អតីតប្រធានាធិបតីអាមេរិក Jimmy Carter៖ ខ្ញុំមានអាយុវែងដោយសារខ្ញុំមាន​ភរិយាល្អ​



លោក Jimmy Carter ត្រូវបានគេចាត់ទុកថា ជាអតីតប្រធានាធិបតីតែម្នាក់គត់ដែលមានអាយុវែងជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក។ នៅថ្ងៃទី ១ តុលាឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ លោក Carter មានអាយុ ៩៥ ឆ្នាំហើយ។ ដោយសារតែលោកមានអាយុវែងបែបនេះហើយទើបទស្សនាវដ្តី People បានចោទសួរពីមូលហេតុនៅពីក្រោយអាយុវែងរបស់លោក។ 

ថ្លែងទៅកាន់ទស្សនាវដ្តី People នាពេលថ្មីៗកន្លងទៅនេះ លោក Jimmy បានលើកឡើងដូច្នេះថា៖« វាលំបាកណាស់ដើម្បីអាចរស់នៅរហូតដល់អាយុ ៩៥ ឆ្នាំ»។  

ជាមួយគ្នានេះលោកក៏បានលើកឡើងពីទំនាក់ទំនងស្នេហាស្មោះមួយទល់នឹងមួយជាមួយភរិយារបស់លោកគឺលោកស្រី  Rosalynn Carter ដែលអ្នកទាំងពីរបានចាប់ដៃគ្នាអស់រយៈពេលដល់ទៅ ៧៣ ឆ្នាំមកហើយ។ នេះហើយជាមូលហេតុដ៏សំខាន់បំផុតមួយនូវអ្វីដែលអតីតប្រធានាធិបតីនេះយល់ថា ធ្វើឲ្យលោកមានអាយុវែង។

«ខ្ញុំយល់ថា ចម្លើយដ៏ល្អបំផុតឆ្លើយតបទៅនឹងសំនួរនេះគឺដោយសារខ្ញុំមានភរិយាល្អម្នាក់។ អ្នកគួររៀបការជាមួយដៃគូជីវិតល្អម្នាក់។ ដៃគូជីវិតដែលអ្នកជ្រើសរើសគួរតែជាមនុស្សដែលយកចិត្តទុកដាក់មើលថែអ្នក ស្ថិតនៅជាមួយអ្នកគ្រប់ពេល គាំទ្រអ្នក ធ្វើឲ្យជីវិតអ្នកមានការប្រកួតប្រជែង ស្រស់ស្រាយ និងពោរពេញដោយក្តីរំភើប»។  នេះជាការថ្លែងបញ្ជាក់របស់លោក  Jimmy ទៅកាន់ទស្សនាវដ្តី People។


លោក Jimmy Carter និងភរិយា ប្រភពរូបភាព៖ AP News 

ការយល់ឃើញរបស់លោក  Jimmy ខាងលើ វាស្របទៅនឹងការលើកឡើងរបស់មហាសេដ្ឋី អាមេរិកលោក Warren Buffett កន្លងមកដែលថា ការជ្រើសរើសដៃគូជីវិតឲ្យបានត្រឹមត្រូវគឺពិតជាមានតម្លៃខ្លាំងណាស់។ 

មហាសេដ្ឋីវ័យ ៨៩ ឆ្នាំរូបនេះធ្លាប់លើកឡើងនៅក្នុងកិច្ចសំណេះសំណាលមួយក្នុងសាកលវិទ្យាល័យ  Columbia កាលពីឆ្នាំ ២០១៧ ដូច្នេះថា៖« អ្នកត្រូវជ្រើសរើសដៃគូជីវិតល្អម្នាក់ដែលមានអត្តចរិតល្អស័ក្តិសមនឹងអ្នក។ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺគោរពដៃគូរបស់អ្នក។ ខ្ញុំមិនអាចនិយាយបានទេថា វាសំខាន់ខ្លាំងប៉ុណ្ណា។ តែវាពិតជាសំខាន់ណាស់»។ 

ចំណែកឯលោក Jimmy វិញលោកបានបញ្ជាក់បន្ថែមទៀតថា លោកដឹងថា លោកចង់រៀបការជាមួយភរិយារបស់លោកគឺលោកស្រី Rosalynn Carter  ដែលជានារីល្អម្នាក់នៅពេលបានជួបគ្នាជាលើកដំបូង។ លោកចាប់ផ្តើមមានទំនាក់ទំនងស្នេហា ខណៈដែលភរិយារបស់លោកទើបជានិស្សិតឆ្នាំថ្មីម្នាក់ប៉ុណ្ណោះ។  អ្នកទាំងពីរបានរៀបការនៅឆ្នាំ ១៩៤៦ ហើយលោក Carter បានបន្តក្លាយជាប្រធានាធិបតីទី ៣៩ របស់អាមេរិកចាប់ពីឆ្នាំ ១៩៧៧ ដល់ ១៩៨១៕

ប្រភព៖ CNBC 

 

X
5s