រដ្ឋាភិបាលនឹងអភិវឌ្ឍឧទ្យានជាតិ “ភ្នំបូកគោ” ឲ្យក្លាយជាទីក្រុងទំនើប
ក្រៅពីទេសចរណ៍វប្បធម៌ ដែលមានប្រាង្គប្រាសាទនានា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដែលស្រស់ត្រកាលតួយ៉ាងភ្នំបូកគោ។ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត ភ្នំបូកគោត្រូវបានទេសចរទាំងក្នុង និងក្រៅស្រុកកោតស្ញប់ស្ញែង ដោយសារតែសម្រស់បែបធម្មជាតិដ៏ស្រស់ស្អាត។
តាមរយៈវគ្គសិក្ខាសាលានៅក្នុងខែសីហាកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឧទ្យានជាតិ ភ្នំបូកគោ ឲ្យទៅជាទីក្រុងឆ្លាតវៃមួយ។ ស្របនឹងចក្ខុវិស័យនៃឆ្នាំ២០៣៥ ក្នុងការប្រែក្លាយទីក្រុងនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍ឆ្លាតវៃ ទេសចរណ៍បៃតង ធម្មជាតិ ដែលមានតែមួយក្នុងប្រទេសកម្ពុជា ទីក្រុងនេះនឹងត្រូវបែងចែកជា ៨ ផ្នែកដូចខាងក្រោម៖
តំបន់លំនៅដ្ឋាន មានផ្ទៃដីទំហំ ៣,៣៩០ ហិកតា ដែលស្មើនឹង ៣៧.៨៥% នៃផ្ទៃដី ដែលអាចសាងសង់បាន
តំបន់ពាណិជ្ជកម្ម មានផ្ទៃដី ៨២១ ហិកតា ដែលស្មើនឹង ៩.១៧%
តំបន់ចម្រុះ មានផ្ទៃដី ៣៨០ ហិកតា ស្មើនឹង ៤.២២%
តំបន់ដឹកជញ្ជូន មានផ្ទៃដី ៦៤៤ ហិកតា ស្មើនឹង ៧.១៧%
តំបន់ទេសចរណ៍ មានផ្ទៃដី ៨៥៦ហិកតា ស្មើនឹង ៩.៥៦%
តំបន់រដ្ឋបាល និងសេវាសាធារណៈ មានផ្ទៃដី ៩៩៥ហិកតា ស្មើនឹង ១១.១១%
តំបន់លំហសាធារណៈ និងផ្ទៃបៃតង មានផ្ទៃដី ១,១០២ ហិកតា ស្មើនឹង ១២.៣០%
តំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស មានផ្ទៃដី ៦៣៧ ហិកតា ស្មើនឹង ៧.១១%។
ទីក្រុងទេសចរណ៍ និងលំនៅដ្ឋានបូកគោគ្រប់ដណ្តប់លើផ្ទៃក្រឡាប្រមាណ ៥ ភាគរយ នៃទំហំឧទ្យានជាតិបូកគោ ១៥៤,៤៥៨ មែ៉ត្រការ៉េ។
ការបែងចែកនេះ អនុវត្តទៅតាមប្លង់គោលនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ហើយការប្រែក្លាយឧទ្យានជាតិភ្នំបូកគោនេះឲ្យទៅជាទីក្រុងអភិវឌ្ឍន៍វៃឆ្លាតនោះ គឺមានការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ឯកជន ប្រជាពលរដ្ឋ រដ្ឋ និងដៃគូអន្តរជាតិ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្លៃដីខេត្តកំពតបានកើនឡើងខ្ពស់ជាលំដាប់ ដីតំបន់ភ្នំ ដីជុំវិញខេត្តកំពត ក្នុងរង្វង់ ២០ គីឡូម៉ែត្រ ដីមាត់សមុទ្រ និងដីតាមដងព្រែកកំពតសុទ្ធតែមានសក្តានុពលសម្រាប់វិស័យទេចរណ៍៕
ដៃគូសហការ៖ www.realestate.com.kh