លោកនាយករដ្ឋមន្ត្រី៖ ក្នុងមួយខែកម្ពុជាអាចសន្សំបាន២០០លានដុល្លារ
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យប៊ែលធី នាមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍ថា «ក្នុងមួយខែយើង (កម្ពុជា) អាចមានប្រាក់ចំណូលជាង៥០០លានដុល្លារ ឯចាយត្រឡប់ទៅវិញយើងចាយប្រមាណជា៣០០លានដុល្លារ អញ្ចឹងយើងសន្សំមួយខែបានប្រមាណប្រហែលជា២០០លានដុល្លារ ដែលនាំឲ្យយើងមានប្រាក់វិនិយោគខ្លួនឯងដោយមិនរង់ចាំស្អីក៏បរទេសៗនោះទេ»។
សម្ដេចបានបង្ហើបថា ក្នុងឆ្នាំ២០១៩នេះចំណូលពន្ធគយរបស់កម្ពុជា នឹងកើនឡើងរហូតដល់ជាង ៨០០លានដុល្លារ ដែលនឹងលើសពីផែនការគ្រោងទុក។ ត្រឹមតែរយៈពេល៩ខែប៉ុណ្ណោះ ចំណូលដែលបានមកពីពន្ធគយមានចំនួនរហូតដល់ជាង ១០៥% ដែលស្មើនឹង ២៣៨៤លានដុល្លារ ដែលជាមធ្យមក្នុងមួយខែអាចប្រមូលបានប្រមាណ ២៥០លានដុល្លារ និងមានខែខ្លះអាចកើនរហូតដល់ ៣០០លានដុល្លារ ក្នុងមួយខែ។ ដូច្នេះកម្ពុជាមិនចាំបាច់យកចំណូលដែលបានមកពីប្រេងមកចំណាយចរន្តនោះទេ។
លោកនាយករដ្ឋមន្ត្រីបន្ថែមថា ចំណូលដែលបានមកពីពន្ធដារ ពន្ធគយ និងចំណូលមិនមែនសារពើពន្ធ សុទ្ធតែជាចំណូលដែលបានមកជាសាច់ប្រាក់។ បច្ចុប្បន្នកម្ពុជាមានប្រាក់បម្រុងប្រមាណ ១៥ពាន់លានដុល្លារ រួមជាមួយមាស៣០តោនដោយត្រូវបានតម្កល់ទុកមិនប៉ះពាល់នោះទេ ដោយក្នុងនោះ កម្ពុជាក៏មានសាច់ប្រាក់ប្រមាណជិត៤ពាន់លានដុល្លារទៀត សម្រាប់ត្រៀមក្នុងការប្រើប្រាស់បច្ចុប្បន្ន៕
ដោយ៖ ជួប ស្រីរ័ត្ន