សុភាសិតចំនួន១១ឃ្លា របស់ជនជាតិពែក្ស ដែលអាចឲ្យអ្នកបានស្វែងយល់ពីគំនិតរបស់ជនជាតិនេះ
ពែក្សឬហ្វាស៊ី គឺជាកុលសម្ព័ន្ធមួយរបស់ប្រទេសអ៊ីរ៉ង់ ដែលមានចំណែកជាងពាក់កណ្ដាលនៃប្រជាជនសរុបរបស់អ៊ីរ៉ង់។ នៅក្នុងប្រវត្តិសាស្ត្រតាំងពីដើមមក ពែក្សបានចូលរួមចំណែកជាច្រើននៅក្នុងផ្នែកសិល្បៈនិងវិទ្យាសាស្ត្រ។ ក្នុងផ្នែកសិល្បៈ ពួកគេបានចូលរួមចំណែកទៅលើការផ្ចង់អក្សរ ការត្បាញកម្រាលព្រំ សិល្បៈធ្វើកែវ សិល្បៈស្មូន ការរចនាបថវាយនភណ្ឌ Mosaic ដែលជាសិល្បៈឬរូបភាពមួយផ្ទាំង ដែលត្រូវបានបង្កើតឡើងដោយផ្គុំចូលគ្នានូវកម្ទេចតូចៗនៃកែវពណ៌ ដុំថ្ម ឬវត្ថុធាតុផ្សេងៗ។ ចំណែកឯភាសាពែក្សរបស់ពួកគេក៏ត្រូវបានគេទទួលស្គាល់ថាជាអក្សរសាស្ត្រដ៏មានវ័យចំណាស់បំផុតមួយនិងមានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោកផងដែរ។
ថ្ងៃនេះយើងបានចងក្រងនូវសុភាសិតចំនួន១១ឃ្លារបស់ជនជាតិពែក្ស ដែលអាចឲ្យអ្នកបានស្វែងយល់ពីគំនិតរបស់ជនជាតិនេះ:
១) «សរសេរពីសេចក្ដីល្អនៅលើថ្មម៉ាប ហើយសរសេរពីរបួសស្នាមនៅលើកម្ទេចធូលី។»
២) «ខ្ញុំរអ៊ូរទាំពីព្រោះតែខ្ញុំគ្មានស្បែកជើង រហូតទាល់តែខ្ញុំបានឃើញបុរសម្នាក់ដែលគ្មានជើង។»
៣) «ស្វែងរកចំណេះដឹងចាប់ពីក្នុងអង្រឹងទារករហូតដល់ក្នុងក្ដារមឈូស។»
៤) «ដៃដែលខូចអាចធ្វើការបាន តែមិនមែនចិត្តដែលខូចនោះឡើយ។»
៥) «គ្រប់រឿងរ៉ាវទាំងអស់តែងមានមុខពីរខាង។»
៦) «យប់ងងឹតលាក់ទុកនូវពិភពលោក តែលាតត្រដាងនូវចក្រវាល។»
៧) «នៅពេលព្រហ្មលិខិតមកដល់ គ្រូពេទ្យមិនបានការអ្វីនោះឡើយ។»
៨) «នៅពេលមានចុងភៅពីរនាក់ ស៊ុបអាចនឹងប្រៃខ្លាំងពេកឬមិនមានរសជាតិអ្វីសោះ។»
៩) «ខណៈពេលដែលស្រេកឃ្លាននូវភាពលើស យើងបានបាត់បង់នូវភាពចាំបាច់។»
១០) «មានតែបេះដូងប៉ុណ្ណោះដែលអាចស្វែងរកឃើញផ្លូវទៅកាន់បេះដូងមួយទៀត។»
១១) «ដុំភក់ដែលអ្នកគប់នឹងធ្លាក់មកលើក្បាលរបស់ខ្លួនឯង។»
ដោយ៖ ស្រីពៅ