លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ Facebook ជាង ៤១៩ លាននាក់ ត្រូវបានរកឃើញលើប្រព័ន្ធអ៊ិនធឺណិត
អ្នកស្រាវជ្រាវផ្នែកសន្តិសុខ លោក Sanyam Jain បានរកឃើញបណ្ដុំទិន្នន័យនៅលើអ៊ិនធឺណិតដែលផ្ទុកទៅដោយលេខទូរស័ព្ទដែលជាប់ជាមួយនឹង IDs របស់អ្នកប្រើប្រាស់ហ្វេសបុកចំនួនជាង ៤១៩លាននាក់។ នេះបើយោងតាមការចុះផ្សាយរបស់ TechCrunch។
លេខទូរស័ព្ទដែលភ្ជាប់ជាមួយនឹង IDs របស់អ្នកប្រើប្រាស់វាជារឿងអាក្រក់ទៅហើយ ប៉ុន្តែនៅមានទិន្នន័យមួយចំនួនទៀតរួមមានទាំងឈ្មោះពិត ភេទ និងប្រទេសរបស់អ្នកប្រើប្រាស់ថែមទៀតផង។ លើសពីនេះទៀត ទិន្នន័យទាំងនោះមិនត្រូវបានធ្វើការការពារជាមួយនឹងលេខកូដសងាត់ថែមទៀត។
ក្រុមហ៊ុន Facebook បានប្រាប់ទៅកាន់ TechCrunch ថាបណ្ដុំទិន្នន័យទាំងនោះជាទិន្នន័យចាស់នោះទេ ហើយវាត្រូវបានទាញយកមុនក្រុមហ៊ុនធ្វើការបង្កើតបច្ចេកវិទ្យាការពារការទាញយកទិន្នន័យពីអ្នកប្រើប្រាស់ដោយប្រើប្រាស់លេខទូរស័ព្ទ កាលពីឆ្នាំមុន។
បើទោះជាទិន្នន័យលេខទូរស័ព្ទទាំងនោះផុតកាលកំណត់ក៏ដោយ ការអះអាងរបស់ក្រុមហ៊ុន Facebook ទិន្នន័យទាំងនោះជាទិន្នន័យចាស់និងមិនពាក់ព័ន្ធ។ ប៉ុន្តែមិនច្បាស់ថាទិន្នន័យទាំងអស់នោះត្រូវបានទាញយក ឬនរណាយកទៅស្ដុកទុកនៅលើប្រព័ន្ធអ៊ិនធឺណិតនោះទេ។
គួរបញ្ជាក់ផងដែរថា នេះគឺជារឿងអាស្រូវមួយទៀតដែលគួរឲ្យព្រួយបារម្ភនៃការបែកធ្លាយទិន្នន័យចេញពីក្រុមហ៊ុន Facebook បែបនេះ បន្ទាប់ពីទិន្នន័យរបស់ Instagram ប្រមាណ ៤៩ លាននាក់ត្រូវបានបែកធ្លាយរួចមកហើយ កាលពីខែឧសភាកន្លងទៅ៕
ដោយ៖ លង់ វណ្ណៈ