ទៀតហើយ! Facebook ត្រូវប្រជាជនអាមេរិកប្ដឹងថាបានរំលោភបំពានលើច្បាប់មួយនេះ
យោងតាម Entrepreneur បានឲ្យដឹងថាអ្នកប្រើប្រាស់ Facebook នៅរដ្ឋ Illinois បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះថាបានរំលោភបំពានលើច្បាប់ស្តីពីសិទ្ធិឯកជនព័ត៌មានជីវមាត្រ (ទាក់ទងនឹងអត្តសញ្ញាណរាងកាយ) (Biometric Information Privacy Act) របស់រដ្ឋដែលតម្រូវឱ្យក្រុមហ៊ុននេះទទួលបានការយល់ព្រមពីអ្នកប្រើប្រាស់ជាមុនសិនមុននឹងប្រមូលព័ត៌មានជីវមាត្រ (biometric information) របស់ពួកគេតាមរយះមុខងារសម្គាល់មុខអ្នកប្រើប្រាស់ (Facial recognition) លើបណ្ដាញសង្គមមួយនេះ។
ហេតុនេះហើយបានជារដ្ឋាភិបាលអាមេរិកបានអនុញ្ញាតិឲ្យប្រជាជនរបស់ខ្លួនធ្វើការដាក់ពាក្យបណ្ដឹងក្រុមហ៊ុនមួយនេះពីបទការរំលោភបំពានការប្រមូលព័ត៌មានជីវមាត្រដោយគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់។ ហើយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញានេះ ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះបានព្យាយាមរំសាយចោលពាក្យបណ្ដឹងទាំងនេះ ប៉ុន្តែតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក Court of Appeals for the Ninth Circuit មិនព្រមឲ្យក្រុមហ៊ុននេះធ្វើបែបនេះបានដោយងាយៗនោះទេ។ ជាពិសេសនោះ Facebook នឹងត្រូវប្រឈមជាមួយនឹងការពិន័យជាប្រាក់រាប់ពាន់លានដុល្លារអាមេរិកចំពោះបណ្ដឹងទាំងនេះ។
រឿងក្ដីនេះបានកើតឡើងតាំងពីកាលឆ្នាំ ២០១៥ មកម្លេះដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះមួយចំនួនបានប្ដឹងក្រុមហ៊ុនមួយនេះទាក់ទិននឹងការយកព័ត៌មានជីវមាត្ររបស់ពួកដែលជាការរំលោភបំពានច្បាប់នៅរដ្ឋ Illinois ដោយបណ្ដាញសង្គមមួយនេះបានប្រើប្រាស់មុខងារសម្គាល់មុខដែលមានមុខងារក្នុងការស្គាល់មុខរបស់អ្នកប្រើប្រាស់ក្នុងរូបភាពណាមួយដែលលេចចេញតាមបណ្ដាញសង្គមមួយនេះ។ ពួកជនទាំងនេះបានអោយដឹងថាពួកគេមិនបានយល់ព្រមក្នុងការប្រើប្រាស់មុខងារមួយនេះរបស់ Facebook ទេកន្លងមកប៉ុន្តែបែរជាមុខងារសម្គាល់មុខនេះបានដំណើរការលើគណនីគេទៅវិញ។ ហើយក្រុមហ៊ុន Facebook អាចនឹងត្រូវពិន័យក្នុងការបង់ជាទឹកប្រាក់ជាង ៥០០០ ដុល្លារអាមេរិកចំពោះអ្នកប្រើប្រាស់ម្នាក់ៗ។ ហើយបញ្ហានេះគឺមិនមែនកើតឡើងតែក្នុងសហរដ្ឋអាមេរិកតែមួយទេតែជាបញ្ហាដែលបានកើតឡើងចំពោះអ្នកប្រើប្រាស់រាប់លានអ្នកជុំវិញពិភពលោក៕
ដោយ៖ នឿន វណ្ណៈ