ដំបូន្មានជីវិតចំនួន៥ ដែលពិភពលោករៀនសូត្រតាមរបស់មហាសេដ្ឋី Warren Buffet
លោក Warren Buffett មហាសេដ្ឋីដ៏ល្បីល្បាញរបស់អាមេរិកទើបនឹងឈានដល់វ័យ ៨៩ឆ្នាំកាលពីចុងខែ សីហាកន្លងទៅថ្មីៗនេះ។ ដើម្បីជាការចូលរួមអបអរក្នុងពិធីខួបកំណើតរបស់លោក សារព័ត៌មាន CNBC បានដកស្រង់នូវដំបូន្មានដ៏មានតម្លៃ និងល្បីៗរបស់មហាសេដ្ឋីរូបនេះនៅពេលកន្លងមក។
ក្នុងចំណោមដំបូន្មានយ៉ាងមានតម្លៃជាច្រើន ទាំងនោះ សារព័ត៌មានខាងលើបានជ្រើសរើសយកដំបូន្មានចំនួន ៥ របស់លោកដែលល្បីល្បាញជាងគេសម្រាប់មនុស្សនៅជុំវិញពិភពលោករៀនសូត្រតាមដែលមានដូចខាងក្រោមនេះ៖
១.រៀបការជាមួយមនុស្សត្រូវ
អ្នកណាក៏ដឹងដែរថា ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់លោកបានមកពីភាពឆ្លាតវៃក្នុងការវិនិយោគ។ ប៉ុន្តែបើមានគេសួរថា តើអ្វីទៅជាការសម្រេចចិត្តសំខាន់បំផុតនៅក្នុងជីវិតរបស់លោក? លោកនឹងឆ្លើយថា រឿងនេះវាមិនទាក់ទងទៅនឹងលុយកាក់បន្តិចសោះឡើយ។ លោកបានផ្តល់ដំបូន្មានថា ការសម្រេចចិត្តដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក គឺនៅត្រង់ថា តើអ្នកគួររៀបការជាមួយអ្នកណា?
លោកថ្លែងដូច្នេះថា៖« ជ្រើសបានមនុស្សត្រូវមកធ្វើជាគូជីវិត ពិតជាសំខាន់ណាស់។ ខ្ញុំមិនអាចបរិយាយបានថា វាសំខាន់ប៉ុណ្ណាទេ។ ប៉ុន្តែខ្ញុំថា រឿងហ្នឹងសំខាន់ខ្លាំងណាស់។ ប្តី ឬប្រពន្ធរបស់អ្នកអាចធ្វើឲ្យជីវិតអ្នកផ្លាស់ប្ដូរច្រើនជាងនេះ និងអាចជួយឲ្យក្តីប្រាថ្នារបស់អ្នកបានសម្រេចទៀតផង។ »។
២.វិនិយោគលើខ្លួនឯង
«ការវិនិយោគដែលបានផលចំណេញខ្ពស់ជាងគេបំផុតគឺការវិនិយោគលើខ្លួនឯង។ មុនដំបូងរៀនពង្រឹងជំនាញទំនាក់ទំនងទាំងការសរសេរ និងជាមួយមនុស្សគ្រប់រូប។ ធ្វើអញ្ចឹង អ្នកអាចបង្កើនតម្លៃខ្លួនឯងយ៉ាងហោចណាស់ក៏ ៥០% ដែរ»។ នេះជាការលើកឡើងរបស់ មហាសេដ្ឋីវ័យ ៨៩ឆ្នាំ Warren Buffett។
បន្ទាប់មកអ្នកក៏ត្រូវយកចិត្តទុកដាក់លើសុខភាព និងសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបានល្អបំផុតដែរ ជាពិសេសនៅពេលដែលអ្នកនៅក្មេងនៅឡើយ។ លោកបន្តថា អ្នកមិនត្រូវបណ្តែតបណ្តោយមើលរំលងខ្លួនឯងរហូតដល់អាយុ ៥០ ទើបគិតពីវានោះទេ។ វ័យ ៥០ ជាវ័យដែលហួសពេលទៅហើយ ម្យ៉ាងទៀតអ្នកនឹងសោកស្តាយបើអ្នកមិនបានយកចិត្តទុកដាក់លើវាតាំងពីក្មេងទៅ។
៣.បង្កើតមិត្តភាពជាមួយមនុស្សថ្នាក់ខ្ពស់
មហាសេដ្ឋីប្រធានក្រុមហ៊ុន Berkshire Hathaway រូបនេះធ្លាប់ផ្តល់បទសម្ភាសន៍ទៅឲ្យអ្នកនិពន្ធ Gillian Zoe Segal កាលពីឆ្នាំ ២០១៥ថា កិច្ចការដ៏ល្អបំផុតដែលអ្នកគួរធ្វើនៅក្នុងជីវិតរបស់អ្នក គឺការបង្កើតមិត្តភាពជាមួយមនុស្សថ្នាក់ខ្ពស់ដែលពូកែជាងអ្នក។
«បើអ្នករាប់អានមនុស្សពូកែជាអ្នក អ្នកនឹងធ្វើដូចពួកគេ។ ផ្ទុយមកវិញបើអ្នករាប់អានមនុស្សដែលអន់ មនុស្សអាក្រក់ មិនយូរមិនឆាប់អ្នកក៏ធ្លាក់ខ្លួនដូចមនុស្សទាំងនោះដែរ»។ លោក Warren Buffett បញ្ជាក់។
៤.ធ្វើការឲ្យមនុស្សដែលអ្នកគោរព
នៅត្រង់ចំណុចនេះ មហាសេដ្ឋីខាងលើបានផ្តល់ដំបូន្មានថា អ្នកគួរព្យាយាមធ្វើការជាមួយនរណាក៏ដោយដែលអ្នកគោរពស្រលាញ់បំផុត។ វាមិនសំខាន់ថា នៅ ១០ឆ្នាំទៀតការងាររបស់អ្នកជាអ្វីទេ។ អ្វីដែលសំខាន់ឲ្យតែអ្នកមានឱកាសច្រើន និងអនាគតល្អជាមួយបុគ្គលនោះគឺបានហើយ។
លោកបន្តដូច្នេះថា៖«ប្រាក់ខែវាសំខាន់ហើយ ប៉ុន្តែរឿងអាជីពការងារទើបវាចាំបាច់។ កុំធ្វើការដើម្បីយកតែប្រាក់ខែ។ ធ្វើការងារណាដែលអ្នកអាចរៀនសូត្រយកចំណេះជំនាញបានសម្រាប់អាជីពយើងនៅពេលខាងមុខ គឺជារឿងល្អបំផុត»។
៥.ជោគជ័យមិនដោយសារមានលុយច្រើនទេ
ថ្វីត្បិតតែលោកជាមហាសេដ្ឋីមានជាងគេបំផុតទី៣ក្នុងលោកក៏ពិតមែន ប៉ុន្តែមហាសេដ្ឋីរូបនេះមិនដែលយកទ្រព្យសម្បត្តិរបស់លោកទៅអួតបញ្ជាក់ប្រាប់គេឯងថា លោកជាមនុស្សជោគជ័យនោះឡើយ។ សម្រាប់លោក Warren Buffett ជោគជ័យស្ថិតនៅត្រង់ថា អ្នកបានផ្តល់ក្តីស្រលាញ់ទៅឲ្យមនុស្សជុំវិញខ្លួនបានច្រើនកម្រិតណា។ បើអ្នកផ្តល់ក្តីស្រលាញ់កាន់តែច្រើនទៅមនុស្សជុំវិញខ្លួន ហើយមានមនុស្សជាច្រើនស្រលាញ់រាប់អានអ្នក មានន័យថា អ្នកជាមនុស្សជោគជ័យហើយ៕
ប្រភព៖ CNBC