Microsoft និង Sony កំពុងភ័យខ្លួនខណៈ បងធំ Apple និង Google ត្រៀមរាតត្បាតចូលទីផ្សារហ្គេមដែរហើយ!
យោងតាម Inc.com បានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកទាំងពីរ Apple និង Google ដែលកំពុងវាយលុកទីផ្សារបច្ចេកវិទ្យាទូទាំងពិភពលោកបច្ចុប្បន្ននេះកំពុងតែមានគម្រោងចង់លោតហក់ចូលរាតត្បាតទីផ្សារហ្គេមដែលជាប្លុករបស់បងធំ Sony ដែលមាន PlayStation ហើយ Microsoft ដែលមាន Xbox និង Nintendo ដែលមាន Nintendo Switch ។ ទីផ្សារហ្គេមឌីជីថលនេះមានតម្លៃទឹកប្រាក់ជាង ១៥២.១ ពាន់លានដុល្លារអាមេរិកដែលជាក្រុមហ៊ុនអាមេរិកទាំងពីរនេះធ្លាប់បានស្រមៃចង់ចូលប្រលូកយូរណាស់មកហើយប៉ុន្តែទើបនឹងសម្រេចចិត្តប្រកាសឈានជើងចូលថ្មីៗនេះ។
ប្លែកខុសពី PlayStation និង Xbox ហើយនឹង Nintendo Switch ក្រុមហ៊ុនអាមេរិកទាំងពីរនេះផ្ដល់នូវវេទិកាថ្មីចំពោះអ្នកចូលចិត្តលេងហ្គេមដែលអាចឲ្យពួកគេធ្វើការទាញយកហ្គេមទាំងឡាយមកដាក់ចូលកម្មវិធីមួយរបស់ក្រុមហ៊ុនពួកគេដោយមិនចាំបាច់ប្រើឧបករណ៍ gaming consoles ទេ។ នេះជាឱកាសរបស់ក្រុមហ៊ុនទាំងនេះក្នុងការវាយលុកប្លុកទីផ្សារហ្គេមនេះព្រោះថាក្រុមហ៊ុន Microsoft Sony និង Nintendo កំពុងតែមានការព្រួយបារម្ភពីសម្ពាធសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនដែលអាចប៉ះពាល់ដល់ទីផ្សារហ្គេមរបស់ពួកគេ។ ហើយម្យ៉ាងទៀតមានអ្នកចូលចិត្តលេងហ្គេមជាច្រើនដែលមិនសម្រេចចិត្តទិញ gaming consoles ពីក្រុមហ៊ុនទាំងនោះដោយសារតែតម្លៃថ្លៃពេក។ ដូចនេះគឺជាឱកាសរបស់ក្រុមហ៊ុនទាំងពីរដែលផ្ដល់សេវាកម្មដល់អ្នកចូលចិត្តលេងហ្គេមជាមួយនឹងវេទិកាហ្គេមដែលមិនចាំបាច់ប្រើប្រាស់ឧបករណ៍ gaming consoles ទេ។
វេទិកាហ្គេម Arcade របស់ Apple៖ កម្មវិធីនេះគឺអាចធ្វើការប្រើប្រាស់ឧបករណ៍បានតែជាមួយឧបករណ៍របស់ Apple ដែលតម្រូវឲ្យបង់លុយ ៤.៩៩ ដុល្លារអាមេរិកក្នុងមួយខែ។ ហើយហ្គេមទាំងនោះអាចទាញយកមកដាក់ក្នុងកម្មវិធីនោះក្នុងការយកមកលេងដោយមិនចាំបាច់ប្រើអ៊ិនធើណិតទេ។ ប៉ុន្តែកម្មវិធីនេះអនុញ្ញាតិឲ្យហ្គេមដែលមានទំហំមួយចំនួនប៉ុណ្ណោះដែលអាចយកមកលេងក្នុងកម្មវិធីនេះបាន។
វេទិកាហ្គេម Stadia របស់ Google ៖ ស្រដៀងនឹងកម្មវិធី Arcade ដែរគឺកម្មវិធីនេះមិនត្រូវការ gaming consoles ទេ។ ប៉ុន្តែការបង់ថ្លៃសេវាកម្មនេះអាចខ្ពស់ជាង Arcade ព្រោះដោយសារតែមានមុខងារពិសេសមួយចំនួនដែលអាចឲ្យអ្នកលេង upload វីដេអូហ្គេមទៅលើ Youtube បាននិងបន្តលេងហ្គេមពីចំណុចដែលអ្នកលេងបានផ្អាកលេងកាលពីលើកមុន។ ហើយផ្ទុយពី Arcade ដែរនោះគឺកម្មវិធីនេះត្រូវការមានអ៊ីនធើណិតហើយក្រៅពីឧបករណ៍ Android គឺមិនអាចប្រើប្រាស់បានជាមួយនឹងកម្មវិធីមួយនេះបានទេ។ ដូចនេះគឺមានន័យថាឧបករណ៍ IOS របស់ Apple មិនអាចប្រើប្រាស់ជាមួយសេវាកម្មនេះបានទេ។
វេទិកា Play Pass របស់ Google ៖ វេទិកាសេវាកម្មហ្គេមនេះក៍ជារបស់ Google ដែរប៉ុន្តែវាមិនត្រូវការអ៊ីនធើណិតដូច Stadia ហើយតម្រូវអោយបង់លុយ (៤.៩៩ ដុល្លារអាមេរិកជារៀងរាល់ខែ) ថោកជាង Stadia ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេគឺកម្មវិធីនេះមិនមានមុខងារសំខាន់ៗដូច Stadia ដូចជា upload ចូល Youtube បាននិងមិនអនុញ្ញាតិឲ្យអ្នកលេងហ្គេមបន្តលេងហ្គេមពីចំណុចដែលគេបានផ្អាកទុកបានទេ៕
ដោយ៖ នឿន វណ្ណៈ