លក់​តែ​តាម​អនឡាញ​មិន​គ្រប់គ្រាន់​ទេ! ចង់​ឲ្យ​រីកចម្រើន​ម្ចាស់​អាជីវកម្ម​គួរ​ងាក​មក​គិត​ចំណុច​នេះ​



ការ​រីក​ដុះដាល​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត បាន​រុញ​ច្រាន​ឲ្យ​ទីផ្សារ​អាជីវកម្ម​អនឡាញ​នៅ​កម្ពុជា​បច្ចុប្បន្ន​ហាក់​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​។ នោះ​ក៏​ដោយ​សារ​តែ អាជីវកម្ម​ប្រភេទ​នេះ​មិន​ទាមទារ​ការ​ចំណាយ​ដើម​ទុន​ច្រើន ព្រម​ទាំង​អាច​ផ្ដល់​ចំណូល​មក​វិញ​បាន​គួរសម​ផង។ តើ​នៅ​ពេល​អនាគត ការ​បន្ត​លក់​តែ​តាម​ប្រព័ន្ធ​អនឡាញ​នៅ​តែ​អាច​ទៅ​មុខ​ដោយ​រលូន​ឬ​យ៉ាង​ណា?

ឆ្លើយ​តប​នឹង​សំណួរ​ខាង​លើ លោក តែ សុខនីរ៉ា ប្រធាន​គម្រោង​ នៃ​ក្រុមហ៊ុន Zination Cambodia នៅ​ក្នុង​សន្និសីទ និង​ពិព័រណ៍​បច្ចេកវិទ្យា  ក្រោម​ប្រធានបទ​ "The Future Of E-Commerce" នា​វិទ្យាស្ថាន​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​ទៅ បាន​ចែក​រំលែក​ថា ប្រសិន​បើ​យើង​ចង់​ឲ្យ​អាជីវកម្ម​របស់​យើង​ដំណើរការ​កាន់​តែ​រលូន​ និង​រីកចម្រើន​ ម្ចាស់​អាជីវកម្ម​គួរ​ងាក​មក​គិតគូរ​ពី​ការ​បើក​ហាង​ បន្ថែម​ពី​លើ​ការ​លក់​តែ​តាម​ប្រព័ន្ធ​អនឡាញ។

លោក តែ សុខនីរ៉ា បាន​លើក​ឡើង​ថា​ ការ​លក់​តាម​ប្រព័ន្ធ​អនឡាញ ឬ Social Channel គឺ​ជា​ផ្នែក​មួយ​នៃ​ OMNI (multi channel) ដែល​ជា​វិធីសាស្ត្រ​ជួយ​ឲ្យ​អាជីវកម្ម​ឆាប់​រីកចម្រើន និងទាក់ទាញ​អតិថិជន​ឲ្យ​មក​ទិញ​ផលិតផល​របស់​យើង​ដល់​ហាង។ ការ​បើក​ហាង​អាជីវកម្ម​ នឹង​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ផលិតផល ឬ​សេវាកម្ម​របស់​យើង ដែល​នេះ​គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លក់ និង​ជំរុញ​ឲ្យ​អាជីវកម្ម​ឆាប់​រីក​ចម្រើន។

ខាង​ក្រោម​គឺ​ជា​វិធីសាស្ត្រ​ (Brick and Mortar Stores Channel) ក្នុង​ការ​ទាក់​ទាញ​អតិថិជន​ឲ្យ​មក​ដល់​ហាង​ផ្ទាល់៖

1) ប្រើ​សារ​តាម​អ៊ីមែល ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ជា​មួយ​អតិថិជន

2) ការ​ប្រើ​កាតាឡុក​ចែក​ជូន​អតិថិជន រួម​នឹង​ការ​ផ្សព្វផ្សាយ​តាម​អនឡាញ ដើម្បី​ផ្ដល់​ដំណឹង​ដល់​អតិថិជន​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល

3) ប្រើប្រាស់​ប័ណ្ណ​ផ្សព្វផ្សាយ ចែក​ជូន​អតិថិជន​នៅ​ពេល​ពួក​គាត់​មក​ដល់​ហាង

4) ប្រើ​គូប៉ុង​ទាក់ទាញ​អតិថិជន​ឲ្យ​ចាប់​អារម្មណ៍​ហាង​របស់​យើង

5) ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​

6) ផ្ដល់​អត្ថប្រយោជន៍​នៅ​ពេល​អតិថិជន​ទិញ​ផលិតផល ឧទាហរណ៍​ការ​ទិញ​សន្សំ​ពិន្ទុ​ដើម្បី​ប្ដូរ​យក​វត្ថុ​អនុស្សាវរីយ៍​ ឬ​ប័ណ្ណ​បញ្ចុះ​តម្លៃ​ជា​ដើម៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s