ឆ្លាតគ្រាន់បើ! Huawei បើកលក់ប៉ាតង់ប្រព័ន្ធបណ្ដាញ 5G ក្នុងតំបន់អ៊ឺរ៉ុបដើម្បីលួងលោមចិត្តលោកត្រាំ​



យោងតាម Business Insider បានឲ្យដឹងថានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei លោក Ren Zhengfei បានធ្វើការបើកលក់កម្មសិទ្ធបញ្ញា អាជ្ញាប័ណ្ណលេខកូដ និងប្លង់មេបច្ចេកទេស (technical blueprint) នៃប្រព័ន្ធបច្ចេកវិទ្យាបណ្ដាញ 5G របស់ខ្លួននៅក្នុងកម្មវិធីដេញថ្លៃមួយនៅក្នុងតំបន់អ៊ឺរ៉ុប។

ការបើកលក់នេះគឺជាឱកាសមានតែម្ដងគត់របស់ក្រុមហ៊ុន Huawei សម្រាប់ក្រុមហ៊ុនផ្សេងៗនៅក្នុងតំបន់អ៊ឺរ៉ុប។ ការធ្វើបែបនេះគឺជាយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុន Huawei ក្នុងការបន្សាបការមិនទុកចិត្តរបស់ប្រធានាធិបតីអាមេរិកលោកដូណលត្រាំលើក្រុមហ៊ុនចិនមួយនេះ។ មកទល់បច្ចុប្បន្ននេះគឺក្រុមហ៊ុន Huawei នៅតែមានវត្តមានលើបញ្ជីខ្មៅរបស់អាមេរិកដែលមិនទាន់ឈានដល់់កិច្ចចរចារណាមួយដែលអាចអោយក្រុមហ៊ុនចិនមួយនេះធ្លាក់ឈ្មោះចេញពីបញ្ជីខ្មៅអាមេរិកនេះទេ។

លោកត្រាំនៅតែមិនទុកចិត្តលើបច្ចេកវិទ្យា Huawei ដោយចោទប្រកាន់ថាក្រុមហ៊ុនចិនមួយនេះចូលដៃចូលជើងជាមួយរដ្ឋាភិបាលចិនក្នុងការលួចបំពាក់ប្រព័ន្ធស៊ើបការណ៍លើរដ្ឋាភិបាលអាមេរិកនិងប្រទេសផ្សេងៗតាមរយៈប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន។ ហើយបន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាបណ្ដាញ 5G របស់ក្រុមហ៊ុន Huawei ត្រូវបានប្រកាសជាសាធារណៈ លោកត្រាំបានណែនាំឲ្យប្រទេសសម្ព័នមិត្តរបស់ខ្លួនជៀសឲ្យឆ្ងាយពីបច្ចេកវិទ្យាមួយនេះហើយលោកត្រាំបានព្រមានប្រទេសទាំងនោះថាបើហ៊ានតែប្រឆាំងនឹងការណែនាំរបស់លោក គឺប្រទេសទាំងនោះអាចនឹងមានបញ្ហាដែលត្រូវដោះស្រាយជាមួយប្រទេសមហាអំណាចមួយនេះឬប្រឈមជាមួយនឹងការបាត់បង់មិត្តភាពជាមួយនឹងបងធំមហាអំណាចមួយនេះ។

ដូចនេះការដាក់លក់ប្រព័ន្ធបណ្ដាញ 5G របស់ Huawei ក្នុងតំបន់អ៊ឺរ៉ុបគឺជាការលួងចិត្តលោកត្រាំឲ្យជឿជាក់ទុកចិត្តលើក្រុមហ៊ុនមួយនេះថាក្រុមហ៊ុនចិនមួយនេះជាក្រុមហ៊ុនស្អាតស្អំមិនបានលួចវាយប្រហារអតិថិជនរបស់ខ្លួនតាមរយៈទ្វារក្រោយបច្ចេកវិទ្យាខ្លួនដូចអ្វីដែលលោកត្រាំបានចោទប្រកាន់នោះទេ។ ប៉ុន្តែមិនទាន់មានដំណឹងទេថា Huawei លក់ប្រព័ន្ធបណ្ដាញ 5G នេះក្នុងតម្លៃប៉ុន្មានហើយមានក្រុមហ៊ុនណាខ្លះដែលកំពុងសម្លឹងឃើញពីទំនិញមួយនេះរបស់ Huawei លើទីផ្សារអ៊ឺរ៉ុបឡើយ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s