អ្នក​​ដែល​ស្ត្រេស​ខ្លាំង​នឹង​ការងារ​ពេក​រហូត​ដល់​​ភ្លេច​គេង ​សូម​មក​ស្តាប់​ដំបូន្មាន​ Jack Ma​



លោក​ Jack Ma ទើប​នឹង​បាន​ចូលនិវត្តន៍​​បោះបង់​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​យក្ស​លំដាប់​ពិភពលោក​​ Alibaba កាល​ពី​ថ្មីៗ​នេះ​​ប៉ុណ្ណោះ​។ ការ​ដកខ្លួន​ចេញ​ពី​មុខ​តំណែង​កំពូល​នេះ​បាន​ធ្វើ​ឡើង​នៅ​​ចំ​​ថ្ងៃ​​ខួបកំណើត​គម្រប់​អាយុ ៥៥ ឆ្នាំ​​របស់​លោក​កាល​ពី​​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​។

ជាមួយ​នឹង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​របស់​លោក មហាសេដ្ឋី​ចិន​​រូប​នេះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​អ្នកជំនួញ​ពោរពេញ​ទៅ​ដោយ​​បទពិសោធន៍ ផ្នត់គំនិត និង​ដំបូន្មាន​ល្អៗ​យ៉ាង​​ជាច្រើន​សម្រាប់​ចែករំលែក​ទៅ​ដល់​មនុស្សម្នា​​ជា​ពិសេស​អ្នកជំនួញ​​នៅ​​ជុំវិញ​ពិភពលោក​។ ថ្វីត្បិត​តែ​លោក​ជា​មនុស្ស​ស្រលាញ់​ការងារ​ម្នាក់ លោក​ក៏​​បាន​ផ្តល់​ដំបូន្មាន​ពី​ការ​ធ្វើ​ឲ្យ​ជីវិត​​ស្រស់ស្រាយ​តាមរយៈ​​ការ​​ទទួលទាន​ដំណេក​ និង​ទប់ទល់​នឹង​បញ្ហា​ស្រ្តេស​ឲ្យ​មាន​ប្រសិទ្ធភាព។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​​ឆ្នាំ ​២០១៩ ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ដាវ៉ូស​ប្រទេស​ស្វីស​​លោក​Jack​ Ma  បាន  ​ថ្លែង​ទៅកាន់​សាធារណជន​ថា​ លោក​បាន​ផ្តល់​អាទិភាព​ដល់​ការ​សម្រាក  និង​​ទទួលទាន​ដំណេក​នៅពេល​​លោក​ប្រឈមមុខ​​ទៅ​នឹង​អារម្មណ៍​ភាព​តានតឹង​តប់ប្រមល់ ឬ​ស្តេស​។

«បើ​ខ្ញុំ​គេង​មិន​គ្រប់គ្រាន់​ទេ បញ្ហា​នឹង​កើត​ឡើង។ បើ​ខ្ញុំ​គេង​​ឲ្យ​បាន​គ្រប់គ្រាន់ ខ្ញុំ​នឹង​មាន​​ឱកាស​ប្រយុទ្ធ​ជា​ថ្មី​ទៀត។ ជា​ការពិត​ នៅ​ពេល​អ្នក​មិន​សប្បាយ​ចិត្ត​ដោយសារតែ​អ្នក​ផ្សេង​បដិសេធន៍​សំណើ​របស់​អ្នក គេង​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ ហើយ​ក្រោក​ឡើង​ ព្យាយាម​ជាថ្មី​ម្តង​ទៀត។ គេង​មិន​ឆ្អែត ហើយ​បន្តធ្វើ​ការ មិន​បាន​ផល​ទេ។ ស្ត្រេស​ក៏​កាន់តែ​ខ្លាំង​​»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Jack Ma នៅ​ក្នុង​វេទិកា​នោះ។

ដំបូន្មាន​របស់​​មហាសេដ្ឋី​ខាងលើ​នេះ​​ស្រប​ទៅ​នឹង​​ការ​ស្រាវជ្រាវ​មួយ​ស្ដីពី​ការ​ទំនាក់ទំនង​រវាង​ការ​ទទួលទាន​ដំណេក និង​និង​ផលិតភាព​។ ការ​ស្រាវជ្រាវ​ថ្មីៗ​ពី​បណ្ឌិត​សភា​វេជ្ជសាស្ត្រ​អាមេរិក (AASM) បាន​រក​ឃើញ​ថា​ អ្នក​ដែល​មាន​​អត្រា​គេង​មិន​លក់​កើនឡើង ពិបាក​ទទួលទាន​ដំណេក ឬ​​ចូល​គេង​យឺត​​ អាច​ជួបប្រទះ​ការ​បាត់បង់​ផលិតភាព ៥៨% ​នៅ​ថ្ងៃ​បន្ទាប់​។​ ស្ថាប័ន​នេះ​ថែម​ទាំង​បញ្ជាក់​ទៀត​ថា ​ក្នុង​ករណី​ដែល​អ្នក​លះបង់​​ដំណេក​ដើម្បី​​សម្រេច​លទ្ធផល​ការងារ​ឲ្យ​បាន​ច្រើន​នឹង​ប្រឈមមុខ​បាត់បង់​ផលិតភាព​ការងារ​​ ១៩% នៅ​ថ្ងៃ​បន្ទាប់។

ការ​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​បាន​បង្ហាញ​ផង​ដែរ​ថា  ការ​​ទ ទទួលទាន​ដំណេក​មិន​បាន​គ្រប់គ្រាន់​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សមត្ថភាព​​យល់ដឹង​របស់​មនុស្ស​រួមមាន​ដូចជា ការ​ចងចាំ ការ​ច្នៃប្រឌិត ការ​​សម្រេចចិត្ត​ និង​អារម្មណ៍។ សម្រាប់​ហេតុផល​ទាំងអស់​នេះ​មានន័យ​ថា ការ​ទទួលទាន​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​ទម្លាប់​សុខភាព​ដ៏​សំខាន់ និង​ចាំបាច់​បំផុត​​ដែល​​​ជះឥទ្ធិពល​ដល់​ផលិតភាព​​ការងារ​របស់​អ្នក៕

ប្រភព៖ CNBC 

 

X
5s