កម្រងសម្ដីចំនួន១០ឃ្លា របស់អ្នកបង្កើតគំនូរជីវចល Mickey Mouse លោក Walt Disney
គំនូរជីវចល Mickey Mouse ដែលជាជោគជ័យដ៏ធំមួយនៅក្នុងវិស័យគំនូរជីវចលរបស់អាមេរិក ត្រូវបានផ្ដួចផ្ដើមឡើងដោយលោក Walt Disney ដែលជាសហគ្រិនរបស់អាមេរិក ជាអ្នកគំនូរជីវចល អ្នកបញ្ចូលសំឡេង និងអ្នកផលិតរឿង។ គាត់កើតនៅក្នុងឆ្នាំ១៩០១នៅក្នុងទីក្រុងឈីកាហ្កូ សហរដ្ឋអាមេរិក។ គាត់មានចំណង់ចំណូលចិត្តទៅលើការគូរគំនូរតាំងពីតូចមក។ ក្រោយមកគាត់បានផ្លាស់លំនៅទៅកាន់រដ្ឋកាលីហ្វ័រញ៉ាហើយក៏បានបើកស្ទូឌីយ៉ូមួយដែលមានឈ្មោះថា Disney Brothers Studio ជាមួយនឹងបងប្រុសរបស់គាត់។ ក្រោយមកទៀត ស្នាដៃគំនូរជីវចលរបស់គាត់ទទួលបានការគាំទ្រយ៉ាងខ្លាំង និងបានទទួលពាន់រង្វាន់ជាច្រើន។ បន្ទាប់មកគាត់ក៏បានពង្រីកបង្កើតសួនច្បារកម្សាន្តមួយ ហើយក្នុងឆ្នាំ១៩៥៥ Disneyland ក៏បានចាប់កំណើតឡើង។
លោក Disney នៅតែជាតួអង្គដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រគំនូរជីវចលរបស់អាមេរិកនិងនៅក្នុងប្រវត្តិសាស្ត្រនៃវប្បធម៌របស់អាមេរិក។ ប៉ុន្តែដោយសារតែគាត់ញៀននឹងបារីពេក គាត់ក៏បានលាចាកលោកដោយសាររោគមហារីកថ្លើមក្នុងវ័យ៦៥ឆ្នាំទៅ។ ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីរបស់លោក Disney ចំនួន១០ឃ្លាដូចខាងក្រោមនេះ៖
១) «ការស្រមើស្រមៃនិងការពិតច្រើនតែត្រួតស៊ីគ្នា។»
២) «ធ្វើការឲ្យបានល្អ។ អ្នកមិនចាំបាច់ខ្វាយខ្វល់អំពីលុយនោះទេ វានឹងមកដោយខ្លួនឯង។ គ្រាន់តែធ្វើការរបស់ខ្លួនឯងឲ្យបានល្អ ហើយយកជ័យជម្នះទៅលើវាទៅ។»
៣) «ថ្នាក់រៀនដ៏អ៊ូអរ ចូលអង្គុយរៀនពាក់កណ្ដាលថ្ងៃ គឺជាការខ្ជះខ្ជាយយ៉ាងក្រៃលែងទៅលើធនធានធម្មជាតិដ៏អស្ចារ្យបំផុតរបស់យើង នោះគឺជាចិត្តគំនិតរបស់ក្មេង។»
៤) «វាគឺជាកំហុសមួយដែលមិនបានផ្ដល់ឱកាសឲ្យមនុស្សដើម្បីរៀនពឹងផ្អែកលើខ្លួនឯងនៅពេលពួកគេនៅតូចនៅឡើយ។»
៥) «ខ្ញុំសុខចិត្តធ្វើឲ្យមនុស្សសប្បាយចិត្តហើយសង្ឃឹមថាមនុស្សបានរៀនអ្វីពីវាជាជាងបង្រៀនមនុស្សហើយសង្ឃឹមថាពួកគេនឹងសប្បាយចិត្ត។»
៦) «Disneyland គឺជាស្នាដៃដែលចេញពីក្ដីស្រឡាញ់។ ពួកយើងមិនមែនបង្កើតDisneylandគ្រាន់តែជាមួយនឹងគំនិតនៃការបង្កើតលុយនោះទេ។»
៧) «បុរសម្នាក់មិនគួរធ្វេសប្រហែសមិនយកចិត្តទុកដាក់គ្រួសារដោយសារតែការងារជំនួញនោះឡើយ។»
៨) «នៅពេលមនុស្សសើចដាក់តុក្កតាMickey Mouse នោះក៏ដោយសារតែវាពិតជាដូចមនុស្សណាស់ ហើយត្រង់ចំណុចនេះឯងដែលជាអាថ៌កំបាំងនៃប្រជាប្រិយភាពរបស់វា។»
៩) «ខ្ញុំតែងតែសម្លឹងមើលនៅខាងសុទិដ្ឋិនិយម តែខ្ញុំក៏មានភាពប្រាកដនិយមគ្រប់គ្រាន់ក្នុងការដឹងថាជីវិតគឺជារឿងរ៉ាវមួយដ៏ស្មុគស្មាញ។
១០) «រាល់ក្ដីសុបិនរបស់យើងទាំងអស់នឹងអាចក្លាយជាការពិតឲ្យតែយើងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការដេញតាមវា។»
ដោយ៖ ស្រីពៅ