សញ្ញាវិជ្ជមាននៅពេលសន្ទស្សន៍ ផ.ម.ក. បានកើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ​



យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)កាលពីថ្ងៃសុក្រទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩ បានឲ្យដឹងថា សន្ទស្សន៍ ផ.ម.ក. នៅថ្ងៃនេះបានបិទនៅចំនួន ៧១៤.៤៨ ពិន្ទុ ដែលជាតួលេខខ្ពស់បំផុតគិតចាប់ពីដើមឆ្នាំ ២០១៣។ សន្ទស្សន៍ ផ.ម.ក. ដែលតំណាងឲ្យបម្រែបម្រួលថ្លៃជារួមរបស់ភាគហ៊ុនចុះបញ្ជីទាំងអស់ បានកើនឡើងជាង ១០០% គិតចាប់ពីត្រីមាសទី៤ ឆ្នាំ ២០១៨។ នេះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនទៅលើក្រុមហ៊ុនចុះបញ្ជីក្នុង ផ.ម.ក. ដែលស្តែងតាមរយៈការកើនឡើងនូវតម្រូវការលើភាគហ៊ុនរបស់កុ្រមហ៊ុនចុះបញ្ជីទាំងនោះ។

គួររម្លឹកថា សន្ទស្សន៍ ផ.ម.ក. បានចាប់ផ្តើមជាមួយភាគហ៊ុនត្រឹមចំនួនមួយប៉ុណ្ណោះក្នុងឆ្នាំ ២០១២ ដែលមានពិន្ទុចំនួន ១០០០។ សន្ទស្សន៍នេះ ក៏បានធ្លាក់ចុះជាលំដាប់មកនៅក្រោម ៧០០ ពិន្ទុ និងបន្តធ្លាក់ចុះដល់ចំនុចទាបបំផុត ដែលមានតួលេខត្រឹមតែ ៣០៩ ពិន្ទុ ក្នុងឆ្នាំ ២០១៦ ហើយរក្សាពិន្ទុក្រោម ៤០០ រហូតដល់ចុងឆ្នាំ ២០១៨។ បន្ទាប់មក សន្ទស្សន៍នេះ ក៏បានកើនមកវិញយ៉ាងគួរឲ្យកត់សំគាល់ដល់ ៥០០ ពិន្ទុនៅដើមឆ្នាំ ២០១៩ និងបន្តកើនឡើងជាលំដាប់ដល់ ៧១៤.៤៨ ពិន្ទុនៅថ្ងៃនេះ។

ការកើនឡើងដ៏គួរឲ្យកត់សំគាល់នេះ អាចបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖

ទំនុកចិត្តនៃវិនិយោគិន៖ ការកើនឡើងដ៏គំហុកនៃចំនួនគណនី និងសកម្មភាពជួញដូរក្នុងកំឡុងពេល ១២ខែចុងក្រោយនេះបង្ហាញថា វិនិយោគិនមានទំនុកចិត្តមកលើទីផ្សារច្រើនជាងមុន។ កត្តានេះ បានបង្កើនតម្រូវការនៃការការវិនិយោគលើភាគហ៊ុន ជាពិសេសការវិនិយោគលើក្រុមហ៊ុនដែលមានស្ថានភាពអាជីវកម្មល្អប្រសើរដែលបណ្តាលឲ្យតម្លៃនៃភាគហ៊ុនកើនឡើង។

ស្ថានភាពក្រុមហ៊ុន៖ អនុបាតចំណេញសុទ្ធ ជាមធ្យមនៃក្រុមហ៊ុនចុះបញ្ជីទាំងអស់ ក្នុងឆ្នាំ ២០១៨ មានតួលេខលើស ២០% ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និង លទ្ធផលល្អរបស់ក្រុមហ៊ុនចុះបញ្ជី។ ភាគហ៊ុនភាគច្រើនបានផ្តល់ទិន្នផលភាគលាភខ្ពស់ដែលបង្កើនភាពទាក់ទាញនៃការវិនិយោគក្នុង ផ.ម.ក.។ លទ្ធផលទាំងនេះជាចំនុចវិជ្ជមានដែលទាក់ទាញវិនិយោគិនថ្មីៗ មកវិនិយោគក្នុងផ្សារ និងធ្វើឲ្យតម្លៃភាគហ៊ុនកើនឡើង។

ការបណ្តុះបណ្តាលវិនិយោគិន៖ ផ.ម.ក.បាន នឹងកំពុងផ្តល់នូវការជួយជ្រោមជ្រែងដល់វិនិយោគិនថ្មី និងវិនិយោគិនសក្តានុពលទាំងអស់ តាមរយៈការរៀបចំសិក្ខាសាកា វគ្គបណ្តុះបណ្តាល និងតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ ដើម្បីបង្ហាញអំពីឱកាស និងសក្តានុពលនៃការវិនិយោគក្នុង ផ.ម.ក.។

ជារួម កំណត់ត្រាថ្ងៃនេះ ជាជំហានថ្មីមួយទៀតសំរាប់ ផ.ម.ក. ក្រុមហ៊ុនចុះបញ្ជី ក៏ដូចជាទីផ្សារមូលបត្រទាំងមូលផងដែរ។

គួរបញ្ជាក់ផងដែរថា ដោយមើលឃើញពីតម្រូវការនៃការជួញដូរមូលបត្ររបស់វិនិយោគិនមានការកើនឡើង ទើបផ្សារមូលបត្រកម្ពុជាបានបង្កើនម៉ោងជួញដូរមូលបត្ររហូតទៅដល់ម៉ោង ៣ រសៀលសរុបម៉ោងជួញដូរទាំងអស់ ៧ ម៉ោង។ ការបង្កើនម៉ោងជួញដូរនេះទៀតសោតបានចាប់អនុវត្តពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ កន្លងមក តាមរយៈប្រកាសស្តីពីការដាក់ឲ្យអនុវត្តនូវវិធានកែប្រែប្រតិបត្តិការទីផ្សាររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អនុម័តជាផ្លូវការដោយគណៈកម្មការមូលបត្រកម្ពុជាកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩៕

ដោយ៖ យ៉ាយ៉ា

X
5s