ទីក្រុង​ ៩ នេះ​នឹង​ស្ថិត​នៅ​ក្រោម​​ទឹកសមុទ្រ​​​​ក្នុង​ឆ្នាំ ២១០០ ខាងមុខ​



ការ​បម្រែបម្រួល​អាកាសធាតុ គឺ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​របស់​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្បិតអី​វា​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​យ៉ាង​​ធ្ងន់ធ្ងរ​ដល់​មនុស្សជាតិ​នៅ​ពេល​​អនាគត។ នៅ​ក្នុង​ចំណោម​គ្រោះមហន្តរាយ​ធំៗ​ដូច​ជា ព្យុះ គ្រោះ​រាំងស្ងួត និង​រញ្ជួយ​ដី​ជាដើម ការ​កើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​​គឺ​ជា​ហានិភ័យ​ដ៏​ធំ​បំផុត​មួយ​​ដែល​នឹង​គំរាមកំហែង​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ជន់​លិច​​ដល់​​ទីក្រុង​នានា​ដែល​នៅ​ជិត​តំបន់​មាត់សមុទ្រ។

តួយ៉ាង​ដូច​ទីក្រុង​ចំនួន ៩ ខាងក្រោម​នេះ​ស្រាប់ ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ត្រូវ​ជន់​លិច​ដោយ​ទឹក​សមុទ្រ​​ចាប់​ពី​ពាក់​កណ្តាល​សតវត្សរ៍​នេះ​តទៅ។ 

១) ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី 
ទីក្រុង​ហ្សាការតា​កំពុង​​ស្រុត​​ចុះ​ជិត ២ តឹក ឬ ១៧ សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​​តែ​សកម្មភាព​​បូមទឹក​ពី​ក្រោម​ដី​ច្រើនពេក​។ នៅ​ក្នុង​ឆ្នាំ​ ២០៥០ ខាងមុខ អ្នក​ជំនាញ​បាន​អះអាង​ថា  ផ្នែក​ភាគច្រើន​នៃ​ទីក្រុង​នេះ​នឹង​ត្រូវ​លិច​ដោយ​ទឹកជំនន់​ ដែល​នេះ​​​ជា​មូលហេតុ​មួយ​ផង​ដែរ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​​មាន​គម្រោង​ផ្លាស់ប្ដូរ​ទីក្រុង​​​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ទៅ​កាន់​កោះ​​ជ្វា​។

ប្រភពរូបភាព៖ TODAYonline

២) ទីក្រុង Lagos ប្រទេស​នីហ្សេរីយ៉ា
ឆ្នេរ​សមុទ្រ​ទាបៗ​​របស់​ទីក្រុង Lagos ​កំពុង​​បន្ត​លិច​ដោយ​ទឹក​សមុទ្រ​​ ហើយ​​ការ​កើនឡើង​​នៃ​កំដៅ​ផែនដី​កំពុង​ធ្វើ​​ឲ្យ​ទីក្រុង​ធំ​បំផុត​របស់​ទ្វីប​អាហ្វ្រិក​មួយ​នេះ​ស្ថិត​​នៅ​ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់​បន្តិច​ម្តងៗ។ បណ្ឌិតសភា​វិទ្យាសាស្ត្រ​អាមេរិក​​ PNAS បាន​ព្យាករណ៍​ថា កម្រិត​ទឹកសមុទ្រ​នឹង​កើន​ឡើង​ជាង ២ ម៉ែត្រ​នៅ​ចុង​សតវត្សរ៍​នេះ។ 

ប្រភពរូបភាព៖ Al Jazeera

៣) ទីក្រុង Houston រដ្ឋ​Texas របស់​អាមេរិក
នៅ​ពេល​បច្ចុប្បន្ន​នេះ​គេ​សង្កេត​​ឃើញ​ថា ផ្នែក​ខ្លះ​នៃ​​ទីក្រុង​នេះ​កំពុង​លិច​ដោយ​ទឹកជំនន់​ជា​បណ្តើរ​ក្នុង​អត្រា  ជាង ៥ សង់ទីម៉ែត្រ​​ក្នុង​មួយឆ្នាំ​២ ដោយសារ​តែ​សកម្មភាព​​បូម​ទឹក​ក្រោម​ដី​យក​មក​ប្រើប្រាស់។ នេះ​នឹង​បង្ក​គ្រោះមហន្តរាយ​កាន់តែ​ធ្ងន់ធ្ងរ​​​បន្ថែម​ទៀត ធ្វើ​ឲ្យ​ទីក្រុង​​ខាងលើ​ងាយ​រងគ្រោះ​​នៅ​ពេល​អនាគត​ ខណៈ​ព្យុះ​ធំៗ​​កន្លង​មក​បាន​បង្ក​ទឹកជំនន់ និង​បំផ្លិចបំផ្លាញ​លំនៅឋាន​ប្រជាជន​រាប់​សែន​ខ្នង។ ​​

ប្រភពរូបភាព៖ Premium Parking

៤) ទីក្រុង​ដាការ​ប្រទេស​បង់ក្លាដេស
បើ​យោង​តាម​កាសែត New York Timesទីក្រុង​ដាការ​រួមចំណែក​ផលិត​ឧស្ម័ន​ពុល ០,៣% នៃ​ឧស្ម័ន​ពុល​សរុប​នៅ​លើ​ភព​ផែនដី​​ដែល​រួមចំណែក​ដល់​ការ​​បម្រែបម្រួល​អាកាសធាតុ។ ប៉ុន្តែ​ប្រទេស​​នេះ​ក៏​កំពុង​ប្រឈមមុខ​ទៅ​នឹង​ផលវិបាក​ធំ​បំផុត​មួយ​ផង​ដែរ នោះ​​គឺ​កើន​ឡើង​កម្ពស់​ទឹកសមុទ្រ​​ដែល​​ទំហំ ១៧%​ នៃ​ទីក្រុង​នេះ​នឹង​ជន់​លិច ឬ​ធ្វើ​ឲ្យ​ប្រជាជន ១៨​លាន​នាក់​ត្រូវ​ផ្លាស់​ទីលំនៅ​ក្នុង​ឆ្នាំ ២០៥០​ខាងមុខ។

ប្រភពរូបភាព៖ UNO Our World

៥) ទីក្រុង​ Venice ប្រទេស​អ៊ីតាលី
ទីក្រុង​ Venice បាន​ស្រុត​ចុះ ០,២០ សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំៗ។ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ចាប់​ផ្តើម​សាងសង់​ជញ្ជាំង​ការពារ​ទឹកជំនន់​តាំង​ពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ ប៉ុន្តែ​ដល់​ឆ្នាំ ២០២២ ទើប​រួចរាល់។ យ៉ាងណាមិញ ទីក្រុង​នេះ​នឹង​ពិបាក​គេច​ផុត​ពី​​ទឹក​សមុទ្រ​​ណាស់​នៅ​ក្នុង​ឆ្នាំ ២១០០ ខាងមុខ។

ប្រភពរូបភាព៖ Euroradialyouth2016

៦) ឆ្នេរ Virginia រដ្ឋ Virginia 
ឆ្នេរ Virginia គឺ​ជា​ឆ្នេរ​មួយ​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​​គ្រោះមហន្តរាយ​ការ​កើន​ឡើង​នៃ​កម្ពស់​ទឹកសមុទ្រ និង​ការ​ស្រុត​ដី​​ដ៏​ឆាប់​រហ័ស​ជាងគេ​បំផុត។ មន្ទីរ​មហាសមុទ្រ​និង​បរិយាកាស​ ជាតិ​របស់​អាមេរិក​បាន​​ព្យាករណ៍​ថា ​ឆ្នេរ​មួយ​នេះ​អាច​​នឹង​​ស្ថិត​នៅ​ក្រោម​ទឹកសមុទ្រ​កម្ពស់​​ជាង ៣,៦០​ម៉ែត្រ​ ​នៅ​ត្រឹម​ឆ្នាំ​ ២១០០ ខាងមុខ​។

ប្រភពរូបភាព៖ Businessinsider 

៧) ទីក្រុង​បាងកក​ប្រទេស​ថៃ 
យោង​តាម​កាសែត The Guardian បាន​ឲ្យ​ដឹង​ថា ទីក្រុង​បាងកក​កំពុង​ស្រុត​ចុះ​បន្តិច​ម្តងៗ​ក្នុង​អត្រា​ជាង ១ សង់ទីម៉ែត្រ​ក្នុង​​មួយឆ្នាំៗ​ ហើយ​​អាច​នឹង​ស្ថិត​នៅ​ក្រោម​​ទឹកសមុទ្រ​​ត្រឹម​ឆ្នាំ ២០៣០ ប៉ុណ្ណោះ​។ រដ្ឋាភិបាល​របស់​ខ្លួន​បាន​សាងសង់​ជញ្ជាំង​ការពារ​ទឹកជំនន់​​មួយ​ចំនួន​រួច​មក​ហើយ​​នៅ​ពេល​កន្លង​មក​ ក៏ប៉ុន្តែ​​នៅតែ​មិន​មាន​ប្រសិទ្ធភាព​អាច​​ជួយ​ស្រោចស្រង់​ទីក្រុង​នេះ​ទាំងស្រុង​បាន​ទេ ជា​ពិសេស​នៅ​រដូវវស្សា​។

ប្រភពរូបភាព៖ Inspitripblog

៨) ទីក្រុង Rotterdam ប្រទេស​ហុល្លង់ 
បើ​យោង​តាម​កាសែត New York Times ៩០% នៃ​ទីក្រុង​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ទឹកសមុទ្រ។ ខណៈ​ដែល​កម្ពស់​​ទឹកសមុទ្រ​កំពុង​កើន​ឡើង ទីក្រុង​នេះ​ក៏​កំពុង​​ប្រឈមមុខ​ទៅ​នឹង​​គ្រោះមហន្តរាយ​ទឹកជំនន់​​ផង​ដែរ។ រដ្ឋាភិបាល​បាន​សាងសង់​​អាង​ទំនប់ទឹក​ និង​របង​ការពារ​ទឹកជំនន់​នៅ​តាម​តំបន់​នានា​ក្នុង​ទីក្រុង​នេះ​ដែរ​​ដើម្បី​ទប់ស្កាត់​បញ្ហា​​​នេះ។

ប្រភពរូបភាព៖ en.ratterdam

​៩) ទីក្រុង Alexandria ប្រទេស​អេហ្ស៊ីប
ឆ្នេរ​ទីក្រុង Alexandria កំពុង​​ស្រុត​ទាប​បន្តិច​ម្តងៗ ខណៈ​ដែល​​កម្ពស់​ទឹកសមុទ្រ​ក៏​កំពុង​កើន​ឡើង​ដែរ។ យោង​តាម​ការ​ចេញផ្សាយ​របស់​វិទ្យុជាតិ​អាមេរិក (NPR) បាន​ឲ្យ​ដឹង​ថា កម្រិត​​ទឹកសមុទ្រ​នៅ​ឆ្នេរសមុទ្រ​មេឌីទែរ៉ាណេ​ នឹង​កើន​ឡើង​ ០,៦០ ម៉ែត្រ​​​ក្នុង​ឆ្នាំ ២១០០ ខាងមុខ៕

ប្រភពរូបភាព៖ Climate News Network

ប្រភព៖ Businessinsider 

 

X
5s