មន្ត្រី​ជាន់​ខ្ពស់​ប្ដេជ្ញា​រួម​គ្នា​ជំរុញ​កំណើន​សិប្បកម្ម​ផលិត​គ្រាប់​ស្វាយ​ចន្ទី​នា​ខេត្ត​កំពង់ធំ​



ក្រោយ​ពី​មើល​ឃើញ​ពី​បញ្ញា​មួយ​ចំនួន​របស់​សហគមន៍​ទេសចរណ៍​សំបូរ​ព្រៃ​គុក ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រួម​ជា​មួយ​និង​ឯកឧត្ដម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​ បាន​ពួតដៃ​និង​ប្ដេជ្ញា​ជំរុញ​ការអភិវឌ្ឍ​សិប្បកម្ម​ផលិត​គ្រាប់​ស្វាយចន្ទី រួម​ជា​មួយ​និង​តម្បាញ​វល្លិ​រពាក់​ឱ្យ​កាន់​តែ​រីកចម្រើន​ឡើង ដើម្បី​ជួយ​ជំរុញ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​មាន​ការ​បណ្ដាក់​ទុន​ចូល​មក​សមាគម​ឱ្យ​បក​គ្រាប់​ស្វាយចន្ទី​ជា​បន្តបន្ទាប់​ ដោយ​ថ្មីៗ​នេះ​មាន​កិច្ច​សន្យា​បក​គ្រាប់ស្វាយចន្ទី​ជា​មួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ និង​បាន​ចុះ​កិច្ចសន្យា​ជា​បន្តបន្ទាប់​ជា​មួយ​ក្រុមហ៊ុន​ថៃ​ ដើម្បី​បក​គ្រាប់​ស្វាយ​ចន្ទី សម្រាប់​ផែន​ការ​រយៈពេល​៥ឆ្នាំ។ ប៉ុន្តែ​សមាគម​នៅ​ខ្វះ​ទុន​សម្រាប់​ទិញ​គ្រាប់​ស្តុក​ក្នុង​ឃ្លាំង ដើម្បី​ដំណើរ​ការ​បក​គ្រាប់​ស្វាយចន្ទី​។

ជា​ការ​ឆ្លើយ​តប​ឯកឧត្ដម​ រដ្ឋមន្ត្រី​ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ដោះស្រាយ​ភ្លាមៗ​ចំពោះ​បញ្ហា​ខាង​លើ។ ជា​មួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ រួម​ជា​មួយ​ឯកឧត្ដម សុខ លូ នៅ​ចំពោះ​មុខ​ប្រជា​សហគមន៍​ បាន​ប្ដេជ្ញា​ជំរុញ​ការអភិវឌ្ឍន៍​សិប្បកម្ម​ផលិត​គ្រាប់​ស្វាយចន្ទី​នេះ​ ឱ្យ​បាន​សម្រេច​ជា​ផ្លែ​ផ្កា។ បន្ថែម​ពី​នេះ បាន​លើក​ទឹកចិត្ត​ឱ្យ​ប្រជា​សហគមន៍​ខិតខំ​ដាំ​ដើម​រពាក់​ ដើម​ឫស្សី​ឱ្យ​បាន​ច្រើន​ឡើង​វិញ ដើម្បី​ធ្វើ​ជា​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​ជា​ផលិតផល​តម្បាញ​នានា៕

 

 

X
5s