ឯកឧត្ដមបណ្ឌិត តាន់ មុន្នីវណ្ណ៖ ចង់ក្លាយជាអ្នកមានមិនពិបាកទេឲ្យតែមានចំណុចមួយនេះ
ហេតុអ្វីបានជាអ្នកមាន ឬមហាសេដ្ឋីនៅក្នុងពិភពលោកនេះមានចំនួនតិចជាងមនុស្សធម្មតា? ចម្លើយនោះគឺ ដោយសារតែពួកគេមានចំណុចពិសេស និងការគិតពិសេសខុសពីមនុស្សទូទៅធម្មតា។ ជាមួយគ្នានេះដែរ នៅក្នុងវេទិកាស្ដីពី «ភាពជាអ្នកមាន» កាលពីពេលកន្លងទៅ ឯកឧត្ដម បណ្ឌិត តាន់ មុន្នីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប បានលើកឡើងនូវចំណុចពិសេសមួយនៃមនុស្សដែលមានភាពជាអ្នកមានតែងធ្វើ ខណៈដែលមនុស្សសាមញ្ញធម្មតាមិនធ្វើ ឬមិនអើពើ។
ឯកឧត្ដមបានលើកឡើងថា «អ្នកមានហ៊ានជាងអ្នកក្រឆ្ងាយ»។ អ្នកមានហ៊ានប្រថុយប្រថានក្នុងការធ្វើជំនួញ ហ៊ានដាក់ទុន ហ៊ានលះបង់ពេលវេលាខ្លាំង ខណៈដែលមនុស្សសាមញ្ញទូទៅនៅ ស្ដាយលុយ នៅភ័យខ្លាចហានិភ័យ និងមិនមានមហិច្ឆតាធំ។ ដូច្នេះរវាងមាគ៌ារបស់អ្នកមាន និងមនុស្សធម្មតា បើយើងធ្វើការប្រៀបធៀប គឺខុសគ្នាដាច់។ ការដែលលើកឡើងបែបនេះគឺមិនមែនចង់បន្ទោសបង្អាប់ខាងណាទេ ប៉ុន្តែទាំងនេះសុទ្ធតែជារឿងពិតរបស់មនុស្ស។
ឯកឧត្ដម មុន្នីវណ្ណ បន្តថា រហូតមកដល់ពេលនេះឯកឧត្ដមជឿថានៅកម្ពុជាយើងមានអ្នកមានខ្លះមានលុយរហូតដល់រាប់ប៊ីលានដុល្លារឯណោះ ដូច្នេះសួរថាពួកគាត់ចំណាយពេលប៉ុន្មានម៉ោងដើម្បីធ្វើការ? អ្នកមានខ្លះ ពួកគាត់ធ្វើការតិចបំផុតក៏ត្រឹមម៉ោង២យប់ដែរ។ ក្រឡេកទៅមើលមនុស្សធម្មតា តើក្នុងមួយថ្ងៃពួកគាត់ធ្វើការប៉ុន្មានម៉ោង? ដូច្នេះបើយើងមើលទៅមនុស្សធម្មតា ចំពោះកិច្ចការធម្មតាអ្នកខ្លះពួកគាត់មិនទាំងបានធ្វើផង។
លោកអគ្គនាយករងមានប្រសាសន៍ថា «ការគិតរបស់មនុស្សខុសគ្នាពិតមែន ប៉ុន្តែភាពត្រឹមត្រូវមិនមានច្រើនទេ សម្រាប់ខ្ញុំ ខ្ញុំមិនដែលឲ្យពេលវេលាមួយថ្ងៃណារបស់ខ្ញុំកន្លងទៅដោយឥតប្រយោជន៍នោះទេ»។ ប្រសិនបើយើងចង់មានមហិច្ឆតាក្លាយជាអ្នកមាន ទាល់តែយើងមានការគិតការគិតក្នុងរបៀបជាអ្នកមាន មានការគិតខ្លាំង មានការតាំងចិត្តខ្ពស់ មានភាពអំណត់និងការព្យាយាមខ្លាំង។ ឲ្យតែមានចំណុចទាំងនេះបើទោះបីជាមិនអាចក្លាយជាអ្នកមានកំពូល ក៏ប៉ុន្តែចង់ក្លាយជាអ្នកមានគឺមិនពិបាកនោះទេ៕
រូបភាព៖ Ratha Leading
ដោយ៖ ជួប ស្រីរ័ត្ន