រុក្ខជាតិ ៧ ប្រភេទជាប្រភពឱសថសំខាន់បំផុតសម្រាប់ឃ្មុំព្រៃក្រេបដើម្បីផលិតទឹកឃ្មុំ​



តាមការឲ្យដឹងពីអ្នកជំនាញខាងឃ្មុំមកពីសហព័ន្ធសហគ្រាសប្រមូលនិងអភិរក្សឃ្មុំព្រៃកម្ពុជាបានឲ្យដឹងថា ឃ្មុំព្រៃមានលទ្ធភាពផលិតទឹកឃ្មុំដែលមានភាពជាឱសថរហូតទៅដល់ ៨៥% ខុសពីឃ្មុំកសិដ្ឋាន។

តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញខាងឃ្មុំបានរកឃើញថា ឃ្មុំព្រៃអាចហើរចេញពីសំបុកបានចំងាយ ១៣ គីឡូម៉ែត្រដើម្បីស្វែងរកចំណី និងលម្អងផ្កា។ ផ្កាព្រៃរាប់រយប្រភេទសុទ្ធតែជាប្រភពឱសថដែលនាំឲ្យឃ្មុំព្រៃក្រេបយកលម្អងផ្កាទាំងនោះហើយ អាចផលិតជាទឹកឃ្មុំដ៏ល្អផ្ទុកដោយភាពជាឱសថច្រើនសម្រាប់ព្យាបាលរោគបានយ៉ាងប្រសើរ។

ក្នុងចំណោមផ្ការុក្ខជាតិរាប់រយប្រភេទ គេឃើញផ្ការុក្ខជាតិសំខាន់ហើយសម្បូរសម្រាប់ឃ្មុំព្រៃក្រេបយកលម្អង និងទឹកដមមានចំនួន ៧ ប្រភេទដូចជា៖

១) តាត្រាវ (Fagraea Fragrans Roxb, Fagraea cochinchinensis Cheval)៖ ព្យាបាលជំងឺគ្រុនចាញ់ ថ្នាំចម្រើនអាយុ ថ្នាំហឺត ក្អក រាគមួល និងក្រពះខ្សោយរំលាយអាហារបានល្អ 

២) កន្ទួតព្រៃ (Phayllanthus Enblica L)៖ ជំនួយសាច់ឈាម ជំនួយស្បែក ហើមពោះ ក្អក ខ្សោយបេះដូង

៣) កំបោរវល្លិ៍ (Cissus Modeccoide Planch.var)៖ ព្យាបាលអាការៈឈឺក្បាល ឈឺសន្លាក់ដៃជើង ឬសដូងបាត

៤) កណ្តោល (Careya Sphaerca Roxb)៖ ជួយផ្សះដំបៅ ព្យាបាលរបួស ថ្នាំកម្លាំងសម្រាប់ស្រ្តីទើបឆ្លងទន្លេរួច

៥) ឈ្លីក (Terminalai Alata.F.Heyne ex Roth)៖ ជួយព្យាបាលជម្ងឺក្រពះ

៦) ធ្នង់ (Pterocarpus Macrocarpus)៖ ព្យាបាលផ្សះដំបៅ ជំនួយកម្លាំង ព្យាបាលអាការៈពុល ឈឺធ្មេញ

៧) ខ្វាវ (Haldina Cordifolia Roxb)៖ ព្យាបាលទាស់ក្រោយឆ្លងទន្លេ រាគមួល រោគសើស្បែក និងឈឺក្បាល។

នៅមិនទាន់អស់នៅឡើយទេ ក្រៅពីនោះនៅមានផ្សេងៗដែលជាប្រភពឱសថដូចជា ផ្កាបាក់ដង ផ្កាទ្រនុំព្រាម ផ្កាក្រះញឹប-ស ផ្កាកោងកាង ផ្កាល្ងៀងធំ ផ្ការវៀង ផ្កាពួចអួលជាដើម។ វានៅមានផ្កាឈើព្រៃជាច្រើនរយប្រភេទទៀតដែលមិនអាចបង្ហាញអស់ ហើយទាំងនោះសុទ្ធសឹងជាផ្កាឈើព្រៃដែលមាននៅក្នុងព្រៃប្រទេសកម្ពុជា។ ទាំងនេះអាចបង្ហាញឲ្យឃើញថា កម្ពុជាមានសក្តានុពលអានុផលព្រៃឈើធម្មជាតិជាច្រើន ដែលផ្តល់លទ្ធភាពដល់ធម្មជាតិបង្កើតបានជាផលិតផល និងប្រភពឱសថបានយ៉ាងល្អ និងមានប្រសិទ្ធិភាពបំផុត។

សូមចូលរួមថែរក្សាព្រៃឈើ និងធនធានធម្មជាតិ គឺជាការចូលរួមអភិរក្សឃ្មុំព្រៃកម្ពុជា និងចូលរួមលើកកម្ពស់ធនធានធម្មជាតិខ្មែរឡើងវិញ៕

ដោយ៖ យ៉ាយ៉ា

 

X
5s