បោះបង់​ឱកាស​ការងារល្អ​នៅ​បារាំង! កូន​ខ្មែរ​ម្នាក់​យក​ជំនាញ​មក​បង្កើត​ក្រុមហ៊ុន​ជួយ​ប្រជាជន​



លោក ចៃ ឡូ ស្ថាបនិក​ក្រុមហ៊ុន​ Water Environment (W.E) Venture Co., Ltd (WE Venture) ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នៅ​តាម​ជនបទ រួម​នឹង​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ផ្នែក​ទឹក​ស្អាត។ ដំណើរ​ការ​បាន​រយៈពេល​ជាង​២ឆ្នាំ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​វិនិយោគ​ស្ថានីយ​ទឹក​ស្អាត​មួយ​កន្លែង​ ដែល​ផ្គត់ផ្គង់​បាន​ចំនួន​២ឃុំ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ព្រម​ទាំង​គ្រោង​នឹង​វិនិយោគ​បន្ថែម​ចំនួន​៣​កន្លែង​ទៀត​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

ងាក​ទៅ​មើល​ប្រវត្តិ​ខ្លះៗ​របស់​ស្ថាបនិក​រូប​នេះ​ពិត​ជា​គួរ​ឲ្យ​សរសើរ។ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ជំនាញជា​វិស្វករ ផ្នែក​ទេពកោសល្យ​ជនបទ​ ជំនាញ​បណ្ដាញ​ទឹក​ស្អាត ក្នុង​កំឡុង​ឆ្នាំ​២០០៣ លោក​ ចៃ ឡូ ជា​និស្សិត​ឆ្នើម​ដែល​មាន​ពិន្ទុ​ល្អ ក៏​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​រយៈពេល​២​ឆ្នាំ ផ្នែក​គ្រប់គ្រង​ទឹក​ស្អាត។ ក្រោយ​ពី​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​ទីនោះ លោក​ត្រូវ​បាន​ក្រុមហ៊ុន​ធំ​មួយ​នៅ​បារាំង​ផ្ដល់​ឱកាស​ការងារ​ឲ្យ បន្ទាប់​ពី​ការ​សរសេរ​និក្ខេបបទ​បាន​យ៉ាង​ល្អ​លោក រហូត​ទទួល​បាន​ពាន​រង្វាន់។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Bizkhmer លោក​ ចៃ ឡូ ប្រាប់​ថា គោល​បំណង​​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​គឺ​ចង់​ស្វែង​យល់​ពី​វិធី​ធ្វើ​ទឹក​បែប​បច្ចេកវិទ្យា​ទំនើប​របស់​បរទេស ប៉ុន្តែ​លោក​គ្មាន​បំណង​ចង់​បំពេញ​ការងារ​នៅ​ទី​នោះ​នោះ​ទេ។ ដោយ​ទឹក​ចិត្ត​ស្រលាញ់ និង​ចង់​ជួយ​មាតុភូមិ​វិញ លោក​បាន​បដិសេធ​ និង​អរគុណ​ដល់​ក្រុមហ៊ុន​ចំពោះ​ការ​ផ្ដល់​ឱកាស​ដល់​រូប​លោក។  

បន្ទាប់​ពី​មក​ដល់​កម្ពុជា លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​ដែល​ទាក់ទង​នឹង​វិស័យ​ទឹក​ស្អាត​​ជនបទ​អស់​រយៈពេល​១២ឆ្នាំ តាំង​ពី​ជា​គម្រោង​ចាប់​ផ្ដើម​ដំបូង (Start up) រហូត​ពង្រីក​បាន​ទូទាំង​ប្រទេស។ ក្រោយ​មក នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧ លោក​ក៏​បាន​បង្កើត​ក្រុមហ៊ុន  WE Venture ឡើង ក្នុង​គោល​បំណង ជួយ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាជន​កម្ពុជា។ ជា​គោល​បំណង​ លោក​នឹង​ធ្វើ​ឲ្យ​ WE Venture ក្លាយ​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​កម្ពុជា៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s