Bill Gates សារភាព​ថា លោក​ច្រណែន​ Steve Jobs ​​ត្រង់​ចំណុច​​មួយ​នេះ!​



កាល​លោក Steve Jobs ​នៅ​មាន​ជីវិត  លោក និង Bill Gatesគឺ​ជា​មហាសេដ្ឋី​​​ ២ រូប​គាត់​ដែល​ល្បីល្បាញ​ជាងគេ​នៅ​លើ​ពិភពលោក​​ដែល​តែងតែ​ប្រកួត​ប្រជែង​គ្នា​ទៅវិញទៅមក​ខាង​មុខ​ជំនួញ​ក្នុង​វិស័យ​​បច្ចេកវិទ្យា។ ទោះបីជា​បែបនេះ​ក្តី​​​ ​អ្នក​ទាំងពីរ​នៅ​តែ​​អាច​បង្កើត​​មិត្តភាព​ដ៏​ល្អ​មួយ​​ដែល​មាន​ការ​ផ្តល់​តម្លៃ និង​​​គោរព​គ្នា​ទៅវិញ​ទៅមក​រហូត​ដល់​លោក  Steve Jobs បាន​ទទួល​មរណភាព​ក្នុង​ឆ្នាំ​ ២០១១ ។

ជារឿយៗ​លោក ស្ថាបនិក​​ក្រុមហ៊ុន Microsoft រូប​​នេះ​តែងតែ​កោតសរសើរ​ពី​គុណសម្បត្តិ​របស់​លោក Steve Jobs ​​នៅ​ពេល​កន្លង​មក​ចំពោះ​​គុណភាព​ជា​អ្នកដឹកនាំ​  និង​សមត្ថភាព​មិន​ធម្មតា​ក្នុង​ការ​លើកទឹកចិត្ត​បុគ្គលិក​របស់​​ស្ថាបនិក​ក្រុមហ៊ុន​ Apple រូប​នេះ ។ ក៏ប៉ុន្តែ នៅ​ក្នុង​បទសម្ភាសន៍​ថ្មី​មួយ​​ទៅកាន់​​កាសែត The Wall Street Journal លោក Gates ​បាន​សារភាព​ថា  លោក​ Steve Jobs មាន​លក្ខណសម្បត្តិ​ពិសេស​​មួយ​​ដែល​​​ធ្វើ​ឲ្យ​លោក​នៅតែ​ច្រណែន​​​។

បើ​តាម​ការ​លើកឡើង​របស់​លោក Bill Gates លោក​ថា លោក​ប្រឹងប្រែង​ខ្លាំង​ណាស់​ដើម្បី​ធ្វើ​​យ៉ាងណា​ឲ្យ​​ក្លាយ​ជា​អ្នក​និយាយ​សាធារណៈ​ដ៏​ពូកែ​ម្នាក់​នៅ​ក្នុង​អាជីព​របស់​លោក។ ក៏ប៉ុន្តែ​ជំនាញ​​មួយ​នេះ​​មើលទៅ​បែរជា​រឿង​​មួយ​ងាយស្រួល​ទៅ​វិញ​សម្រាប់​លោក Steve Jobs។

« Steve Jobs ​ប៉ិនប្រសព្វ​ខាង​និយាយ​ណាស់។ ជំនាញ​នេះ​ហើយ​​ដែល​ធ្វើ​ឲ្យ​គាត់​អាច​លក់​ផលិតផល​របស់​គាត់​​ដាច់​មិន​ថា ​ផលិតផល​អី​ក៏ដោយ»។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក Bill Gates។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ដោយ​សង្ឃឹម​ថា​  លោក​​នឹង​អាច​រៀនសូត្រ​ពី​អតីត​មិត្តភក្ដិ​​​​ និង​គូប្រជែង​របស់​លោក​រូប​នេះ​បាន​​តាមរយៈ​​​យុទ្ធនាការ​ផ្សេងៗ​​​​ជាពិសេស​ទាក់ទង​​ទៅ​នឹង​កម្មវិធី​សប្បុរសធម៌​ជាមួយ​ភរិយា​របស់​លោក​គឺ​​លោកស្រី Melinda ។

លោក​Bill Gates បាន​ថ្លែង​​​ដូច្នេះ​​ទៀត​ថា« ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​ធ្វើ​ដូច​គាត់ ពី​ព្រោះ​​​ខ្ញុំ​​ចង់​ឲ្យ​សម្ដី​របស់​ខ្ញុំ​មាន​ឥទ្ធិពល​ដូច​គាត់​​ដែល​ធ្វើ​ឲ្យ​​សាធារណជន​ចាប់អារម្មណ៍​ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា​សាកល​ដែល​យើង​កំពុង​ជួបប្រទះ​»

ប្រភព៖​CNBC ​

 

X
5s