឹងថាអាជីវកម្មរបស់ខ្លួនរួចរាល់សម្រាប់ការទទួលយកកម្ចីពីវិនិយោគិនហើយឬនៅ៖ ប្រសិនបើអាជីវកម្មរបស់យើងមិនទាន់អាចគ្រប់គ្រាន់ ឬរួចរាល់សម្រាប់ទទួលការវិនិយោគ ឬកម្ចីផ្សេងៗទ សូមកុំទាន់អាលទទួលថវិកាទាំងនោះ។ អ្វីដែលសហគ្រិនត្រូវធ្វើគឺបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃឲ្យបានច្រើន ពិសេសគឺភាគីខាងវិនិយោគិន ដើម្បីឲ្យមានភាពស្និទ្ធស្នាលដែលនឹងបង្កភាពងាយស្រួលសម្រាប់យើងនៅពេលក្រោយ។
ចំណុចទី២ ត្រូវច្បាស់លាស់ពីខ្លួនឯងជាមុនសិន៖ ម្ចាស់អាជីវកម្មត្រូវរៀបចំខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយមិនមែនទៅក្នុងគោលបំណងត្រឹមតែចង់បានលុយពីគេនោះទេ ពោលគឺត្រូវត្រៀមខ្លួនរួចរាល់សម្រាប់សំណួរមួយចំនួនដែលវិនិយោគិនតែសួរដូចជា តើអ្នកចង់បានលុយយកទៅធ្វើអ្វី? តើអ្នកចង់បានប៉ុន្មាន? តើអ្នកនឹងចំណាយលើអ្វីខ្លះ? តើពេលអនាគតអ្នកនឹងប្រើលុយទាំងនោះធ្វើអ្វីខ្លះ? ប្រសិនបើសំណួរអ្វីក៏អ្នកមិនអាចឆ្លើយរួច ប្រហែលជាអ្នកពិបាកនឹងទទួលបាន។
ចំណុចទី៣ ចេះបង្ហាញឬអួតពីខ្លួនឯង៖ ចំណុចនេះតម្រូវឲ្យអ្នកមាន បច្ចេកទេសនិយាយបញ្ចុះបញ្ចូលធ្វើយ៉ាងណាដើម្បីទទួលបានការវិនិយោគ។ កញ្ញាបញ្ជាក់ថា អ្នកវិនិយោគកំពង់តែរង់ចាំអាជីវកម្មដែលសាកសមសម្រាប់ការវិនិយោគ ដូច្នេះប្រសិនបើអ្នកចង់បានកម្ចីអាជីវកម្ម អ្នកគួរចាប់ផ្ដើមត្រៀមខ្លួនពេលនេះ៕
ដោយ៖ ជួប ស្រីរ័ត្ន