ដំណឹងល្អ! វិស័យសំខាន់២របស់កម្ពុជាត្រូវបានឥណ្ឌូនេស៊ីចាប់អារម្មណ៍វិនិយោគ
នៅក្នុងជំនួបក្នុងពិធីពិសាអាហារពិភាក្សាការងារ (Working Dinner) ជាមួយ ឯកឧត្ដមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូន នាសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ ឯកឧត្ដម Budi Karya Sumadi រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើការវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែ ដែលសុទ្ធសឹងជាវិស័យសំខាន់នៅកម្ពុជា។ នេះបើយោងតាមក្រសួងសាធារណការនឹងដឹកជញ្ជូន។
តាមប្រភពខាងលើបានឲ្យដឹងបន្ថែមថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានបទពិសោធន៍លើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្លូវដែកជាមួយប្រទេសថៃ ម៉ាឡេស៊ី ឡាវ បង់ក្លាដេស និងអាហ្រ្វិក។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូនេស៊ីបានសម្ដែងនូវបំណងពង្រីកនូវអាជីវកម្មរបស់ខ្លួនដោយនិងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា ព្រោះប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋដ៏ធំផលិតនូវទូ និងក្បាលរថភ្លើង ដែករ៉ៃ និងគ្រឿងបង្គុំផ្សេងៗសម្រាប់បម្រើឲ្យការលើកកម្រិត និងសាងសង់ផ្លូវដែក។ ចំពោះកំពង់ផែវិញ ប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋធំៗផលិតនាវា គ្រឿងឧបករណ៍សម្ភារៈបរិក្ខាកំពង់ផែ។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគម្រោងលើកកម្រិតផ្លូវដែករបស់កម្ពុជា ដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មី ព្រមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែរបស់កម្ពុជាផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្វាគមន៍ដល់បំណងធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគរបស់ឥណ្ឌូនេស៊ីនៅកម្ពុជា និងបានលើកទឹកចិត្តឲ្យភាគីឥណ្ឌូនេស៊ី មកសិក្សានិងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា៕
ដោយ៖ ជួប ស្រីរ័ត្ន