ជីវប្រវត្តិសង្ខេបនិងសម្ដីដកស្រង់ចំនួន៦ របស់លោកស្រី Eleanor Roosevelt
Anna Eleanor Roosevelt គឺជាអ្នកនយោបាយ ជាអ្នកការទូត និងជាសកម្មជនមួយរូបរបស់អាមេរិក។ លោកស្រីបានរៀបការជាមួយបងប្អូនជីដូនមួយរបស់គាត់គឺប្រធានាធិបតី Franklin D. Roosevelt ក្នុងឆ្នាំ១៩០៥។ លោកស្រីបានក្លាយជាស្ត្រីទី១របស់សហរដ្ឋអាមេរិកនៅពេលស្វាមីរបស់គាត់បានឡើងកាន់ដំណែងជាប្រធានាធិបតីចាប់ពីឆ្នាំ១៩៣៣ដល់ឆ្នាំ១៩៤៥។ ក្រោយពេលស្វាមីរបស់លោកស្រីបានស្លាប់នៅក្នុងឆ្នាំ១៩៤៥ លោកស្រីបម្រើការនៅ United States Delegate to the United Nations General Assembly រហូតដល់ឆ្នាំ១៩៥២។
ជាញឹកញាប់លោកស្រីតែងចេញមុខឡើងថ្លែងសុន្ទរកថាអំពីសិទ្ធិស៊ីវិលរបស់ជនជាតិអាហ្វ្រិកអាមេរិក សិទ្ធិស៊ីវិលរបស់អាស៊ីអាមេរិក និងសេរីភាពរបស់ជនអន្តោប្រវេសន៍ក្នុងសង្គ្រាមលោកលើកទី២ រហូតធ្វើឲ្យលោកស្រីក្លាយជាភរិយាដំបូងបំផុតរបស់ប្រធានាធិបតីដែលបានឡើងថ្លែងសុន្ទរកថាយ៉ាងទៀងទាត់ សរសេរកាសែតចុះផ្សាយប្រចាំថ្ងៃ សរសេរទស្សនាវដ្ដីចុះផ្សាយប្រចាំខែ ចូលនិយាយក្នុងកម្មវិធីវិទ្យុជារៀងរាល់សប្ដាហ៍ និងឡើងនិយាយនៅក្នុងសន្និបាតគណបក្សជាតិ។ ក្នុងឆ្នាំ១៩៦២ លោកស្រីក៏បានចាកចេញពីលោកនេះទៅ។ ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីចំនួន៦ឃ្លារបស់លោកស្រី:
១) «នៅពេលជីវិតងាយស្រួលពេកសម្រាប់យើង យើងគួរប្រុងប្រយ័ត្នឬបើមិនដូច្នោះទេយើងនឹងមិនបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឈមមុខនឹងខ្យល់ព្យុះដែលមុននិងក្រោយគង់តែមកដល់មនុស្សគ្រប់គ្នា មិនថាមានឬក្រនោះឡើយ។»
២) «មនុស្សនឹងវិវឌ្ឍទៅតាមបទពិសោធន៍បើសិនជាពួកគេប្រឈមមុខនឹងជីវិតប្រកបដោយភាពស្មោះត្រង់និងភាពក្លាហាន។ តាមរបៀបនេះហើយដែលកសាងឡើងនូវអត្តចរិត។»
៣) «ខ្ញុំគិតថា នៅពេលក្មេងចាប់កំណើតមក បើម្ដាយអាចសុំទេពធីតាឲ្យប្រទាននូវកាដូដ៏មានប្រយោជន៍បំផុតបាន កាដូនោះគួរតែជាភាពងឿងឆ្ងល់។»
៤) «ស្ត្រីប្រៀបបានទៅនឹងកញ្ចប់តែ។ អ្នកមិនអាចដឹងបានទេថាតើនាងរឹងមាំប៉ុណ្ណារហូតទាល់តែអ្នកបានដាក់នាងចូលក្នុងទឹកក្ដៅ។»
៥) «មិត្តភាពជាមួយខ្លួនឯងមានភាពសំខាន់ណាស់ ពីព្រោះបើគ្មានវាទេ មនុស្សម្នាក់មិនអាចធ្វើជាមិត្តរបស់នរណាម្នាក់នៅក្នុងលោកនេះបានទាំងអស់។»
៦) «ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំមិនដែលមានអារម្មណ៍ថាខ្លួនឯងសំខាន់ ព្រោះវាពិតជាធ្វើឲ្យជីវិតស្មុគស្មាញ។»
ដោយ៖ ស្រីពៅ