៦ចំនុច បង្ហាញថាតម្លាភាពមានឥទ្ធិពលខ្លាំងលើជីវិតអាជីវកម្មរបស់សហគ្រិន
តម្លាភាពនៅតាមស្ថាប័នមួយ គឺសំដៅដល់ការបើកចំហរព័ត៌មានជាសាធារណៈពាក់ព័ន្ធនឹងការធ្វើសវនកម្ម ការជ្រើសរើសបុគ្គលិក ការចំណាយឬផែនការថវិកាសម្រាប់ចំណាយលើគម្រោងណាមួយ ក៏ដូចជារបាយការណ៍ចំណូលចំណាយជាដើម។
ភាពស្អាតស្អំសម្រាប់សហគ្រិនជាកត្តាចាំបាច់បំផុត ដែលអាចជះឥទ្ធិពលខ្លាំងដល់ជីវិតអាជីវកម្ម។ ភាពស្អាតស្អំនាំមកនូវការមិនកិបកេងធនធាន ផលប្រយោជន៍ និងនាំមកនូវការអភិវឌ្ឍយ៉ាងច្រើនពិសេសលើការលុបបំបាត់អំពើរពុករលួយ។ ហេតុផលទាំង ៦ យ៉ាងខាងក្រោមនេះនឹងបង្ហាញថា តម្លាភាពមានឥទ្ធិពលយ៉ាងណាលើជីវិតអាជីវកម្ម។
១) ផ្តល់ភាពងាយស្រួល
អ្នកប្រាកដជាធ្លាប់ឮឃ្លាមួយថា “ភាពស្មោះត្រង់ជាគោលការណ៍ធំបំផុតរបស់សហគ្រិន”។ តែជាក់ស្តែងពាក្យថា “ស្មោះត្រង់” មិនត្រឹមតែសំខាន់សម្រាប់សហគ្រិនទេ សូម្បីជីវិតរស់នៅរបស់មនុស្សម្នាក់ៗ បើប្រកាន់បានភាពស្មោះត្រង់ជាប់ខ្លួននោះរឿងរ៉ាវល្អៗនឹងកើតមានចំពោះអ្នក រួមទាំងការគោរពផងដែរ។
២) កសាងទំនុកចិត្ត
ទំនុកចិត្ត ជាពាក្យពីរម៉ាត់ខ្លីស្រួលនិយាយ តែមិនមែនអាចទទួលយកដោយងាយៗថាមនុស្សម្នាក់គួរឲ្យទុកចិត្តឬយ៉ាងណា។ ដោយឡែកបើអ្នកមានតម្លាភាព មានភាពស្អាតស្អំគឺងាយនឹងកសាងទំនុកចិត្តសម្រាប់មនុស្សជុំវិញខ្លួន វាក៏នាំឲ្យមានទំនុកចិត្តក្នុងទំនាក់ទំនងអាជីវកម្មដូចគ្នា។
៣) អ្នកមិនដុត ឬរុះស្ពានចោល
នៅពេលដែលតម្លាភាព និងភាពស្អាតស្អំជួយទទួលបានការទុកចិត្តពីអ្នកដទៃ ឯអ្នកខ្លួនឯងផ្ទាល់ក៏ជាមនុស្សដែលមានគុណធម៌មានទំនុកចិត្តលើអ្នកដទៃ ដូចនេះអ្នកនឹងមិនដុតស្ពានចោលពេលអ្នកឆ្លងដល់ត្រើយនោះទេ។
៤) មានទំនាក់ទំនងល្អ
មនុស្សដែលទទួលបានទំនុកចិត្តពីអ្នកដទៃច្រើន គឺជាមនុស្សដែលមានទំនាក់ទំនង មានបណ្តាញច្រើនក្នុងផ្លូវល្អ។ ទាំងអស់នេះវាបានមកពីភាពស្មោះត្រង់របស់អ្នកនាំឲ្យអ្នកមានការគោរព មនុស្សជុំវិញខ្លួនចូលចិត្តរាប់អាន សុំយោបល់ណែនាំពីអ្នក ពេលនោះអាជីវកម្មអ្នកក៏មានដំណើរការល្អតាមរយៈទំនុកចិត្តនេះដែរ។
៥) រក្សាទំនុកចិត្ត
តម្លាភាពតែងនាំឲ្យអ្នករក្សាទំនុកចិត្ត ព្រោះវាជាទម្លាប់ ជានិស្ស័យរបស់អ្នក អ្នកមិនចូលចិត្តបំផ្លាញទំនុកចិត្តដែលខំសាងមកអស់រយៈពេលយ៉ាងយូរមកនោះទេ។
៦) បំផុសឲ្យអ្នកដទៃធ្វើបែបនេះដែរ
តម្លាភាពត្រូវបានអ្នកយកវប្បធម៌សម្រាប់ការធ្វើអាជីវកម្ម ដូចនេះវាបានដក់ក្នុងផ្នត់គំនិតរបស់អ្នកក្នុងការរក្សាភាពស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួន។ អំពើ សកម្មភាព និងគំនិតទាំងនោះនាំឲ្យអ្នកចង់ឃើញអ្នកនៅជុំវិញខ្លួនស្ថិតក្នុងបរិយាកាសដូចគ្នា អ្នកក៏ចាប់ផ្តើមបំផុសគំនិតឲ្យអ្នកដទៃបង្កើតទម្លាប់ស្មោះត្រង់ មានតម្លាភាពដូចគ្នា។
នៅពេលសកម្មភាពអំពើវិជ្ជមានក្នុងសង្គមមានកាន់តែច្រើន អ្វីៗចាប់ផ្តើមប្រែជាល្អ ការអភិវឌ្ឍក៏មានកាន់តែច្រើន អំពើពុករលួយនឹងត្រុវបានកាត់បន្ថយរហូតឈានដល់ការលុបបំបាត់ ហើយវាក្លាយជាឥទ្ធិពលល្អបំផុតដល់ការធ្វើអាជីវកម្មរបស់អ្នក៕
ដោយ៖ យ៉ាយ៉ា