វិស័យ ៣ដែលកំពុងពុះកញ្ជ្រោលខ្លាំងនៅក្នុងតំបន់អាស៊ី
នៅពេលថ្មីៗនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវបានគេចាត់ទុកថា ជាតំបន់កំពុងមានសក្កានុពលសេដ្ឋកិច្ចរីកចម្រើន លឿនបំផុតនៅលើពិភពលោកជាមួយនឹងឱកាសវិនិយោគគ្រាក់ៗទាំងវិស័យសាធារណៈ និងឯកជន។ តំបន់នេះមិនត្រឹមតែទាក់ទាញមូលនិធិបរទេសឲ្យហូរចូលកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមូលនិធីវិនិយោគក្នុងស្រុកផងដែរខណៈដែលជនជាតិអាស៊ីកាន់តែមានការប្រុងប្រយ័ត្នលើការវិនិយោគរបស់ពួកគេ។
ការសិក្សាថ្មីមួយរបស់វិទ្យាស្ថានស្វ៊ីស (Swiss Re institute) បានរកឃើញថា ប្រទេសថ្មីៗដែលកំពុងមានកំណើន សេដ្ឋកិច្ចលូតលាស់ខ្លាំងត្រូវបានគេរំពឹងថា នឹងរួមចំណែកស្រូបទាញដល់ទៅ ៦០% នៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ១០ ឆ្នាំទៅមុខ។ គ្រាន់តែប្រទេសចិនមួយគឺអាចស្រូបយកកំណើនសេដ្ឋកិច្ចច្រើនជាងគេរហូតដល់ទៅ ២៧%។
ប៉ុន្តែស្របពេលដែលប្រទេសចិនកំពុងមានជម្លោះសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក បណ្តាប្រទេសផ្សេងៗទៀតដូចជា វៀតណាម ឥណ្ឌូនេស៊ី និងសឹង្ហបុរីកំពុងនាំមុខក្នុងលើវិស័យច្ចេកវិទ្យាច្នៃប្រឌិត និងផ្តល់ដំណោះស្រាយបញ្ហាតម្រូវការក្នុងស្រុក។ ដូច្នេះហើយទើបអាជីវកម្មបង្កើតថ្មី នៅក្នុងប្រទេសទាំងបីកំពុងទទួលបានទុនវិនិយោគច្រើនជាងគេបំផុតពីអ្នកវិនិយោគគិតចាប់តាំងពីដើមឆ្នាំ ២០១៩ មក។
ការសិក្សាមួយរបស់ក្រុមហ៊ុន CBInsights បានបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១២ មក ទឹកប្រាក់ជាង ២៨៥ ពាន់លានដុល្លារត្រូវបានវិនិយោគលើអាជីវកម្មបង្កើតថ្មីដែលរកស៊ីខាងវិស័យបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករាប់ចាប់ពីប្រទេសចិនរហូតដល់ប្រទេសនូវែលហ្សេឡង់។ ក្រុមហ៊ុនមួយចំនួនដែលបានកើបយកដើមទុនធំជាងគេបំផុតនៅក្នុងតំបន់រួមមានក្រុមហ៊ុនទូទាត់សាច់ប្រាក់យក្ស Ant Financial Services របស់ចិន ក្រុមហ៊ុនដឹកជញ្ចូន Gojek របស់ឥណ្ឌូនេស៊ី និង ក្រុមហ៊ុនបច្ចេកវិទ្យា Preferred Networks របស់ជប៉ុន។
តំបន់អាស៊ីក៏ត្រូវបានគេចាត់ទុកដែរថា ជាតំបន់ដែលវិស័យច្ចេកវិទ្យាច្នៃប្រឌិត (Tech Innovation) កំពុងពុះកញ្ជ្រោលខ្លាំងជាងគេ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និង Virtual reality។ ប្រទេសជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌា និងឥណ្ឌូនេស៊ីកំពុងឈានមុខគេលើវិស័យមួយនេះ។ ប៉ុន្តែវិស័យផ្សេងទៀតដូចជា ការផ្គត់ផ្គង់ និងការលក់រាយគឺនៅមិនឆ្ងាយប៉ុន្មានទេពីវិស័យបច្ចេកវិទ្យា។
លោក Victor Orlovski ដៃគូគ្រប់គ្រង និងជាស្ថាបនិកក្រុមហ៊ុន Fort Ross Ventures របស់អាមេរិកបានកំណត់វិស័យចំនួន ៣ ដែលកំពុងពុះកញ្ជ្រោលខ្លាំងនៅតំបន់អាស៊ីនាពេលបច្ចុប្បន្នដែលក្នុងនោះរួមមាន៖
១. ការធ្វើជំនួញតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce)
លោក Victor Orlovski បានមានប្រសាសន៍ថា ឥណ្ឌានឹងក្លាយជាទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញដ៏ធំបន្ទាប់នៅពេលខាងមុខជាមួយនឹងភាពជាក់លាក់នៃតម្រូវការទំនិញប្រើប្រាស់របស់ខ្លួន។ ភាពរីកចម្រើនខ្លាំងក្នុងវិស័យខាងលើនៅរយៈពេលមួយទសវត្សចុងក្រោយជាមួយក្រុមហ៊ុនថ្មីៗ ដូចជាក្រុមហ៊ុន Flipkart, Snapdeal និង Firstcry នៅប្រទេសឥណ្ឌាបានធ្វើឲ្យប្រជាប្រិយភាពរបស់ក្រុមហ៊ុន Amazon ធ្លាក់ចុះជាលើកដំបូងក្នុងប្រទេសនេះ ហើយនៅពេលអនាគតឆាប់ៗ ក្រុមហ៊ុនក្នុងស្រុកជាច្រើនរបស់ខ្លួននឹងអាចកែប្រែមុខមាត់ថ្មីសម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស។
២.អាជីវកម្ម O2O (O2O Businesses)
ទាក់ទងទៅនឹងវិស័យអាជីវកម្ម 020 ឬ Online-to-offline (ជាទីផ្សារទិញលក់ទំនិញដែលធ្វើឡើងតាមប្រព័ន្ធឌីជីថល)នេះ លោក Victor Orlovski លើកឡើងថា ចិនគឺជាអ្នកដឹកនាំក្នុងគំរូអាជីវកម្មមួយនេះ ហើយវិស័យនេះនៅតែបន្តរីកមុខរីកមាត់បន្តទៅមុខទៀតនៅលើទឹកដីមហាអំណាចមួយនេះ។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់លោក Jack Ma គឺ Alibaba ជាឧទាហរណ៍ស្រាប់ដែលបង្ហាញពីសក្តានុពលនៃការរកស៊ីក្នុងវិស័យមួយនេះនៅលើទឹកដីចិន។
៣.ការចែកចាយ និងដឹកជញ្ជូន (Delivery and Logistics)
ឥណ្ឌូនេស៊ីនឹងក្លាយជាទីផ្សារចែកចាយ និងដឹកជញ្ជូនតាមប្រព័ន្ធអ៊ីនធឺណិតដ៏ក្តៅគគុកមួយនៅពេលអនាគត។ នេះជាការលើកឡើងរបស់លោក Victor Orlovsk។
របាយការណ៍របស់ក្រុមហ៊ុនអាល្លឺម៉ង់ Statista បាននិយាយថា ក្រុមហ៊ុន Gojek, Lazada, Zalora, Bhinneka, Tokopedia និង Blibli គឺសុទ្ធតែជាបណ្តាឈ្មោះក្រុមហ៊ុនធំៗកំពុងប្រកួតប្រជែងគ្នាក្នុងវិស័យនេះ ហើយវិស័យនេះកំពុងត្រៀមខ្លួនកើនឡើងជារៀងរាល់ឆ្នាំក្នុងអត្រា ៩,៣% ឬនឹងមានតម្លៃ ១៦,៣៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ខាងមុខ។
ក្រុមហ៊ុន Statista បានបន្តទៀតថា ចំនួនអ្នកទិញទំនិញតាមអនឡាញនឹងកើនឡើងដល់ ៤៣,៨៩ លាននាក់នៅក្នុងឆ្នាំ ២០២២ ខណៈដែលទំហំនៃការចំណាយគិតជាមធ្យមនឹងកើនឡើងដល់ទៅ ៣៧៥ លានដុល្លារ៕
ប្រភព៖ Entrepreneur