ទម្លាប់សាមញ្ញទាំង ៦ ចំនុចនេះអាចធានាបានភាពជោគជ័យដល់អ្នក
ទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ជាកត្តាសំខាន់នៃការកំណត់ភាពជោគជ័យរបស់អ្នកទៅថ្ងៃមុខ។ ទម្លាប់នៃការរស់នៅរបស់មនុស្សម្នាក់ៗ មិនដូចគ្នាឡើយ តែទម្លាប់មួយចំនួនអាចជះឥទ្ធិពលមិនល្អក្នុងការជម្រុញដំណើរនៃភាពជោគជ័យរបស់អ្នក។
ខាងក្រោមនេះជាទម្លាប់សាមញ្ញាៗ ដែលអាចកែប្រែជីវិតរបស់អ្នក និងដឹកដៃអ្នកទៅកាន់ភាពជោគជ័យ៖
១) ចាប់ផ្តើមដោយគោលដៅ និងគោលបំណងជាក់លាក់មួយ
ការងារមួយសម្រេចបានវាអាស្រ័យលើការដាក់កំណត់គោលដៅឲ្យបានច្បាស់លាស់។ សកម្មភាពប្រចាំថ្ងៃជាចំនុចចាប់ផ្តើមដំបូងក្នុងការកំណត់ការសម្រេចគោលដៅអ្នក រកឲ្យឃើញពីមូលហេតុដែលអ្នកចង់សម្រេចគោលដៅរបស់អ្នកបន្ទាប់មកភ្ជាប់ទៅនឹងគោលបំណងនោះជារៀងរាល់ថ្ងៃ។
២) កត់ចំណាំរាល់ការផ្លាស់ប្តូររបស់អ្នក
ចង់ដឹងថាការងារដែលអ្នកបានធ្វើមានការអភិវឌ្ឍ ឬការរីកចម្រើនឬអត់អ្នកត្រូវធ្វើការវាស់វែងវា មើលថាអ្នកមានការផ្លាស់ប្តូរអ្វីខ្លះ? ពេលមានការផ្លាស់ប្តូរចំពោះអ្នក អ្នកប្រាកដជានឹងដាក់កម្រិតខ្លួនឯងបន្ថែមទៀតថាអ្នកនឹងបន្តឲ្យឡើងដល់ចំនុចណាបន្ទាប់ ក្នុងរយៈពេលប៉ុន្មាន។
៣) បង្កើតផែនការប្រចាំថ្ងៃ និងយកវាទុកជារូបមន្តសម្រាប់អនុវត្តនិងដោះស្រាយពេលមានបញ្ហា
ការដាក់ផែនការគឺជាអ្វីដែលអ្នកត្រូវធ្វើ មិនថាការងារលំបាកយ៉ាងណា ការងារនោះស្មុគស្មាញយ៉ាងណា បើអ្នកធ្វើការងារតាមផែនការនោះវាមិននឹងមិនធ្វើឲ្យអ្នកមានលំបាកឡើយ។ លើសពីនេះ យកផែនការបង្កើតជាទម្លាប់ ដាក់ជារូបមន្តមកអនុវត្តជាប្រចាំ និងសម្រាប់ដោះស្រាយបញ្ហា។
៤) កុំយកចិត្តទុកដាក់នឹងភាពខ្ជិលរបស់អ្នកពេក
ភាពខ្ជិលច្រអូស ជាជំងឺមួយដែលតែងរាំងផ្លូវអ្នកមិនឲ្យអ្នកដើរទៅរកភាពជោគជ័យបាន។ ធ្វើព្រងើយកន្តើយនឹងភាពខ្ជិលច្រអូសបន្តិចទៅ ជំនះរាល់ការលំបាកដើម្បីអាចឈានទៅចាប់គោលដៅរបស់អ្នកបាន។
៥) ផ្តល់អាទិភាពដល់ការងារណាដែលចាំបាច់ និងបន្ទាន់បំផុត
ការងារដែលអ្នកត្រូវទទួលខុសត្រូវ សុទ្ធតែជាការងារសំខាន់ តែភាពចាំបាច់ និងបន្ទាប់នៃការងារគឺមិនដូចគ្នាទេ។ អ្នកត្រូវកំណត់ឲ្យច្បាស់ថាក្នុងថ្ងៃនេះ មានការងារប៉ុន្មានដែលជាការងារបន្ទាប់ អ្នកត្រូវរៀបការងារតាមលំដាប់នៃភាពចាំបាច់ពីខ្លាំងមកតិច ហើយធ្វើវាតាមលំដាប់នៃភាពចាំបាច់។
៦) ផ្តល់រង្វាន់ និងការលើកទឹកចិត្តដល់ខ្លួនឯង
ការផ្តល់រង្វាន់ដល់ខ្លួនឯងជារឿងមួយគប្បីបំផុត ការធ្វើបែបនេះបង្ហាញពីការឲ្យតម្លៃខ្លួនឯង វាជាការលើកទឹកចិត្ត និងជម្រុញឲ្យខ្លួនឯងព្យាយាមស្វែងរកអ្វីដើម្បីបានទៅដល់គោលដៅកាន់តែឆាប់។ ត្រូវចាំថា ចំណាយលុយបន្តិចសម្រាប់ខ្លួនឯងមិនមែនជារឿងខ្ជះខ្ជាយឡើយ លើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន ជាជាងរងចាំវាពីអ្នកដទៃ៕
ដោយ៖ យ៉ាយ៉ា