ទៅ​សម្ភាសន៍​ការងារ គួរ​យក​អ្វី​ទៅ​តាមខ្លួន​​ខ្លះ?​



នៅពេល​​ទៅ​សម្ភាសន៍​ការងារ​​អ្នក​ត្រូវ​ប្រាកដ​ថា​ អ្នក​បាន​រៀបចំ​ខ្លួន​យ៉ាង​ល្អ​ជាមុន​ព្រោះ​នេះ​ទំនង​ជា​ឱកាស​តែមួយគត់​របស់​អ្នក​ដើម្បី​បញ្ចុះបញ្ចូល​និយោជក​ថា​ អ្នក​ជា​បេក្ខជន​ល្អ​បំផុត​សម្រាប់​ការងារ​​នោះ​។ រូបរាង​  អាកប្បកិរិយា  និង​ចម្លើយ​របស់​អ្នក​​ឆ្លើយតប​ទៅ​នឹង​សំណួរ​ដែល​បាន​ចោទសួរ​សុទ្ធតែ​ជា​កត្តា​សំខាន់​ក្នុង​ការ​កំណត់​ថា​ តើ​អ្នក​នឹង​ទទួល​បាន​ការងារ​នោះ​ឬ​យ៉ាងណា? 

ខាងក្រោម​នេះ គឺ​ជា​គន្លឹះ​ខ្លះ​ដែល​និយាយ​អំពី អ្វី​ដែល​អ្នក​ត្រូវ​ត្រៀម​មុន​ពេល​សម្ភាសន៍​ការងារ និង​អ្វី​ដែល​អ្នក​គួរ​យក​​តាម​ខ្លួន​នៅ​ពេល​សម្ភាសន៍​ការងារ។ ​ទាំង​នេះ​គឺ​សុទ្ធតែ​ធាតុផ្សំ​ជួយ​ឲ្យ​អ្នក​ជោគជ័យ​នៅ​ពេល​សម្ភាសន៍​ការងារ។ ​

អ្វី​ដែល​អ្នក​ត្រូវ​ត្រៀម​មុន​ពេល​សម្ភាសន៍​ការងារ
១.សម្លៀកបំពាក់​ធ្វើ​ការ​៖ 
ត្រូវ​ស្លៀកពាក់​ឲ្យ​សមរម្យ ​ស្អាតបាត មិន​ឆើតឆាយ​ពេក ឬ បុរាណ​ពេក​ដែល​​​ធ្វើ​យ៉ាង​​ឲ្យ​ស័ក្តិសម​ជា​អ្នក​ធ្វើ​ការ និង​មើល​ទៅ​ថ្លៃថ្នូរ។

២.គោលដៅ​ដែល​ត្រូវ​សម្ភាសន៍៖ អ្នក​ត្រូវ​ឲ្យ​ប្រាកដ​ថា តើ​កន្លែង​សម្ភាសន៍​ការងារ​របស់​អ្នក​នៅ​ទីណា? អាច​ចំណាយ​ពេល​ធ្វើ​ដំណើរ​ប៉ុន្មាន​នាទី? បើ​អ្នក​មិន​ច្បាស់​ទេ ​គួរ​សាកសួរ​បុគ្គលិក​តាម​​ទូរស័ព្ទ​ ឬ​​ផ្ញើ​សារ​អ៊ីមែល​ដើម្បី​​បញ្ជាក់​ពី​ទីតាំង​បន្ថែម។ យក​ល្អ អ្នក​ត្រូវ​ទៅ​ដល់​​កន្លែង​សម្ភាសន៍​ការងារ​យ៉ាង​តិច​បំផុត ១០ ទៅ ១៥ នាទី​មុន​ដែរ។

៣.ស្រាវជ្រាវ​ប្រវត្តិ​​ក្រុមហ៊ុន​៖ វា​ជា​ចំណុច​រឿង​ល្អ​ប្រសិន​បើ​អ្នក​បាន​ស្គាល់​ពី​អនាគត​ថៅកែ​របស់​អ្នក។ ប៉ុន្តែ​​នេះ​​មិនមែន​ជា​រឿង​ចាំបាច់​ទេ។ អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ស្គាល់​ក្រុមហ៊ុន​ដែល​អ្នក​ទៅ​សម្ភាសន៍​ឲ្យ​បាន​ច្បាស់​ជាមុន​សិន។ ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​ដើម្បី​មើល​ប្រវត្តិ​​ក្រុមហ៊ុន​ និង​ព័ត៌មាន​​ផ្សេងៗ​ទៀត​។

៤.ត្រៀម​សំនួរ និង​ចម្លើយ​៖ អ្នក​មិន​អាច​ដឹង​ទាំងអស់​​ថា អ្នក​សម្ភាសន៍​នឹង​​សួរ​​អ្វី​ខ្លះ​ពី​អ្នក​ទេ។ ក៏ប៉ុន្តែ​ជា​ទូទៅ​សំនួរ​ទាំងនោះ ​មិន​សូវ​ខុសគ្នា​ប៉ុន្មាន​ទៅ​នឹង​សំនួរ​ដែល​បាន​ចេញផ្សាយ​នៅ​​តាម​គេហទំព័រ កាសែត ឬ​ទស្សនាវដី្ត​​នោះ​​ឡើយ។ ប្រការ​ដែល​សំខាន់​ត្រង់​ថា តើ​អ្នក​គួរ​ឆ្លើយ​សំនួរ​នីមួយៗ​ទាំង​នោះ​ដោយ​របៀបណា? មើល​សំនួរ​ទាំងនោះ ហើយ​អាន​ដំបូន្មាន​របស់​អ្នក​ជំនាញ​ដើម្បី​​ត្រៀម​ខ្លួន​​​ឆ្លើយ​​ឲ្យ​បាន​​ត្រឹមត្រូវ​។

អ្វី​ដែល​អ្នក​គួរ​យក​​តាម​ខ្លួន​នៅ​ពេល​សម្ភាសន៍​ការងារ
១.អត្តសញ្ញាណប័ណ្ណ​៖
យក​អត្តសញ្ញាណប័ណ្ណ​ទៅ​​ដើម្បី​បង្ការ​ក្រែងលោ​បុគ្គលិក​សន្តិសុខ​​ត្រូវការ​ត្រួតពិនិត្យ ឬ​ក៏​អាច​អ្នក​សម្ភាសន៍​ត្រូវការ​ពេល​សម្ភាសន៍​ការងារ​ចប់។ បើ​មាន​ប័ណ្ណបើកបរ​ ឬ​លិខិត​អត្តសញ្ញាណ​ផ្សេងៗ​ទៀត​ក៏​គួរ​យក​ទៅ​តាម​ខ្លួន​ដែរ។ 

២.សៀវភៅ​កត់ត្រា (Notepad) និង​ប៊ិក៖ ​អ្នក​គួរ​យក​សៀវភៅ​កត់ត្រា និង​ប៊ិក​​ទៅ​ជាមួយ​ដើម្បី​សរសេរ​កត់ត្រា​ឈ្មោះ ព័ត៌មាន​ក្រុមហ៊ុន ឬ​សំនួរ​ដែល​អាច​​នឹង​ត្រូវ​បាន​សាកសួរ​នៅ​ពេល​សម្ភាសន៍​ការងារ។ ចំណុច​នេះ​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​ដែល​មាន​របៀបរៀបរយ​ និង​ពូកែ​រៀបចំ។

៣.CV ថតចម្លង៖ ទោះបី​ជា​អ្នក​ដាក់ពាក្យ​ធ្វើ​ការ​តាមរយៈ​​អ៊ីមែល ឬ​ទៅ​ក្រុមហ៊ុន​ផ្ទាល់​ក៏ដោយ វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវ​ថតចម្លង​ CV របស់​អ្នក​​ដើម្បី​យក​ទៅ​ឲ្យ​​អ្នក​សម្ភាសន៍​​ត្រួតពិនិត្យ​។ តាម​ពិត​អ្នក​សម្ភាសន៍​បាន​​ពិនិត្យ​មើល​ ​និង​ថតចម្លង​​CV របស់ អ្នក​រួច​ទៅ​ហើយ ក៏ប៉ុន្តែ​អ្នក​ត្រូវ​ធ្វើ​បែប​នេះ​ដើម្បី​បង្ហាញ​​ទៅ​អ្នក​សម្ភាសន៍​ថា អ្នក​ជា​មនុស្ស​​​ពូកែ​រៀបចំ។ 

៤.​កាបូបស្ពាយ ឬ​កាតាប​យូរ​៖ នៅ​ពេល​ទៅ​សម្ភាសន៍​ការងារ អ្នក​ត្រូវ​យក​កាបូបស្ពាយ ឬ​កាតាប​យូរ​ដែល​អាច​ទុក​ឯកសារ​ចាំបាច់​សម្រាប់​យក​ទៅ​សម្ភាសន៍។ កាបូបស្ពាយ ឬ​កាតាប​យូរ​​​ត្រូវ​សមរម្យ​​ មិន​ឆើត​ពេក ថ្មី​បែប​ទៅ​ធ្វើ​ការ មិនមែន​កាបូប​ស្ពាយ​ឡើង​ភ្នំ ឬ​ដាក់​ឥវ៉ាន់​​ដើរ​ផ្លូវ​ឆ្ងាយ​នោះ​ទេ៕

ប្រភព៖ Businessinsider 

 

X
5s