មន្ទីរទេសចរណ៍ខេត្តសៀមរាប៖ ភ្ជុំបិណ្ឌ៣ថ្ងៃ សៀមរាបទទួលបានភ្ញៀវទេសចរជាង២៤ម៉ឺននាក់ កើនឡើង៥%
មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលពិធីបុណ្យភ្ជុំបិណ្ឌបីថ្ងៃនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង២៤ម៉ឺននាក់ បានមកទស្សនាខេត្តសៀមរាប ក្នុងនោះចំនួនភ្ញៀវទេសចរជាតិកើនឡើង៩%។
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ តួលេខភ្ញៀវទេសចរសរុប មានចំនួន២៤៤,០៧៥នាក់ កើនឡើង៥.០១ភាគរយ បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៨ ដោយ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណជាង ២៣ម៉ឺននាក់ កើនឡើង៩.៥២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួន ២១ម៉ឺននាក់។
ចំណែក ភ្ញៀវទេសចរអន្តរជាតិ មានការថយចុះ ៣៧.២៣ភាគរយ គឺចំនួន១៤,០៧៥នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួនរហូតដល់ ២២,៤២២នាក់។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ភ្ញៀវទេសចរ ដែលមកទស្សនាខេត្តសៀមរាបក្នុងអំឡុងពិធីបុណ្យនេះ ភាគច្រើនទៅលេងនៅតំបន់អង្គរ បឹងទន្លេសាប បារាយណ៍ទឹកថ្លា និងតំបន់រមណីយដ្ឋានភ្នំគូលែន ទំបន់ម្កាក់ តំបន់កំពង់ភ្លុក និងតាមតំបន់ទេសចរណ៍ផ្សេងៗជាច្រើនទៀត។
លោក ចាន់ សុភា អនុប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប ក៏បានលើកឡើងដែរថា ភ្ញៀវទេសចរជាតិឆ្នាំនេះ ពិតជាមកកម្សាន្តនៅខេត្តសៀមរាបច្រើនមែន បើធៀបទៅនឹងកាលពីឆ្នាំមុន ដោយចំនួនភ្ញៀវទេសចរ បានកើនឡើងទ្វេដង។
លោកបានបន្តថា នៅតាមសណ្ឋាគារ តាមភោជនីយដ្ឋាន និងតាមរមណីយដ្ឋានកម្សាន្តផ្សេងៗឃើញភាគច្រើនជាភ្ញៀវជាតិ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិមានការថយចុះ ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាបធ្លាក់ចុះ គឺដោយសារចំនួនភ្ញៀវទេសចរចិន មានការថយចុះច្រើន ដោយសារ ថ្មីៗនេះចំនួនភ្ញៀវទេសចរចិន ចេញដំណើរទៅក្រៅប្រទេស បានធ្លាក់ចុះយ៉ាងគំហុក ខណៈដែលចិនកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិច ដែលនាំអោយបណ្តាប្រទេសនានា នៅតំបន់អាស៊ាន និងនៅលើពិភពលោក កំពុងជួបបញ្ហាធ្លាក់ចុះភ្ញៀវទេសចរចិន ទៅទស្សនា។
ឯកឧត្តមបន្តថា នៅកម្ពុជា ភ្ញៀវទេសចរចិន បានធ្លាក់ចុះតែនៅខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែនៅគោលដៅទេសចរណ៍ផ្សេងៗ ទៀត ដូចជា នៅរាជធានីភ្នំពេញ នៅខេត្តព្រះសីហនុ និងនៅគោលដៅទេសចរណ៍នានា មានការកើនឡើង។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បានបង្ហាញថា នៅក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានចំនួន៣លាន៨សែននាក់ កើនឡើងជាង១១% ដោយក្នុងនោះភ្ញៀវទេសចរចិន នៅតែជាប់លំដាប់ថ្នាក់លេខ១ បន្ទាប់មកគឺទេសចរ វៀតណាម ឡាវ ថៃ ជប៉ុន និងប្រទេសកូរ៉េជាដើម៕
ដោយ៖ ស្រីពេជ្រ