កម្ពុជា នឹងទទួលបានកំណើនភ្ញៀវទេសចរកើនឡើងបន្ថែម បើជើងហោះហើរត្រង់ កម្ពុជា-រុស្ស៊ី ចេញជាផ្លែផ្កាឆាប់ៗនេះ​



ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី នឹងជំរុញជើងហោះហើរត្រង់រួមគ្នា ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារប្រទេសរុស្ស៊ី និងទេសចរមកពីប្រទេសទីបីបន្ថែម ខណៈ៧ខែ ដើមឆ្នាំ២០១៩នេះ ទេសចររុស្ស៊ីបានមកទស្សនាកម្ពុជាមានប្រមាណជាង ៣៤,០០០នាក់។

រុស្ស៊ីដែលជាប្រទេសធំជាងនៅគេលើពិភពលោកនោះ បានទទួលសំណើរក្នុងការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា និងសហការជាមួយកម្ពុជា ក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួន សំដៅរុញកំណើនទេសចររុស្ស៊ី និងទេសចរមកពីប្រទេសទីបី ឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។

ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ដឹកនាំដោយលោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានការហោះហើរត្រង់ទៅកាន់រដ្ឋធានីមូស្គូ ឬទីក្រុងណាមួយនៅចុងបូព៌ារបស់រុស្ស៊ីមកកាន់កម្ពុជានៅឡើយទេ ដូច្នេះឯកឧត្តមបាន ស្នើទៅកាន់ឯកអគ្គរដ្ឋទូតរុស្ស៊ី ធ្វើយ៉ាងណាជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក(Vladivostok) ឬពីទីក្រុងណាមួយរបស់រុស្សីមកកាន់កម្ពុជា ដែលមានរយៈចម្ងាយខ្លីជាងមកពីមូស្គូ ដើម្បីជំរុញកំណើនទេសចររុស្ស៊ីឱ្យមកកម្ពុជាកាន់តែច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើរុស្ស៊ីឲ្យជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ី ព្រមទាំងស្នើឱ្យជួយរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចររុស្ស៊ីផងដែរ ខណៈក្នុងចំណោមតំបន់អាស៊ាន មានដូចជា ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី (ពិសេសកោះបាលី) ជាប្រទេសទទួលបានទេសចររុស្ស៊ីច្រើនជាងគេ ហើយកម្ពុជាសង្ឃឹមថានឹងទទួលបានទេសចររុស្ស៊ីបន្ថែមទៀត តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់មកខេត្តសៀមរាប និងតំបន់ឆ្នេរ ក៏ដូចជារាជធានីភ្នំពេញ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើភាគីរុស្ស៊ីរៀបចំឱ្យមានដំណើរទស្សនកិច្ចកសិទេសចរណ៍ (Farm Trip) នៅប្រទេសកម្ពុជា សម្រាប់ប្រតិភូ និងអ្នកសារព័ត៌មានមកពីរុស្ស៊ី ឱ្យបាន២ដងក្នុងមួយឆ្នាំ ដើម្បីបង្កើនការផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងគោលដៅទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ីឱ្យបានច្រើនឡើង។

ភាគីរុស្ស៊ីដែលដឹកនាំដោយ លោក ឌីមីទ្រី ស្វឺតខូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានទទួលយកនូវសំណើទាំងនេះយ៉ាងពេញចិត្ត ប៉ុន្តែក៏បានស្នើមកកម្ពុជាវិញដែរ គឺសូមសហការជាមួយរុស្ស៊ីឱ្យបានជិតស្និទ្ធ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះដំណើរការទៅប្រកបដោយផ្លែផ្កា។

សូមជម្រាបថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចររុស្ស៊ីប្រមាណជិត ៦៥,០០០នាក់ និងនៅរយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ ទេសចររុស្ស៊ីបានមកទស្សនាកម្ពុជាមានប្រមាណជាង ៣៤,០០០នាក់៕

ដោយ៖ ស្រីពេជ្រ

X
5s