ដោយសារមហិច្ឆតាធំទើបលោក រេន ស៊ីណា អាចទទួលបានជោគជ័យលើអាជីវកម្ម​



លោក រេន ស៊ីណា ស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន អេស៊ា ផញថ៍ អ៊ិនវេសម៉ិន & ឌីវេឡុបម៉ិន (Asia Point Investment & Development) បានចាប់ដំណើរការអាជីវកម្ម ជាក្រុមហ៊ុនម៉ៅការតាំងពីឆ្នាំ ២០១២ រហូតដល់ បានចុះបញ្ជីជាក្រុមហ៊ុនផ្លូវការនៅឆ្នាំ ២០១៥ ដោយទទួលសាងសង់សំណង់អគារគ្រប់ប្រភេទ មានដូចជា អគាររោងចក្រ និងឃ្លាំង អគារស្នាក់នៅរួម ។ល។

 

ធ្លាប់ធ្វើជាអ្នកគូរប្លង់ ធ្វើជាវិស្វករប្រចាំការដ្ឋាន អ្នកគ្រប់គ្រងគំរោងសាងសង់ និងចុងក្រោយជាអ្នកគ្រប់គ្រងការិយាល័យ បទពិសោធន៍មិនតិច ឆ្លងកាត់ការលំបាកក៏ច្រើនដែរ តែអ្វីដែលលោកបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យគឺដោយសារមានមហិច្ឆតាធំមួយ។ មហិច្ឆិតាធំនោះគឺ ចង់លើកស្ទួយមុខមាត់ជាតិ តាមរយៈ ចង់ឮបរទេសនិយាយប្រាប់គ្នាគាត់តៗគ្នាថា «ក្រុមហ៊ុនខ្មែរ ក៍មានសមត្ថភាពសាងសង់ប្រកបដោយគុណភាព ដូចក្រុមហ៊ុនបរទេសដែរ។»

 

លោកបានរៀបរាប់ពីការលំបាកមួយចំនួនដែលលោកធ្លាប់បានជួបប្រទះក្នុងពេលប្រកបអាជីវកម្ម ដូចជា៖ ដេញថ្លៃគំរោង ចាញ់ប្រៀបក្រុមហ៊ុនបរទេស(ព្រោះគេគិតថាយើងជាក្រុមហ៊ុនក្នុងស្រុក) ខ្វះធនធានទុនបង្វិល ឬការយឺតយ៉ាវក្នុងការបញ្ចប់គំរោង ដែលមានហេតុផលផ្សេងៗ ដូចជាការដឹកជញ្ចូនសំភារ ការរង់ចាំធ្វើការងារពាក់ព័ន្ធគ្នាជាមួយក្រុមទឹកភ្លើង ម្ចាស់គំរោងបើកលុយឲ្យយឺត ។ល។ តែលោកនៅតែដោះស្រាយម្តងមួយៗបាន រហូតដល់អាចបញ្ចប់គំរោងសាងសង់ជាស្ថាពរ ដោយឈរលើស្មារតី ស្មោះត្រង់ និងមិនបោះបង់គំរោង តាមរយៈយុទ្ធសាស្រ្ត និយាយត្រង់ទៅត្រង់មកជាមួយភាគីពាក់ព័ន្ធ មាន ម្ចាស់គំរោង និងអ្នកផ្គត់ផ្គង់សំភារៈ។

 

ស្ថាបនិកវ័យក្មេងរបស់ Asia Point Investment & Development បានមានប្រសាសន៍ថា “ក្រុមហ៊ុន Asia Point Investment & Development និងខ្លួនខ្ញុំផ្ទាល់ យកភាពស្មោះត្រង់ជាដើមទុនមកបំពេញការងារ ដើម្បីចាប់យកទំនុកចិត្តអតិថិជន ចាប់តាំងពីពេលនៅធ្វើការ រហូតដល់ពេលធ្វើអាជីវកម្មខ្លួនឯង ជាហេតុនាំឲ្យខ្ញុំអាចបន្តឈរជើងនិងទទួលបានជោគជ័យមកទល់ពេលនេះ”។

 

លោកបន្ថែមទៀតថា ក្រៅពីទទួលបានប្រាក់ចំណូលពីអាជីវកម្ម លោកនៅតែចូលចិត្តរក្សាទំនាក់ទំនង និងអនុស្សាវរីយ៍ល្អៗ ជាមួយ អាជ្ញាធរពាក់ព័ន្ធ អតិថិជន (ម្ចាស់គម្រោង) អ្នកផ្គត់ផ្គង់សំភារៈ និងបុគ្គលិក កម្មករ។ ហើយកម្លាំងចិត្តដែលធ្វើអោយលោកបង្កើត និងខំថែរក្សាកេរ្តិ៍ឈ្មោះក្រុមហ៊ុននេះឲ្យមានដំណើរការល្អ ព្រោះលោកចង់ឲ្យ ក្រុមហ៊ុនសំណង់ អេស៊ា ផញថ៍ (Asia Point Investment & Development) បន្តដំណើរការរាប់រយជំនាន់ តកូនតចៅ របស់លោកក្រោយៗទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s