កម្ពុជា-ថៃ បង្កើតគណៈកម្មការមូលបត្ររួមគ្នា បោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា-ថៃ នឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែនរួមគ្នា ដើម្បីឲ្យក្រុមហ៊ុនដែលចុះបញ្ជីលក់មូលបត្រនៅកម្ពុជានិងថៃ អាចចុះបញ្ជីលក់មូលបត្រជាលើកទី២ឆ្លងដែន និងអាចជំរុញឲ្យក្រុមហ៊ុននៃប្រទេសទាំងពីរ មានលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្នុងទំហំកាន់តែធំ ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈកម្មការមូលបត្រថៃ ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្នុងគោលបំណងបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងនិយ័តករទាំងពីរពាក់ព័ន្ធ នឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិឆ្លងដែន និងផលិតផលឌីប៉ូស៊ីតធើរីរីស៊ីប ដែលជាប្រភេទមួយនៃមូលបត្រតំណាងឱ្យមូលបត្រដើមដែលបានចុះបញ្ជីលក់ និងកំពុងជួញដូរនៅទីផ្សារមូលបត្រប្រតិស្រុតបរទេស បន្ថែមលើ MOU ស្តីពី “កិច្ចសហប្រតិបត្តិការ ការប្រឹក្សា និងការផ្លាស់ប្តូរព័ត៌មាន” ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៤។
ឯកឧត្តមបន្តថា គណៈកម្មការនៃប្រទេសទាំងពីរ នឹងពង្រឹងការអនុវត្តច្បាប់រួមគ្នា រួមជាមួយការបើកផ្លូវឱ្យមានការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិឆ្លងដែន ពោលគឺក្រុមហ៊ុនដែលចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងថៃ អាចចុះបញ្ជីលក់មូលបត្រជាលើកទី២ឆ្លងដែននៅថៃ និងកម្ពុជា (Secondary Listing) ឬចុះបញ្ជីលក់មូលបត្រព្រមគ្នានៅកម្ពុជា និងថៃ (Dual Listing) ព្រមទាំងជំរុញឱ្យមានពិពិធកម្មផលិតផលសម្រាប់ការជួញដូរ តាមរយៈយន្តការឌីប៉ូស៊ីតធើរីរីស៊ីប។ ក្រៅពីការអនុវត្តន៍ខាងលើ ការចុះ MOU នេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុននៅកម្ពុជា និងថៃ អាចមានលទ្ធភាពទទួលបានហិរញ្ញប្បទាន ក្នុងទំហំកាន់តែធំ ក៏ដូចជាមានសន្ទនីយភាពក្នុងទីផ្សារទាំងពីរ ដែលជាកត្តាចូលរួមជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា ការចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមដោយប្រធានគណៈកម្មការមូលបត្រថៃប្រធានធនាគារពិភពលោកប្រចាំប្រទេសថៃ ប្រធានផ្សារមូលបត្រថៃ អគ្គលេខាធិការសមាគមក្រុមហ៊ុនមូលបត្រថៃ ប្រធានសមាគមក្រុមហ៊ុនវិនិយោគថៃ ប្រធានក្លឹបធនាគារវិនិយោគ តំណាងក្រសួងការបរទេស តំណាងក្រសួងហិរញ្ញវត្ថុ អង្គការសហព័ន្ធផ្សារមូលបត្រថៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃគណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងវិស័យឯកជនជាច្រើនរូបទៀត៕
ដោយ៖ ស្រីពេជ្រ