ចង់ដឹងថាអ្នកមានទូទៅមានទម្លាប់ដូចគ្នាអ្វីខ្លះ សូមអានអត្ថបទមួយនេះ!
លោក Thomas C. Corley ដែលជាអ្នកនិពន្ធសៀវភៅជនជាតិអាមេរិកដ៏ល្បីល្បាញ "ទម្លាប់អ្នកមាន ឬ Rich Habits ” បានចំណាយពេលដល់ទៅ ៥ឆ្នាំដើម្បីចង់ដឹងថា តើអ្នកមានទាំងអស់មានលក្ខណៈពិសេសដូចគ្នាអ្វីខ្លះ? នៅក្នុងលទ្ធផលស្រាវជ្រាវរបស់លោកទៅលើអ្នកមាន ២៣៣ នាក់ និងអ្នកក្រ ១២៨ នាក់បានបង្ហាញពីលក្ខណៈទូទៅជាច្រើនរបស់អ្នកមានទាំងនោះដូចខាងក្រោមនេះ៖
១.អ្នកមានទាំងនោះ គឺជាអ្នកមានពិតប្រាកដ។ អ្នកមានទាំងនោះមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ៣,២ លាន ដុល្លារដែរ។ ១៦ % នៃអ្នកមានទាំងនោះមានទ្រព្យសម្បត្តិ ៥ លានដុល្លារឡើងទៅ។ ពួកគេអាចរកចំណូលបានយ៉ាងតិច ១៦០,០០០ ដុល្លារក្នុងមួយឆ្នាំ។ ពាក់កណ្តាលនៃអ្នកមានទាំងនោះរកចំណូលបានជិត ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
២.អ្នកមានភាគច្រើនជាមនុស្សវ័យចំណាស់។ ៨០% នៃអ្នកមានទាំងនោះមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។
៣.អ្នកមានចំណាយពេលយូរណាស់ដើម្បីកសាងទ្រព្យសម្បត្តិរបស់ពួកគេ។ ជាមធ្យម ពួកគេចំណាយពេល ៣២ ឆ្នាំទើបក្លាយជាអ្នកមានបាន។
៤.អ្នកមានទាំងណោះពេញចិត្តការងាររបស់ពួកគេខ្លាំងណាស់។ អ្នកមាន ៨៦ % និយាយថា ពួកគេពេញចិត្តអ្វីដែលពួកគេកំពុងធ្វើដើម្បីជីវភាពរបស់ខ្លួន ខណៈដែល ៦១% ស្វែងរកក្តីសុបិន្ដ ឬអ្វីមួយដែលពួកគេមានមហិច្ឆតាចង់បានបំផុត។ ក្នុងចំណោមអ្នកមានទាំងនោះដែលសម្រេចបានក្តីសុបិន្ដខ្លួនបានក្លាយជាសេដ្ឋីក្នុងរយៈពេលត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ ហើយមានទ្រព្យសម្បត្តិ ៧,៤ លានដុល្លារ។
៥.អ្នកមានបំផុតក្នុងចំណោមអ្នកមានទាំងនោះមានគ្រូបង្គោល (Mentor) ផ្ទាល់ខ្លួនសម្រាប់បង្រៀនដឹកនាំផ្លូវពួកគេពីអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ។
៦.អ្នកមានទាំងនោះសុទ្ធតែអ្នកស្រលាញ់ការអាន។ ៨៨ អ្នកមាន ៨៨% អានសៀវភៅ ឬឯកសារផ្សេងៗរាល់ថ្ងៃដើម្បីបង្កើនចំណេះដឹងសម្រាប់ការងាររបស់ខ្លួន។ ៨៥% អានសៀវភៅយ៉ាងតិច ២ ក្បាលក្នុងមួយខែ ខណៈដែល ៦៣ % ស្តាប់សៀវភៅចាក់ជាសម្លេងនៅពេលពួកគេធ្វើដំណើរទៅលំហាត់ប្រាណ ឬធ្វើការនៅក្នុងផ្ទះ។ អ្នកមានទាំងនោះមិនអានដើម្បីតែកម្សាន្តទេ។ ពួកគេយល់ថា នេះគឺជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។
៧.អ្នកមានភាគច្រើនកសាងទ្រព្យសម្បត្តិចេញពីបាតដៃទទេ។ ពួកគេមិនបានទទួលមរតកពីឪពុកម្តាយរបស់ខ្លួនអ្វីឡើយ។ អ្នកមាន ៣១% បានហែលឆ្លងជីវិតក្រីក្រនៅក្នុងផ្ទះតោកយ៉ាក។ ៤៥% មានជីវភាពក្នុងវណ្ណៈកណ្តាល ហើយមានតែអ្នកមាន ២៤ % បានទទួលមរតកពីឪពុកម្តាយ។
៨.អ្នកមានទាំងនោះសុទ្ធតែមានទម្លាប់ល្អ និងទម្លាប់មិនល្អមួយចំនួន។ អ្នកមាន ៧៣ % សារភាពថា ខ្លួនទទួលបានទម្លាប់ជោគជ័យល្អៗពីគំរូឪពុកម្តាយ។
៩. អ្នកមានទាំងនោះគឺជាមនុស្សដែលមានការប្រកួតប្រជែងខ្លាំង។ អ្នកមាន ៦៣ % និយាយថា ខ្លួនធ្លាប់លេងកីឡា និងចូលរួមប្រកួតកម្មវិធីផ្សេងៗនៅពេលរៀនថ្នាក់វិទ្យាល័យ។
១០.អ្នកមានទាំងនោះគឺជាមនុស្សមានសុខភាពល្អណាស់ ហើយពួកគេហាត់ប្រាណស្ទើរតែរាល់ថ្ងៃ។ អ្នកមាន ៧៦% ហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីដែរក្នុងមួយថ្ងៃ និង៤ ថ្ងៃក្នុងមួយសប្តាហ៍។ ពួកគេចូលចិត្តជិះកង់ ឬរត់ហាត់ប្រាណ។ អ្នកមានទាំងនេះមានការប្រុងប្រយ័ត្នខ្លាំងណាស់លើអាហារហូបចុកប្រចាំថ្ងៃ។ ពួកគេមិនចូលចិត្តទទួលទានសុរា អាហារកំប៉ិកកំប៉ុក ឬអាហារកែច្នៃច្រើននោះទេដូចជាអាហារចម្អិនស្រាប់ (Fast Food) ជាដើម។ អ្នកមានមិនប្រើប្រាស់គ្រឿងញៀន ឬ ជក់បារីទេ ហើយយ៉ាងហោចណាស់គេងឲ្យបាន ៧ ម៉ោងក្នុងមួយថ្ងៃ។
១១.អ្នកមានជាមនុស្សចូលចិត្តចែករំលែក និងបង្រៀនអ្នកដទៃ ជាពិសេសគឺចង់ជួយឲ្យអ្នកដទៃជោគជ័យក្នុងជីវិតដូចខ្លួនដែរ។
១២.អ្នកមានជាមនុស្សមានសប្បុរសធម៌ជាមួយនឹងការលះបង់ពេលវេលា និងថវិការបស់ខ្លួន។ អ្នកមាន ៧២% បានធ្វើការងារស្ម័គ្រចិត្ត ៥ ម៉ោង ឬច្រើនជាងនេះក្នុងមួយខែដោយមិនស្វែងរកប្រាក់ចំណេញ។ ទន្ទឹមនឹងនេះពួកគេក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនផងដែរសម្រាប់កម្មវិធីសប្បុរសនានា។
១៣.អ្នកមានទាំងអស់សុទ្ធតែមានទីប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួន។ អ្នកមានចង់ដឹងអ្វីៗគ្រប់យ៉ាងទាក់ទងនឹងវិធីធ្វើឲ្យលុយកាក់របស់ពួកគេកាន់តែកើនឡើង។ ពួកគេក៏មានមេធាវីសម្រាប់ប្រឹក្សាផ្លូវច្បាប់ផ្ទាល់ខ្លួនផងដែរ។ អ្នកមានចូលចិត្តវិនិយោគ ហើយការវិនិយោគត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត។
១៤.អ្នកមានជាមនុស្សរីករាយ។ ទុកមុខពួកគេពោរពេញដោយស្នាមញញឹម និងមានសុទិដ្ឋិនិយមក្នុងជីវិត។
១៥.អ្នកមានទាំងនោះនៅផ្ទះតែមួយ ឡានតែមួយ និងមានភរិយាតែមួយប៉ុណ្ណោះ។ អ្នកមាន ៦៤ រស់នៅក្នុងផ្ទះសាមញ្ញ និងរស់នៅក្នុងផ្ទះតែមួយយ៉ាងហោចណាស់ក៏ ២០ ឆ្នាំដែរ។ មានអ្នកមានតិចតួចណាស់ដែលបានចែកផ្លូវលែងលះគ្នា។ ពួកគេជិះរថយន្តចាស់ៗ សាមញ្ញៗ និងមិនអួតសម្ភារៈទំនើបៗទៅអ្នកផ្សេងឡើយ។
១៦.អ្នកមានទាំងនោះភាគច្រើនសុទ្ធតែបានរៀបចំផែនការប្រចាំថ្ងៃ។ ៨១ ភាគរយនិយាយថា ពួកគេត្រូវរក្សាបញ្ជីការងារដែលត្រូវធ្វើក្នុងថ្ងៃនីមួយៗជានិច្ច។
១៧.អ្នកមានស្ទើរតែទាំងអស់មិនចំណាយប្រាក់លើសលប់សម្រាប់ដំណើរកម្សាន្តទេ។ អ្នកមាន ៩៦% ចំណាយលុយតិចជាង ៦ ០០០ ដុល្លារក្នុងមួយឆ្នាំសម្រាប់វិស្សមកាលរបស់ខ្លួន ខណៈដែល ៤១ % ចំណាយផ្សេងទៀតចំណាយតិចជាង ៣ ០០០ ដុល្លារក្នុងមួយឆ្នាំ។
១៨.អ្នកមានចូលចិត្តក្រោកពីព្រលឹមរាល់ថ្ងៃ។ អ្នកមាន ៤៤% ភ្ញាក់ពីដំណេកយ៉ាងហោចណាស់៣ ម៉ោងមុនពេលធ្វើការរបស់ពួកគេចាប់ផ្តើម។
១៩.នៅកន្លែងធ្វើការ អ្នកមានទាំងនោះគឺជាថៅកែ។ អ្នកមាន ៩១% គឺជាអ្នកសម្រេចចិត្តលើភារកិច្ចការងាររបស់ខ្លួនជំនួសឲ្យអ្នកផ្សេងទៀត។ អ្នកមានទាំងនោះមានមុខរបរមួយក្នុងចំណោមមុខរបរទាំងនេះដែលមានដូចជា ម្ចាស់អាជីវកម្មខ្នាតតូច នាយកប្រតិបត្តិ នាយកប្រតិបត្តិជាន់ខ្ពស់ មេធាវី វេជ្ជបណ្ឌិត ទីប្រឹក្សាហិរញ្ញវត្ថុ ឬអ្នកលក់ជាដើម។
២០.អ្នកមានភាគច្រើនបានរៀននៅមហាវិទ្យាល័យដែលមានចំនួន ៦៨%។ ៥៦% មានអាជីវកម្មផ្ទាល់ខ្លួនពេលកំពុងរៀន និង ២៥% បើកអាជីវកម្មនៅពេលបញ្ចប់ថ្នាក់មហាវិទ្យាល័យ។
២១. អ្នកមានគឺជាមនុស្សហ៊ានប្រឈមមុខទៅនឹងឧបសគ្គ។ ៦៣ % បានសារភាពថា ខ្លួនសុទ្ធតែបានប្រឈមនឹងហានិភ័យជាច្រើនទម្រាំក្លាយជាអ្នកមាន ខណៈ២៧% បានបរាជ័យយ៉ាងហោចណាស់ម្តងដែរក្នុងអាជីវកម្ម។
២២.អ្នកមានធ្វើការច្រើនម៉ោងណាស់ ពោលគឺ ៧៣% ធ្វើការជាមធ្យម ៥៨ ម៉ោងក្នុងមួយសប្តាហ៍។
២៣.អ្នកមានសុទ្ធតែរៀបចំគោលដៅជាមុន។ អ្នកមាន ៨០ បានផ្ដោតលើគោលដៅជាសំខាន់មួយនៅអំឡុងពេលណាមួយ។
២៤.អ្នកមានទាំងនោះចូលចិត្តរាប់អានមនុស្សជោគជ័យខ្លាំងណាស់ ឬ មនុស្សដែលមានសុទិដ្ឋិនិយមក្នុងជីវិត និងមានទស្សនវិស័យប្រហាក់ប្រហែលគ្នា។ ពួកគេមិនចូលចិត្តរាប់អានមនុស្សដែលមានគំនិតទុទ្ទិដ្ឋិនិយម ឬ មនុស្សបរាជ័យនោះឡើយ។
២៥.អ្នកមានជាមនុស្សគោរពច្បាប់ដោយ ៩៩% នៃអ្នកមានទាំងនោះមិនដែលត្រូវបានចាប់ខ្លួន។ អ្នកមាន ៨៤% បាននិយាយថា ខ្លួនមិនចូលចិត្ត ឬធ្លាប់លេងល្បែងនោះទេ។
២៦.អ្នកមានភាគច្រើនមានប្រភពចំណូលច្រើនជាងមួយ។ ៦៥% និយាយថា ខ្លួនមានប្រភពចំណូលចាប់ពី៣ឡើងទៅ។ ៤៥% មានប្រភពចំណូលចាប់ពី ៤ឡើងទៅ និង ២៩% មានប្រភពចំណូលចាប់ពី៥ឡើងទៅ។ ទន្ទឹមនឹងនេះ អ្នកមានជាមនុស្សសន្សំសំចៃ។ អ្នកមាន ៩៤% បានយកប្រាក់ចំណូល ២០% សម្រាប់សន្សំទុក។
២៧.អ្នកមានមិនចូលចិត្តមើលទូរទស្សន៍នោះទេ។ ៦៧% និយាយថា ខ្លួនមើលទូរទស្សន៍តិចជាង ១ ម៉ោងក្នុងមួយថ្ងៃ។
២៨.អ្នកមានទាំងនោះរៀនមិនសូវឆ្លាតប៉ុន្មានទេ។ ៧៧% រៀនបានត្រឹមតែនិទ្ទេស C ឬនិទ្ទេស B ។ ប៉ុន្តែពួកគេមានសមត្ថភាពកាន់តែពូកែ និងឆ្លាតវៃបន្ទាប់ពីបានចេញពីសាលាដោយសារតែការខិតខំស្រាវជ្រាវរៀនសូត្រដោយខ្លួនឯង ។ អ្នកមានទាំងនោះសុទ្ធតែបានប្ដេជ្ញាថា នឹងបន្តរៀនពេញមួយ ជីវិតរបស់ពួកគេ៕
ប្រភព៖ Businessinsider