សម្ដីដកស្រង់របស់អ្នកនិពន្ធ Anais Nin ចំនួន៨ឃ្លា ដែលនិយាយស៊ីជម្រៅពីជីវិត
Anais Nin ជាអ្នកនិពន្ធសញ្ជាតិគុយបាកាត់អាមេរិកនិងបារាំង ដែលបានរស់នៅអំឡុងឆ្នាំ១៩០៣ដល់ឆ្នាំ១៩៧៧។ គាត់សរសេររឿងខ្លីៗ និងច្រើនត្រូវបានគេទទួលស្គាល់តាមរយៈស្នាដៃកំណត់ត្រាចេញផ្សាយជាច្រើនរបស់គាត់។ ខាងក្រោមនេះគឺជាសម្ដីដកស្រង់របស់លោកស្រីចំនួន៨ឃ្លា ដែលនិយាយស៊ីជម្រៅពីជីវិត៖
១) «មនុស្សដែលបានរស់នៅចូលទៅដល់ទីជម្រៅ មិនខ្លាចសេចក្ដីស្លាប់នោះឡើយ។»
២) «យើងស្រវឹងជាមួយនឹងរូបភាព ពាក្យសម្ដី ឈុតឆាក និងភាពដែលអាចទៅរួច។»
៣) «យើងសរសេរដើម្បីភ្លក់រសជាតិជីវិត២ដង គឺក្នុងខណៈពេលកំពុងកើតឡើង និងក្នុងពេលសញ្ជឹងគិតឡើងវិញ។»
៤) «តួនាទីរបស់អ្នកនិពន្ធមិនមែនសរសេរអ្វីដែលយើងទាំងអស់គ្នាអាចនិយាយបាននោះទេ តែអ្វីដែលយើងមិនអាចនិយាយបាន។»
៥) «ជីវិតអាចត្រូវបានយល់ដោយមនុស្សដែលបានរងទុក្ខ បាត់បង់ អត់ធន់នឹងការលំបាក និងដួលងើបពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀត។»
៦) «វាគ្មាននូវអត្ថន័យមួយដែលជាសកលសម្រាប់គ្រប់គ្នានោះទេ វាមានតែអត្ថន័យដែលយើងម្នាក់ៗបានផ្ដល់ឲ្យជីវិតរបស់យើង អត្ថន័យរៀងៗខ្លួន សាច់រឿងរៀងៗខ្លួន ប្រៀបដូចជារឿងនិទានរៀងៗខ្លួន ជាសៀវភៅសម្រាប់មនុស្សម្នាក់ៗ។»
៧) «គំនិតរបស់ខ្ញុំមិនសូវចេញមកនៅពេលខ្ញុំអង្គុយសរសេរនៅលើតុនោះទេ តែនៅពាក់កណ្ដាលនៃការរស់នៅ។»
៨) «វាមិនមែនជារឿងងាយស្រួលក្នុងការស្វែងរកសេចក្ដីសុខក្នុងខ្លួនឯងនោះទេ ហើយវាជារឿងមិនអាចទៅរួចក្នុងការស្វែងរកសេចក្ដីសុខពីទីណាផ្សេងមក។»
ដោយ៖ ស្រីពៅ