ភ្នំពេញ​ទទួល​បាន​គម្រោង​វិនិយោគ​៦​ក្នុង​ទំហំ​ទុន​ជាង​១៥០​លាន​ដុល្លារ នារយៈពេល​​៨​ខែ​ឆ្នាំ​២០១៩​



គិត​ត្រឹម​រយៈពេល​៨​ខែ​ ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​២១​គម្រោង​ទូទាំង​ប្រទេស  ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ​ជាង​៧០០​លាន​ដុល្លារ។ ក្នុង​នោះ​ដែរ រាជធានី​ភ្នំពេញ​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន​៦​លើ​ទំហំ​ទុន​ចំនួន ១៥០,៦ លានដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ការ​ងារ​ដល់​ពលរដ្ឋ​បាន​រហូត​ដល់ ៥,០៥៤​កន្លែង។ 

ទី១ ក្រុមហ៊ុន SUO FEIYA (CAMBODIA) APPAREL CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់។ សំលៀកបំពាក់​សត្វ​ចិញ្ចឹម ប៉ាក់ និង​បោះពុម្ព ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​២ ភូមិ​កណ្តោល សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​ ២.៧លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦២៣​កន្លែង។

ទី២ ក្រុមហ៊ុន HYUNDAI PACKAGING (CAMBODIA) II CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង និង​សម្ភារៈ​បន្ទាប់​បន្សំ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៤លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣០២​កន្លែង។

ទី៣ ក្រុមហ៊ុន YA ZHI (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ៣ គីឡូម៉ែត្រ​លេខ​១៨ ភូមិ​គោក​ខ្សាច់​ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២.៧លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨០១​កន្លែង។

ទី៤ ក្រុមហ៊ុន EASTCROWN FOOTWEAR INDUSTRY CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៤លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១៥២៩​កន្លែង។

ទី៥ ក្រុមហ៊ុន QY BAG & LUGGAGE (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៣.២លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១០៧០​កន្លែង។

ទី៦ ក្រុមហ៊ុន ROYAL FIELD DEVELOPMENT COMPANY CO.,LTD. គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៣ ចំនួន​៣០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​មហាវិថី​សហព័ន្ធរុស្សី ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី៣ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ១៣៤លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៧២៩​កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s