៤ ចំណុចពីលោកជំទាវ គង់ សូរីតា និងជួយផ្លាស់ប្ដូរឲ្យជីវិតអ្នកឲ្យកាន់តែប្រសើរឡើង
ភាពខ្ជិលច្រអូស លេសដោះសារ កុហកខ្លួនឯងជាដើម គឺជាប្រភពដែលនាំឲ្យយើងរកភាពរីកចម្រើនមិនឃើញ។ ប៉ុន្តែ តើធ្វើយ៉ាងណាទើបអាចយកឈ្នះខ្លួនឯងបាន? ជាការពិត ការយកឈ្នះខ្លួនឯងគឺជារឿងមួយដែលពិបាក ប៉ុន្តែវាមិនមែនពិបាកខ្លាំងរហូតដល់យើងមិនអាចជម្នះវាបាននោះទេ។ ក្នុងការចែករំលែកមួយនៃ កម្មវិធី “Believe” កាលពីពេលថ្មីៗនេះ លោកជំទាវ គង់ សូរីតា នាយិកានៃក្រុមហ៊ុន Ocean Technology បានលើកយកនូវវិធីសាស្ត្រ៤ចំណុច ជំរុញការផ្លាស់ប្ដូរជីវិតឲ្យកាន់តែប្រសើរឡើង។
ចំណុចសំខាន់ទី១ កុំរង់ចាំ (Don't wait)៖ លោកជំទាវចែករំលែកថា មនុស្សមួយចំនួនតែងចូលចិត្តរកលេសឲ្យខ្លួនឯង ហើយតែងនិយាយថា "ចាំសិនទៅ ចាំបន្តិចទៀតចាំធ្វើ"។ នោះក៏ព្រោះតែពួកគាត់គ្មានផែនការច្បាស់លាស់ចំពោះខ្លួនឯង។ លោកជំទាវលើកឡើងថា មនុស្សដែលគេមានកាលវិភាគច្បាស់លាស់ចំពោះខ្លួនឯង គេនឹងដឹងថាការងារណាដែលចាំបាច់ត្រូវធ្វើមុន ហើយការងារណាខ្លះដែលសំខាន់តែមិនបន្ទាន់។ ដូច្នេះគេនឹងមិនចំណាយពេលចោលឥតប្រយោជន៍នោះទេ។
ទី២ កុំគ្រាន់តែគិតតែត្រូវធ្វើវា (Take action)៖ ធ្វើអ្វីក៏ដោយបើមានត្រឹមតែគម្រោងនិងផែនការតែមិនធ្វើវាទេ នោះក៏មិនមានអ្វីកើតឡើងដែរ។ ត្រូវរៀនអនុវត្តអ្វីៗដែលយើងមិនធ្លាប់ធ្វើ ហើយធ្វើអ្វីក៏ដោយត្រូវតែមានការតាំងចិត្តខ្ពស់ បើយើងមិនចេះធ្វើត្រូវរៀនធ្វើវា ជាជាងយើងចំណាយពេលធ្វើអ្វីផ្សេងដែលគ្មានប្រយោជន៍។
ទី៣ កុំបោះបង់ (Never give up)៖ ជាការពិត បញ្ហានៅក្នុងជីវិតកើតឡើងមិនចេះចប់នោះទេ ដូច្នេះត្រូវរៀនទទួលស្គាល់ការពិត និងធ្វើវាឲ្យអស់ពីលទ្ធភាព។ ប្រសិនបើយើងបានប្រឹងប្រែងធ្វើវាអស់ពីសមត្ថភាពហើយ ប៉ុន្តែនៅតែមិនអាចទៅរួច សូមកុំទាន់អាលអស់សង្ឃឹម ត្រូវគិតថាបើថ្ងៃនេះមិនទាន់អាចទៅរួចទេ ថ្ងៃស្អែកវាប្រហែលជាអាចទៅរួច។
ចំណុចចុងក្រោយ ត្រូវក្លាហាន៖ ត្រូវជឿជាក់លើអ្វីដែលយើងធ្វើ ភាពក្លាហាននឹងជំរុញឲ្យយើងហ៊ានធ្វើការសម្រេចចិត្ត។ កុំខ្មាសអៀនចំពោះភាពបរាជ័យ តែត្រូវកែប្រែវា និងយកវាជាចំណុចជំរុញឲ្យយើងជោគជ័យវិញ៕
ដោយ៖ ជួប ស្រីរ័ត្ន