Mark Cuban លើកឡើងពីកំហុសធំៗ សហគ្រិនភាគច្រើនបានបង្កើតឡើង​



ជាលក្ខណៈធម្មជាតិ សហគ្រិនជាមនុស្សឆ្លាតវៃ មានមហិច្ឆតា និងមានក្តីស្រលាញ់នូវអ្វីដែលខ្លួនកំពុងធ្វើ។ ក៏ប៉ុន្តែនេះមិនមែនមានន័យថា ពួកគេសុទ្ធតែបានបង្កើតការសម្រេចចិត្តបានត្រឹមត្រូវគ្រប់ពេលនោះដែរ ហើយជារឿងគួរឲ្យសោកស្តាយដោយសារតែទីបំផុតសហគ្រិនភាគច្រើនត្រូវបរាជ័យ។  

ហេតុអ្វីសហគ្រិនភាគច្រើនបរាជ័យ? សំនួរនេះត្រូវបានមហាសេដ្ឋីលំដាប់ពិភពលោកគឺលោក Mark Cuban លើកយកចំណុច ៣ សំខាន់ៗដែលជាកំហុសដ៏ធំបំផុតរបស់សហគ្រិនទូទៅ៖ 

១.មិនយល់ពីមូលដ្ឋានគ្រឹះធ្វើអាជីវកម្ម
មិនយល់ពីមូលដ្ឋានគ្រឹះធ្វើអាជីវកម្ម គឺជាកំហុសធំមួយរបស់សហគ្រិនដែលមហាសេដ្ឋីរូបនេះចង់លើកឡើង។ ឧទាហរណ៍ថា សហគ្រិនបែងចែកអត់ដាច់រវាងអ្វីទៅដែលហៅថា ផលិតផល (Product) និង រូបរាង (Feature)។ មុនពេលសហគ្រិនម្នាក់ចាប់ផ្តើមសម្លឹងមើលឱកាសវិនិយោគលុយ ពួកគេត្រូវដឹងពីមូលដ្ឋានគ្រឹះទាំងនេះ ទាំងមុនពេលស្រាវជ្រាវទីផ្សារ ឬកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍក៏ដោយ។

អាចនិយាយបានម្យ៉ាងទៀតថា ប្រសិនបើគូប្រជែងរបស់អ្នកលក់តែអាវយឺតស ហើយអ្នកលក់អាវយឺតស និងក្រហម នេះមានន័យថា អ្នកកំពុងផ្តោតលើរូបរាង (Feature)ហើយ។ ផលិតផល (Product) ឬ សេវាកម្ម (Service) ជួយដោះស្រាយបញ្ហារបស់អតិថិជន ហើយអតិថិជននឹងទិញវា។ សម្រាប់រូបរាង (Feature)វិញ គឺជាលក្ខណៈមួយដែលជួយបន្ថែមតម្លៃដល់ផលិតផល។ 

ក្រុមហ៊ុនជោគជ័យរកឃើញផលិតផលថ្មី មិនមែនរូបរាងជាសំខាន់ទេ។ នេះជាការបញ្ជាក់របស់លោក Cuban។

២.ភាពជោគជ័យពឹងលើបុគ្គលិកឆ្នើមម្នាក់
មហាសេដ្ឋី Warren Buffett ធ្លាប់និយាយថា កុំបោះស៊ុតទាំងអស់ចូលក្នុងកន្រ្តកតែមួយ។ រឿងនេះវាមិនខុសគ្នាទេបើទាក់ទងទៅនឹងការជួលបុគ្គលិក និងកសាងក្រុមការងារល្អមួយ។ ជារឿយៗ សហគ្រិនជឿជាក់ថា បុគ្គលិកថ្មីរបស់ខ្លួននឹងអាចដោះស្រាយបញ្ហាធំរបស់ខ្លួនបាន។ 

យ៉ាងណាមិញ គួរឲ្យស្តាយសម្រាប់លោក Cuban វិញលោកយល់ថា ការជួលបុគ្គលិកឆ្នើមណាម្នាក់មកដោះស្រាយបញ្ហាជាប់គាំងរបស់អ្នក មានន័យថា អាចធ្វើឲ្យក្រុមហ៊ុនរបស់អ្នកលក់បានច្រើនជាងមុន ហើយធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងក្រុមហ៊ុនសប្បាយចិត្តរហូតនោះឡើយ។ 

លោកបន្តថា ប្រសិនបើបុគ្គលិកឆ្នើមរបស់អ្នកចាកចេញ ឬបរាជ័យ តើអ្នកផ្សេងទៀតក្នុងក្រុមហ៊ុនរបស់អ្នក អ្នកគិតយ៉ាងណា?  អាជីវកម្មរបស់អ្នកជោគជ័យទាមទារឲ្យលើកយកបញ្ហាមកដាក់នៅលើតុ ហើយមានដំណោះស្រាយរួមមួយ។ បុគ្គលិកម្នាក់ៗត្រូវមានទំនួលខុសត្រូវលើការងាររបស់ខ្លួន ហើយត្រូវធ្វើការរួមគ្នាជាធ្លុងមួយ។

៣.គិតថា គូប្រជែងមានប្រៀបជាងអ្នកជានិច្ច
ចង់បង្កើតអ្វីមួយពីបាតដៃទទេ មិនមែនជារឿងងាយស្រួលឡើយ។ ការបញ្ចុះបញ្ចូលឲ្យអតិថិជនមកទិញផលិតផល ឬសេវាកម្មរបស់អ្នកក៏មិនខុសគ្នាដែរ។ វាទាមទារឲ្យមានលក្ខខណ្ឌច្រើនយ៉ាងណាស់។ មហាសេដ្ឋីខាងលើនិយាយថា វាជាកំហុសដ៏ធំមួយនៅពេលអ្នកគិតថា គូប្រជែងធំៗដែលរកស៊ីដូចអ្នកមានប្រៀបជាងអ្នក។

តើអ្វីទៅដែលអាចធ្វើឲ្យអ្នកអាចប្រកួតប្រជែងជាមួយគូប្រជែងធំៗរបស់អ្នកបាន?  នេះជាកិច្ចការដ៏លំបាក ហើយទាមទារឲ្យអ្នកជាសហគ្រិនឆ្លាតវៃម្នាក់។ នេះមានន័យថា អាជីវកម្មមុខជំនួញរបស់អ្នកនៅតែមានសម្ពាធដដែលដរាបណាអ្នកមិនមានគំនិតច្នៃប្រឌិត និងមិនត្រូវបានដាក់លក់ចេញទៅក្រៅទេនោះ៕

ប្រភព៖ Businessinsider 

 

X
5s