ចង់បើកអាជីវកម្មកាហ្វេ! ស្ថាបនិកកាហ្វេឦសានប្រាប់ចំណុចដែលត្រូវត្រៀមខ្លួន
ការបើកអាជីវកម្មមិនមែនឲ្យតែមើលឃើញគេធ្វើជោគជ័យ គេបើកដំណើរការទៅមុខយើងចង់ធ្វើដូចគេ ហើយអាចទទួលបានលទ្ធផលដូចគេនោះទេ។ ប្រសិនបើចង់បើកអាជីវកម្មអ្នកត្រូវប្រាកដថា អ្នកពិតជាចង់ធ្វើអាជីវកម្មនោះដោយចេញពីចិត្តប្រាកដមែន។ ជាការចែករំលែកដល់អ្នកចង់រកស៊ីក្នុងវិស័យកាហ្វេ ស្ថាបនិកវ័យក្មេងនៃហាងកាហ្វេឦសានបានចែករំលែកនូវគន្លឹះប៉ុន្មានចំណុចសម្រាប់ការត្រៀមខ្លួនមុនចាប់ផ្ដើមបើក។
នៅក្នុងកិច្ចសម្ភាសន៍ ស្ថាបនិកវ័យក្មេងនៃហាងកាហ្វេឦសាន កញ្ញា សុវណ្ណ ណាគ្រី បានលើកឡើងថា មនុស្សមួយចំនួនដោយសារតែឃើញអាជីវកម្មកាហ្វេសព្វថ្ងៃកំពុងតែមានសន្ទុះគាំទ្រច្រើនក៏ចាប់ផ្ដើមមានគំនិត និងចាប់អារម្មណ៍រកស៊ីក្នុងវិស័យនេះតែម្ដង។ ដូច្នេះស្ថាបនិករូបនេះប្រាប់ជាយោបល់ថា យើងមិនគួរចាប់ផ្ដើមបើកភ្លាមៗទាំងដែលមិនទាន់បានសិក្សាច្បាស់លាស់ និងត្រៀមខ្លួនរួចរាល់នោះទេ។
កញ្ញា ណាគ្រី ចែករំលែកថា មុនបើកអាជីវកម្មកាហ្វេយើងត្រូវសិក្សាមើលលើទីតាំងនៃហាងកាហ្វេរបស់យើងជាមុន តើទីនោះសាកសមសម្រាប់អាជីវកម្មប្រភេទនេះដែរឬទេ ព្រោះថាការបើកហាងកាហ្វេមិនមែនសុទ្ធតែអាចដំណើរការទៅមុខដោយរលូនទាំងអស់នោះឡើយ។ ហើយមួយវិញទៀតយើងត្រូវសិក្សាទៅលើអតិថិជន ថាតើផលិតផលនិងសេវាកម្មរបស់យើងសំដៅលើអតិថិជនប្រភេទណា នោះទើបអាជីវកម្មអាចដើរទៅមុខស្របតាមការរំពឹងទុក។
ស្ថាបនិកវ័យក្មេងរូបនេះបានបន្ថែមថា ហាងកាហ្វេភាគច្រើននៅស្រុកខ្មែរយើងច្រើនតែទិញគ្រាប់កាហ្វេមកពីក្រៅប្រទេស ប៉ុន្តែចំពោះឦសានកាហ្វេវិញគឺទិញយកគ្រាប់កាហ្វេឆៅយកមកលីងដោយខ្លួនឯងផ្ទាល់ដើម្បីតម្រូវរសជាតិទៅតាមការចង់បានរបស់អតិថិជន។ ហើយអ្វីដែលពិសេសនៅពេលអតិថិជនមកកាន់ហាងកាហ្វេគឺពួកគាត់អាចមើលឃើញគ្រាប់កាហ្វេ រួមជាមួយនឹងការលីងដោយផ្ទាល់ផងដែរ។ ដែលនេះក៏អាចជាចំណុចពិសេស និងជាអត្តសញ្ញាណនៃហាងកាហ្វេនីមួយៗ ក្នុងការទាក់ទាញអតិថិជនផងដែរ៕
ដោយ៖ ជួប ស្រីរ័ត្ន