មិនធម្មតា! អាកាសយានដ្ឋានថ្មីនៅព្រះសីហនុអាចទទួលអ្នកដំណើររហូតដល់ជាង១០លាននាក់
តាមផែនការមេ ស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងចាប់ផ្ដើមដំណើរការសាងសង់នាដើមឆ្នាំ២០២០ខាងមុខនេះ ដោយមានសមត្ថភាពអាចទទួលអ្នកដំណើរ ៣,៦លាននាក់ សម្រាប់ដំណាក់កាលទី១ ព្រមទាំងមានសមត្ថភាពពង្រីកទទួលអ្នកដំណើរបន្ថែមរហូតដល់ជាង១០លានឯណោះ នៅពាក់កណ្ដាលឆ្នាំ២០២២ ដែលជាដំណាក់កាលទី២។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាននៃ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗកន្លងទៅ។
ប្រភពខាងលើបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិនេះ កំពុងតែដំណើរការពង្រីកផ្លូវរត់ហោះហើរ ពី២៥០០ម៉ែត្រ ឲ្យដល់ ៣៣០០ម៉ែត្រ (៨០០ម៉ែត្របន្ថែម) ដោយគ្រោងនឹងបញ្ចប់ដំណើរការសាងសង់នេះនៅពាក់កណ្ដាលឆ្នាំ២០២០ខាងមុខ។ អាកាសយានដ្ឋានថ្មីនេះមានសមត្ថភាពអាចទទួលបានការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងខ្នាតធំផងដែរ។
ជាគោលការណ៍ផែនការមេ ស្ដីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនេះ ដែលបានស្នើឡើងដោយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ត្រូវបានទទួលការឯកភាពពីក្រុមការងារបច្ចេកទេស នៅក្នុងកិច្ចប្រជុំស្ដីពី «បច្ចេកទេស ដើម្បីពិនិត្យនិងឆ្លងផែនការមេ ស្ដីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ» ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕
ដោយ៖ ជួប ស្រីរ័ត្ន