ម្ចាស់ហាងសំលៀកបំពាក់ CARINO៖ ៥ចំណុចត្រូវដឹងមុនចេញបើកហាងសំលៀកបំពាក់
ចាប់ផ្ដើមអាជីវកម្មណាមួយ មិនមែនចង់ធ្វើភ្លាមចាប់ផ្ដើមភ្លែតនោះទេ។ ជូនកាលយើងឃើញអ្នកដទៃធ្វើបានជោគជ័យ ព្រោះចង់ជោគជ័យដូចគេក៏ទៅធ្វើតាមគេ ប៉ុន្តែក៏មិនប្រាកដថាអាចជោគជ័យដូចគេនោះទេ ដូច្នេះមុនធ្វើអ្វីមួយយើងត្រូវមានការត្រៀមខ្លួនទុកជាមុន។ ជាមួយនឹងបទពិសោធន៍លើអាជីវកម្មសំលៀកបំពាក់ជាច្រើនឆ្នាំ លោកស្រី ទឹម លក្ខណា ស្ថាបនិកហាងលក់សំលៀកបំពាក់ខ្មែរយីហោ CARINO បានចែករំលែកនូវចំណុចសំខាន់៥ដែលសហគ្រិនគួរត្រៀមខ្លួនទុកជាមុនប្រសិនបើចង់បើកហាងសំលៀកបំពាក់។
ចំណុចទី១គឺ ទាមទារឲ្យយើងត្រូវស្គាល់ច្បាស់អំពីប្រព័ន្ធនៃវិស័យនោះ៖ លោកស្រីលក្ខណាប្រាប់ថា ការបើកអាជីវកម្មផ្នែកកាត់ដេរសំលៀកបំពាក់នេះ មិនមែនទាមទារឲ្យយើងត្រូវតែចេះកាត់ដេរនោះទេ ប៉ុន្តែវាទាមទារឲ្យយើងត្រូវតែដឹងលើរឿងទាំងអស់នោះ ព្រោះប្រសិនបើយើងមិនយល់ពីការងារទាំងអស់នោះទេ នៅពេលដែលយើងជួលបុគ្គលិកធ្វើការ យើងនឹងពិបាកគ្រប់គ្រង ព្រមទាំងអាចប្រឈមនឹងការគ្រប់គ្រងពីបុគ្គលិកវិញទៀតផង។
ទី២ កំណត់អតិថិជនគោលដៅឲ្យច្បាស់លាស់៖ តើផលិតផលរបស់យើងចង់លក់ឲ្យអតិថិជនប្រភេទណា? អតិថិជនវ័យប៉ុន្មាន? កុំដោយសារតែឃើញគេលក់ផលិតផលនោះដាច់យើងទៅលក់ដែរ ក៏មិនប្រាកដថាដាច់ដូចគេនោះទេ។ ដូច្នេះយើងត្រូវស្វែងយល់ពីខ្លួនឯង និងអតិថិជន។
ទី៣ វត្ថុធាតុដើម៖ ប្រសិនបើយើងជាអ្នកផលិត (ហាងកាត់ដេរសំលៀកបំពាក់) បើដាក់ចិត្តថាធ្វើហើយ យើងក្នុងនាមជាម្ចាស់គប្បីស្គាល់ពីវត្ថុធាតុដើមនៃផលិតផលរបស់យើង។
ទី៤ ទីតាំង និងការរចនាម៉ូតហាង៖ ទីតាំងគឺជារឿងដែលសំខាន់ យើងត្រូវរកទីតាំងណាដែលសាកសមជាមួយផលិតផលរបស់យើង ហើយអ្វីដែលពិសេសគឺការរចនាហាងរបស់យើងឲ្យសាកសមជាមួយផលិតផលដើម្បីជាការទាក់ទាញអតិថិជន។
ទី៥ ស្វែងរកអតិថិជន៖ ត្រូវដឹងថាបច្ចុប្បន្នយើងគឺជាអ្នកដែលទៅស្វែងរកអតិថិជន មិនមែនអតិថិជនមករកយើងទេ ដូច្នេះយើងត្រូវមានការរៀបចំទុកជាមុន បើមិនដូច្នោះទេវាអាចនឹងធ្វើឲ្យមានការប៉ះពាល់ច្រើនដល់យើង៕
ដោយ៖ ជួប ស្រីរ័ត្ន