ដឹងអត់! រយៈពេលជិត២០ឆ្នាំ កម្ពុជាទទួលបានគម្រោងសាងសង់ជាង៤ម៉ឺនគម្រោង
គិតត្រឹមឆ្នាំ២០០០ រហូតដល់ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលកម្ពុជាបានចេញលិខិតអនុញ្ញាតលើគម្រោងសាងសង់នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ៤៦ ១៣០គម្រោង និងមានផ្ទៃក្រឡាសំណង់សរុបចំនួន ១២២ ៥៧១ ០២៨ ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៦ ២៤៧ ៩០៣ ៦០២ដុល្លារ។ នេះដោយយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយកាលពីពេលកន្លងទៅ។
តាមប្រភពខាងលើបានឲ្យដឹងថា គម្រោងអាគារខ្ពស់ៗដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅលើមានចំនួន ១,៤២៦អាគារ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ អគារកម្ពស់ពី ៥ទៅ៩ជាន់មានចំនួន ៧៨០អគារ, អគារពី១០ ទៅ១៩ជាន់មានចំនួន ៣៩៩អគារ, អគារពី២០ទៅ២៩ជាន់មានចំនួន ១៣២អគារ, អគារពី ៣០ទៅ៣៩ ជាន់មានចំនួន ៨៣អគារ និងអគារដែលមានកម្ពស់ពី៤០ឡើងទៅមានចំនួន ៣២អគារ។
គួរបញ្ជាក់ដែរថា សម្រាប់រយៈពេល៧ខែក្នុងឆ្នាំ២០១៩នេះ ទិន្នន័យសំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួន ៥២៥គម្រោង លើផ្ទៃក្រឡាសរុបចំនួន ២ ១៦០ ៣៨៤ម២ ក្នុងទំហំទុនប្រមាណ ១ ១៧៣ ៧០៣ ៨៧៣ដុល្លារ។ ចំនួននេះបើធៀបទៅនឹង រយៈពេលដូចគ្នាកាលឆ្នាំ២០១៨គឺបានកើឡើងចំនួន ៣៩,២០%៕
ដោយ៖ ជួប ស្រីរ័ត្ន