សម្ដីដកស្រង់និងសុភាសិតចំនួន១០ ដែលនិយាយអំពីអត្ថន័យនៃសេចក្ដីសុខ
បារាំងមានសុភាសិតមួយថា «អ្វីដែលធ្វើឲ្យយើងមិនពេញចិត្តនឹងស្ថានភាពរបស់ខ្លួនឯង គឺជាការយល់ឃើញដ៏បំផ្លើសដែលយើងមានទៅលើសេចក្ដីសុខរបស់អ្នកដទៃ។» អង់គ្លេសក៏មានសុភាសិតមួយដែរថា «ស្មៅតែងលូតលាស់ខៀវខ្ចីនៅម្ខាងទៀត។» ដែលសុភាសិតទាំងពីរនេះសុទ្ធតែចង់បង្ហាញថា មនុស្សយើងម្នាក់ៗតែងតែមើលឃើញអ្នកដទៃមានក្ដីសុខជាងខ្លួនឯង។ បើអ្នកយល់ពីជីវិត នោះអ្នកនឹងយល់ថាគ្រប់ជីវិតទាំងអស់គ្មាននរណាម្នាក់អាចចៀសផុតពីសេចក្ដីទុក្ខបាននោះទេ។ អ្វីដែលអ្នកបានឃើញគ្រាន់តែជាផ្នែកដែលពួកគេបានជ្រើសរើសឲ្យអ្នកឃើញតែប៉ុណ្ណោះ។ នៅពេលអ្នកយល់ពីការពិតមួយនេះអំពីជីវិត នោះអ្នកនឹងលែងមានការយល់ឃើញថាអ្នកដទៃមានក្ដីសុខជាងខ្លួនឯងតទៅទៀតហើយ។
អត្ថបទថ្ងៃនេះយើងបានដកស្រង់នូវសម្ដីដកស្រង់និងសុភាសិតចំនួន១០ ដែលនិយាយអំពីអត្ថន័យនៃសេចក្ដីសុខ:
១) «ភាពជោគជ័យមិនមែនជាកូនសោសម្រាប់ចាក់ទៅកាន់សេចក្ដីសុខនោះទេ។ សេចក្ដីសុខទើបជាកូនសោសម្រាប់ចាក់ទៅកាន់ភាពជោគជ័យ។ បើអ្នកស្រឡាញ់នូវអ្វីដែលអ្នកធ្វើ នោះអ្នកនឹងជោគជ័យ។» Albert Schweitzer
២) «មនុស្សស្រីដែលរីករាយគឺជាមនុស្សស្រីដែលស្រស់ស្អាតបំផុត។» Audrey Hepburn
៣) «ឧបសគ្គដ៏ធំបំផុតនៃសេចក្ដីសុខគឺជាការរំពឹងទុកនូវសេចក្ដីសុខខ្លាំងពេក។» Bernard de Fontenelle
៤) «យើងមិនអាចគ្រប់គ្រងពិភពលោកបាននោះទេ។ យើងគ្រាន់តែអាចគ្រប់គ្រងការឆ្លើយតបរបស់យើងទៅកាន់វាវិញប៉ុណ្ណោះ។ មួយភាគធំនៃសេចក្ដីសុខគឺជាការជ្រើសរើស ពុំមែនជាការផ្ដល់សិទ្ធិឲ្យនោះឡើយ។» ជនអនាមិក
៥) «រីករាយជាមួយនឹងរបស់តូចតាចក្នុងជីវិត ព្រោះនៅថ្ងៃណាមួយអ្នកនឹងងាកត្រឡប់ក្រោយហើយដឹងថាតាមពិតវាជារបស់ដែលមានតម្លៃធំធេង។» ជនអនាមិក
៦) «មានពេលខ្លះរបស់តិចតួចអាចធ្វើឲ្យពេញមួយថ្ងៃរបស់អ្នកប្រែជាល្អប្រសើរឡើងបាន។» ជនអនាមិក
៧) «សេចក្ដីសុខមួយអាចកម្ទេចចេញទុក្ខព្រួយ១ពាន់។» សុភាសិតចិន
៨) «អកុសលធ្វើឲ្យសេចក្ដីសុខមានរសជាតិផ្អែមជាងមុននៅពេលវាមកដល់។» សុភាសិតឡាតាំង
៩) «សេចក្ដីសុខទាំងអស់គឺនៅក្នុងចិត្ត។» សុភាសិតអង់គ្លេស
១០) «អ្វីដែលធ្វើឲ្យយើងមិនពេញចិត្តនឹងស្ថានភាពរបស់ខ្លួនឯង គឺជាការយល់ឃើញដ៏បំផ្លើសដែលយើងមានទៅលើសេចក្ដីសុខរបស់អ្នកដទៃ។» សុភាសិតបារាំង
ដោយ៖ ស្រីពៅ